អភិបាលខេត្តកំពត អញ្ជើញបើកវិញ្ញាសាប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីពន្ធនាគារ ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង
29-03-2026 19:09
(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីកាត់បើកកញ្ចប់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីពន្ធនាគារ ឆ្នាំ២០២៦ ដែលប្រារព្ធធ្វើឡើង នៅមណ្ឌលប្រឡង វិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង ស្ថិតក្នុងសង្កាត់កំពុងកណ្ដាល ក្រុងកំពត ខេត្តកំពត។
មានប្រសាសន៍នាឱកាសនោះលោក ម៉ៅ ធនិន បានលើកឡើងថា ការរៀបចំការប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារនេះ គឺជាដំណើរការសំខាន់មួយ ក្នុងការជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាព មានសុចរិតភាព និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើការងារនៅក្នុងវិស័យពន្ធនាគារ ដែលជាវិស័យទាមទារការងារយ៉ាងតឹងរឹង និងមានវិន័យខ្ពស់។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បេក្ខជនដែលមកប្រឡងទាំងអស់ ត្រូវប្រឹងប្រែងបញ្ចេញសមត្ថភាពរបស់ខ្លួនឱ្យអស់ ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនេះ ព្រោះបច្ចុប្បន្ន ការប្រឡងនីមួយៗ គឺពឹងផ្អែកលើសមត្ថភាពសុទ្ធសាធ សំខាន់ «អ្នកចេះ គឺជាប់»។ បច្ចុប្បន្នប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ក្រោមការដឹករបស់សម្តេចអិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចតែងតែផ្តល់ឱកាសដល់អ្នកដែលមានសមត្ថភាពពិតប្រាកដ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ មាតុភូមិ ឱ្យមានការរីកចម្រើន។
លោកអភិបាលខេត្ត ក៏បានណែនាំដល់គណៈកម្មការរៀបចំប្រឡងទាំងអស់ ត្រូវអនុវត្តតាមនីតិវិធីយ៉ាងតឹងរឹង ដោយគោរពគោលការណ៍តម្លាភាព ស្មើភាព និងយុត្តិធម៌ ដើម្បីធានាថា លទ្ធផលប្រឡងអាចទទួលយកបាន ពីសាធារណជន។
សូមបញ្ជាក់ថាបេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារ មានចំនួន ៤០១នាក់ ក្នុងនោះខេត្តកំពត មានចំនួន ១៩៣នាក់ ស្រី ៥៥នាក់, ខេត្តកែប មានចំនួន ៩៣នាក់ ស្រី ៥៦នាក់, ខេត្តព្រះសីហនុ មានចំនួន ៩៥នាក់ ស្រី ៥៨នាក់ និងខេត្តកោះកុង មានចំនួន ២០នាក់ ស្រី ១០នាក់។ សម្រាប់មណ្ឌលប្រឡង ស្ថិតក្នុងវិទ្យាល័យមិត្តភាពកម្ពុជា ជប៉ុន កំពតក្រុង បន្ទប់ប្រឡងមានចំនួន ១៧ បន្ទប់ ក្នុងនោះ ៖ ខេត្តកំពត មានចំនួន ៨បន្ទប់, ខេត្តកែប មានចំនួន ៤បន្ទប់, ខេត្តព្រះសីហនុ មានចំនួន ៤បន្ទប់ និងខេត្តកោះកុង មានចំនួន ១ បន្ទប់។
ការប្រឡងប្រជែងនេះត្រូវបានរំពឹងថា នឹងជួយជ្រើសរើសបានមន្ត្រី ដែលមានគុណភាព សមត្ថភាព និងឆន្ទៈខ្ពស់ ដើម្បីចូលរួមពង្រឹងប្រព័ន្ធពន្ធនាគារ និងការអនុវត្តច្បាប់នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងជឿទុកចិត្តបានពីសាធារណជន៕
















