សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅខេត្តពោធិ៍សាត់
30-03-2026 15:19
(ពោធិ៍សាត់)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយអង្គការ ឆឺជី ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ សរុបចំនួន ៤,០៥២ករណី ដែលប្រព្រឹត្តទៅក្នុងមណ្ឌលសុខភាពក្រគរ ស្រុកក្រគរ ខេត្តពោធិ៍សាត់ គិតចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។
ក្នុងរយៈពេលជាង ១៤ឆ្នាំមកនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតយ៉ាងឈ្លាសវៃរបស់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បាននិងកំពុងរំកិលសេវាសុខាភិបាលមកជិតប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ និន្នាការនយោបាយ ពណ៌សម្បុរ ថែមទាំងលើកកម្ពស់សុខុមាលភាពគ្រប់គ្នា ធានាដល់ជីវភាពរស់នៅឱ្យបានល្អប្រសើរជាលំដាប់។
សេវាព្យាបាលដែលសមាគម TYDA បានយកជូនប្រជាពលរដ្ឋមានដូចជាការពិគ្រោះ ពិនិត្យនិងព្យាបាលជំងឺទូទៅ ការពិនិត្យព្យាបាលសុខភាពមាត់ធ្មេញ ការព្យាបាលជំងឺឫសដូងបាត សន្លាក់ ភ្នែក ត្រចៀកច្រមុះបំពង់ក ជំងឺសើរស្បែក ជំងឺបេះដូង ជំងឺរោគស្រ្តី ការពិនិត្យអេកូស្ត្រីមានផ្ទៃពោះ អេកូពិនិត្យជំងឺផ្សេងៗ រួមទាំងការបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិដោយឥតគិតថ្លៃផងដែរ។
ដោយទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង មានសមាគមអង្គការនានាតែងមកសហការជាមួយ សមាគម TYDA ដូចជាក់ស្តែង អង្គការឆឺជី (Tzu Chi) ដែលតែងនាំគ្រូពេទ្យជំនាញមកចូលរួមបេសកកម្មពិនិត្យព្យាបាលជូនប្រជាជនកម្ពុជានៅតាមបណ្តាខេត្ត៕







































