FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញ៖ ការប្រើប្រាស់ទឹកស្អាត និងទឹកមានអនាម័យ អាចជួយទប់ស្កាត់ការស្លាប់ ១.៤លាននាក់ ទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ

31-03-2026 16:26

(ភ្នំពេញ)៖ លោក ស៊ូ សុខគង់ ប្រធានកម្មវិធីនៃអង្គការ WaterAid Cambodia បានដកស្រង់របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ឆ្នាំ២០២៣ ដោយលើកឡើងថា ការប្រើប្រាស់ទឹកស្អាត និងទឹកមានអនាម័យ អាចជួយទប់ស្កាត់ការស្លាប់ ១.៤លាននាក់ ទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ។

អ្នកជំនាញរូបនេះ បានលើកឡើងក្នុងឱកាសវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) សម្ពោធយុទ្ឋសាស្រ្តនិងគម្រោង ឆ្នាំ២០២៦ លើប្រធានបទការតភ្ជាប់ភាពជាដៃគូ និងនវានុវត្តន៍ ដើម្បីការអភិវឌ្ឍក្នុងមូលដ្ឋាន ដោយជោគជ័យ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Novotel Phnom Penh BKK1 ដោយមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗប្រមាណ ១០០នាក់។

របាយការណ៍របស់អង្គការសុខភាពពិភពលោក ក៏បានបង្ហាញថា ភាគច្រើននៃការស្លាប់ទាំងនេះត្រូវបានសន្មតថាបណ្តាលមកពីជំងឺរាគរូស (ដូចជាអាសន្នរោគ និងរាកមួល) ប៉ុន្តែកង្វះខាត WASH ក៏រួមចំណែកយ៉ាងសំខាន់ដល់ការឆ្លងមេរោគផ្លូវដង្ហើម និងកង្វះអាហារូបត្ថម្ភ (ក្រិន) ផងដែរ។

បើតាមលោក ស៊ូ សុខគង់ ក្នុងរបាយការណ៍ដែលបានផ្សព្វផ្សាយជាច្រើន ក្រៅពីការសង្រ្គោះជីវិត ការវិនិយោគលើ WASH មានផលចំណេញខ្ពស់។ សម្រាប់រាល់ការវិនិយោគ ១ដុល្លារ មានការប៉ាន់ប្រមាណថា នឹងត្រលប់មកវិញ ៤.៣០ដុល្លារ តាមរយៈការកាត់បន្ថយថ្លៃសេវាថែទាំសុខភាព និងការបង្កើនផលិតភាព។

នៅឆ្នាំ២០២៦ ការផ្តោតជាសកល គឺលើការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ (SDG ៦) របស់អង្គការសហប្រជាជាតិ ដែលមានគោលបំណងសម្រាប់ការទទួលបានទឹក និងអនាម័យ ជាសកលនៅឆ្នាំ២០៣០។ ការឈានដល់គោលដៅនេះមិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្ស ១.៤លាននាក់នេះជារៀងរាល់ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងភាពធន់របស់ពិភពលោកប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត នាពេលអនាគតផងដែរ។

រដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញា​ចិត្ត​ចំពោះ​មនុស្ស​គ្រប់​រូប​ដែល​មាន​ទឹក​ស្អាត បង្គន់​សមរម្យ និង​អនាម័យ​ល្អ​នៅ​ឆ្នាំ​២០៣០ ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី៦ របស់​អង្គការសហប្រជាជាតិ៕