FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា និងក្រុមហ៊ុន Chinese Testing International ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលភាសាចិន និងការធ្វើតេស្តសមត្ថភាពភាសាចិន»

29-03-2026 12:36

(ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) និងក្រុមហ៊ុន Chinese Testing International (CTI) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលភាសាចិន និងការធ្វើតេស្តសមត្ថភាពភាសាចិន» ដើម្បីការពង្រឹង និងលើកកម្ពស់វិស័យអប់រំបណ្តុះបណ្តាល និងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ដោយមានការអញ្ជើញចូលរួមពី លោក ជួប ចំណាន នាយកវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា លោក Chad L នាយកមជ្ឈមណ្ឌលជាន់ខ្ពស់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈកម្ពុជា-ចិន ព្រមទាំងថ្នាក់ដឹកនាំស្ថាប័ន អង្គការ លោកគ្រូ អ្នកគ្រូ និងភ្ញៀវកិតិយសជាច្រើនរូប។

លោក ជួប ចំណាន បានលើកឡើងថា ភាពជាដៃគូនេះ មានគោលបំណង និងទស្សនវិស័យរួមមួយ ក្នុងការផ្តល់ការបណ្តុះបណ្តាលជំនាញភាសាចិន និងការធ្វើតេស្តកម្រិតសមត្ថភាពភាសាចិន ដែលទទួលស្គាល់ជាអន្តរជាតិ ដែលមជ្ឍមណ្ឌលសិក្សា និងធ្វើតេស្ត មានទីតាំងនៅវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជានេះផ្ទាល់តែម្តង។ សមិទ្ធផលនៃកិច្ចសហការនេះ នឹងកំណត់តាមរយៈការលើកម្ពស់លក្ខណៈសម្បត្តិដែលចាំបាច់របស់អ្នកសិក្សា ដើម្បីការរីកចម្រើន និងការចូលរួមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

លោកនាយករូបនេះ បានបន្ដថា ភាសាមិនមែនគ្រាន់តែជាមធ្យោបាយទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែជាស្ពាននាំទៅរកឱកាស។ ជាពិសេស ភាសាចិនមានតួនាទីសំខាន់ក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងការផ្លាស់ប្តូរវប្បធម៌ រវាងកម្ពុជា និង ចិន។ តាមរយៈការបង្កើតកិច្ចសហប្រតិបត្តិនេះ យើងកំពុងបើកផ្លូវថ្មីសម្រាប់សិស្ស និស្សិត អ្នកជំនាញ និងអ្នកស្វែងរកការងារ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងពង្រីកទស្សនៈរបស់ពួកគេ។ ពិធីនេះក៏ជាការប្រកាសផ្លូវការអំពី កិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ក្នុងការជំរុញឱកាសសិក្សា ការធ្វើតេស្ត និងឱកាសអាហារូបករណ៍ និងការពង្រឹងភាពជាដៃគូផ្នែកអប់រំ។ យើងជឿជាក់យ៉ាងមុតមាំថា គម្រោងនេះនឹងរួមចំណែកក្នុងការកសាងសមត្ថភាពសិស្ស-និស្សិត ដែលមានលក្ខណៈបត់បែន និងភ្ជាប់ជាមួយពិភពលោក។

បន្ថែមពីនេះ លោក ជួប ចំណាន បានរំពឹងថា កិច្ចសហប្រតិបត្តិនេះ នឹងបង្កើនការយល់ដឹងអំពីកម្មវិធីបណ្តុះបណ្តាល និងធ្វើតេស្តភាសាចិន ផ្តល់ឱកាសទទួលបានគុណវុឌ្ឍិដែលទទួលស្គាល់ជាអន្តរជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការនៅវិស័យអប់រំ និងបណ្តុះបណ្តាល។ ជាចុងក្រោយ វានឹងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដែលសមស្របនឹងតម្រូវការតំបន់ និងពិភពលោក។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ជួប ចំណាន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Chinese Testing International Co., Ltd. និង Apex Education សម្រាប់ការជឿទុកចិត្តក្នុងការបង្កើតឡើងនូវកិច្ចសហប្រតិបត្តិការ និងទស្សនវិស័យរួម។ យើងកំពុងកសាងគ្រឹះដ៏រឹងមាំសម្រាប់ភាពជាដៃគូរយៈពេលវែង និងលទ្ធផលដ៏មានអត្ថន័យ៕