FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦ ឈានដល់វគ្គផ្តាច់ព្រ័ត្រ និងបានរកឃើញម្ចាស់ជ័យលាភីហើយ

29-03-2026 19:02

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦ (1st Championships Latte Art ) ដែលមានការទទួលស្គាល់ពីស្ថាប័ន ICLA របស់ប្រទេសចិន ក្រោមប្រធានបទ «កាហ្វេបង្រួបបង្រួមយើងទាំងអស់» ដេីម្បីលេីកកម្ពស់ជំនាញផ្នែកឆុងកាហ្វេនៅកម្ពុជា ក៏ដូចជាដេីម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នោះ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ និងបានរកឃើញម្ចាស់ជ័យលាភី គិតត្រឹមល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ។

ពិធីប្រកាសជ័យលាភីជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦ បានធ្វើឡើងនៅសណ្ឋាគារ Oakwood Premier Phnom Penh, One park ក្រោមអធិបតីភាពលោក ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក Mo Shun Kan ប្រធានប្រតិបត្តិគណៈកម្មាធិការកិច្ចសហប្រតិបត្តិការឧស្សាហកម្ម RCEP រួមទាំងមានបេក្ខជន និងអ្នកពាក់ព័ន្ធជាច្រេីនរូបទៀត។

សូមបញ្ជាក់ដែរថា ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍សិល្បៈឡាតេអាតជើងឯកលើកទី១ មានការទទួលស្គាល់ពីស្ថាប័ន ICLA របស់ប្រទេសចិន។ ការចូលរួមរបស់បណ្តាក្រុមហ៊ុនក្នុងស្រុកដូចជា គិរីកាហ្វេ ត្រូវបានគេមើលឃើញថាជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការរុញច្រានឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានទទួលជោគជ័យក្នុងការរៀបចំកម្មវិធីខ្នាតអន្តរជាតិនេះ។

ថ្លែងនាឱកាសនោះលោក ឱក តារារិទ្ធិ បានបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍ដ៏មានសំខាន់មួយដើម្បីជំរុញដល់ការផ្លាស់ប្តូរ វប្បធម៌ទទួលទានកាហ្វេ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មសំខាន់ៗ រវាងកម្ពុជា-ចិន ក៏ដូចជាការគាំទ្រដល់ការអភិវឌ្ឍរួមបញ្ចូលគ្នានៃខ្សែ ច្រវាក់ឧស្សាហកម្មកាហ្វេល្បីៗក្នុងស្រុក ការបង្ហាញទេពកោសល្យរបស់ យុវជនកម្ពុជាលើជំនាញវិជ្ជាជីវៈឆុងកាហ្វេក្នុងកម្រិតអន្តរជាតិ។

តាមរយៈព្រឹត្តិការនេះ នឹងផ្តល់ឱកាសដល់អ្នកវិនិយោគិនចិនបង្កើននូវកិច្ចទំនាក់ ទំនងជាមួយអាជីវកម្មក្នុងស្រុក អ្នកចែកចាយក្នុងស្រុក និងអ្នកជំនាញ ឧស្សាហកម្មបានជួបពិភាក្សាគ្នា និងជំរុញព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្នុង គោលដៅរួមលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈទេសចរណ៍តាមរយៈការពង្រឹងសមត្ថភាព របស់អ្នកជំនាញផ្នែកឆុងកាហ្វេនៅកម្ពុជា និងការពង្រឹងសេវាកម្មម្ហូប នៅកម្មជាដើម្បីឆ្លើយតប អាហារនិងភេសជ្ជៈនៅកម្ពុជាដើម្បីឆ្លើយតបទៅ​នឹងកំណើនភ្ញៀវទេសចរ ជាតិ និងអន្តរជាតិផងដែរ។

ជាមួយគ្នានោះលោក ឱក តារារិទ្ធិ ក៏បានសូមអំពាវនាវឱ្យមានការបន្តគាំទ្រព្រឹត្តិការណ៍ ការប្រកួតសិល្បៈឡាតេអាតជើងឯកកម្ពុជា-ចិន សម្រាប់ឆ្នាំជាបន្តបន្ទាប់ទៀតឱ្យបានសស្រាក់សស្រាំ និងច្រើនកុះករ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យ ទេសចរណ៍កម្ពុជា ជាពិសេសជំរុញផ្សព្វផ្សាយដល់ឧស្សាហកម្មម៉ាយ (MICE: Meeting, Incentive, Convention, Exhibition) ព្រមទាំងការបង្ហាញទេពកោសល្យនិងជំនាញដ៏ប៉ិនប្រសព្វរបស់យុវជនកម្ពុជាលើ ជំនាញវិជ្ជាជីវៈផ្នែកឆុងកាហ្វេក្នុងកម្រិតអន្តរជាតិ កិច្ចជំនួបរវាងអាជីវកម្ម ទាំងក្រៅស្រុក និងក្នុងស្រុក ការនាំមកនូវបរិយាកាសវិនិយោគលើខ្សែ ច្រវាក់ផ្គង់ផ្គង់ថ្មីៗនៃវិស័យកាហ្វេក្នុងស្រុក ការបង្កើនពិពិធកម្មផលិតផល ទេសចរណ៍កាន់តែសម្បូរបែប និងភាពឆ្នៃប្រឌិតប្រកបដោយនវានុវត្តន៍ ដែលនឹងគាំទ្រដល់ការរីកចំរើន និងភាគធន់នៃវិស័យទេសចរណ៍កម្ពុជា។

នាឱកាសនោះដែរលោក ឱក តារារិទ្ធិ ក៏បានចូលរួមអបអរសាទរដល់អ្នកជំនាញទេសចរណ៍ទាំង ០៣រូប ដែលបានជាប់ជ័យលាភីជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦ នាពេលនេះ និងបានលើកទឹកចិត្តឱ្យមានការចូលរួមឱ្យបានច្រើនជាបន្តបន្ទាប់នៅឆ្នាំក្រោយទៀតផងដែរ។

សូម បញ្ជាក់ដែរថា ម្ចាសជ័យលាភីជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦ លេខ១ បានទៅលើលោក កែន ណាល់ ជាមួយរង្វានទឹកប្រាក់ចំនួន ៥០០ដុល្លារ ពាន ១ និងវិញ្ញាបនបត្របញ្ជាក់, លេខ២ បានទៅលើលោក ហ៊ុយ ឆេងលី ជាមួយរង្វានទឹកប្រាក់ចំនួន ៤០០ដុល្លារ ពាន ១ និងវិញ្ញាបនបត្របញ្ជាក់ និងលេខ៣ បានទៅលើលោក កុសល និស្ស័យ ជាមួយរង្វានទឹកប្រាក់ចំនួន ២០០ដុល្លារ ពាន ១ និងវិញ្ញាបនបត្របញ្ជាក់ផងដែរ៕