FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ក្រសួងធម្មការ និងសាសនា ណែនាំរាជធានី-ខេត្ត កុំឱ្យលេងល្បែង បាញ់ទឹក គប់ស្បោងទឹកកក ប៉ាតម្សៅ (Video inside)

31-03-2026 09:41

(ភ្នំពេញ)៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ក្រសួងធម្មការនិងសាសនា បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត កុំឱ្យលេងល្បែង ដូចជាបាញ់ទឹក គប់ស្បោងទឹកកក ប៉ាតម្សៅ ជាដើម ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។

សេចក្តីណែនាំរបស់ក្រសួងធម្មការ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា «ណែនាំគ្រប់វត្តអារាមឱ្យសហការជាមួយអាជ្ញាធរពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនបរិស័ទទូទៅបានធ្វើបុណ្យសុន្ទរ៍ទាន និងរៀបចំល្បែងប្រជាប្រិយនានា ក្នុងវត្តអារាម ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ ចត្រង្គឬអុក ចាប់កូនខ្លែង និងរបាំប្រជាប្រិយខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវាន់ ឡាំលាវ ឆៃយ៉ាំ ត្រុដិជាដើម ធានាឱ្យបាននូវភាពសប្បាយរីករាយ ភាតរភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងរក្សាឱ្យបាននូវអត្តសញ្ញាណ ប្រពៃណីជាតិខ្មែរ និងណែនាំកុំឱ្យលេងល្បែង ដូចជាបាញ់ទឹក គប់ស្បោងទឹកកក ប៉ាតម្សៅ។ល។ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ»។

ក្រសួងធម្មការ ក៏បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត ណែនាំដល់ព្រះមន្ត្រីសង្ឃស្រុក ព្រះចៅអធិការ អាចារ្យ គណៈកម្មការគ្រប់វត្តអារាមឱ្យយកព្រះទ័យ និងយកចិត្តទុកដាក់សម្អាត និងតុបតែងលម្អវត្តអារាម ឱ្យស្រមតាម អភិក្រម ស៣ (វត្តស្អាត វត្តស្វាង វត្តស្ងប់) របស់ក្រសួងធម្មការនិងសាសនា សម្រាប់វត្តអារាម ដោយរៀបចំឱ្យមានបរិស្ថានល្អ សមជាបូជនីយដ្ឋានគួរគោរពបូជា សម្រាប់បរិស័ទទូទៅ និងចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោកឱ្យបានសមរម្យ ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិតាមវត្តអារាម ស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះសង្ឃ ជូនសីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យជាដើម

ក្រសួងថែមទាំងណែនាំឱ្យគ្រប់វត្តអារាមរៀបចំឱ្យមានពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព វីរនគរបាល ដែលបានពលីជីវិតដើម្បីបុព្វហេតុការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ព្រមទាំងជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នៅតាមទីកន្លែង ដែលបានតម្កល់អដ្ឋិធាតុតាមបូជនីយដ្ឋាន និងតាមវត្តអារាមនានា។

ក្រសួងធម្មការ ព្រមទាំងបានណែនាំគ្រប់វត្តអារាមយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងប្រទីបផ្សេងៗ ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យ៕