FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្តីទីខេត្តស្ទឹងត្រែង អញ្ជើញកាត់បើកកញ្ចប់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីពន្ធនាគារ ឆ្នាំ២០២៦

29-03-2026 11:19

(ស្ទឹងត្រែង)៖ លោក ប៉ែន លីណាត អភិបាលស្តីទីខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់បើកកញ្ចប់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីពន្ធនាគារ ឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅមណ្ឌលប្រឡង វិទ្យាល័យព្រះរាជបូជនីយកិច្ច ខេត្តស្ទឹងត្រែង ក្រោមបរិយាកាសយ៉ាងតឹងរឹង មានវិន័យ និងតម្លាភាពខ្ពស់។

ក្នុងឱកាសនោះលោក ប៉ែន លីណាត បានបញ្ជាក់ថា ការរៀបចំការប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារនេះ គឺជាដំណើរការសំខាន់មួយក្នុងការជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាព មានសុចរិតភាព និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើការងារនៅក្នុងវិស័យពន្ធនាគារ ដែលជាវិស័យទាមទារការងារយ៉ាងតឹងរឹង និងមានវិន័យខ្ពស់។

លោកក៏បានណែនាំដល់គណៈកម្មការរៀបចំប្រឡងទាំងអស់ ត្រូវអនុវត្តតាមនីតិវិធីយ៉ាងតឹងរឹង ដោយគោរពគោលការណ៍តម្លាភាព ស្មើភាព និងយុត្តិធម៌ ដើម្បីធានាថា លទ្ធផលប្រឡងអាចទទួលយកបានដោយសាធារណជន។

ដំណើរការប្រឡងនេះ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ តាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំផ្ទាល់របស់ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការកណ្តាល ដោយមានការសហការយ៉ាងជិតស្និទ្ធរវាងក្រុមការងារចម្រុះថ្នាក់ខេត្ត និងក្រុមការងារមកពីក្រសួងមហាផ្ទៃ។ ការរៀបចំនេះបានផ្តោតសំខាន់លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ចៀសការលួចចម្លង ឬការបំពាននានា ដែលអាចប៉ះពាល់ដល់ភាពយុត្តិធម៌នៃការប្រឡង។

ជាមួយគ្នានេះ កម្លាំងសន្តិសុខ និងក្រុមការងារពាក់ព័ន្ធត្រូវបានចាត់តាំងឱ្យអនុវត្តភារកិច្ចយ៉ាងម៉ឺងម៉ាត់ ចាប់ពីដំណាក់កាលរៀបចំ ការចូលមណ្ឌលប្រឡង រហូតដល់បញ្ចប់ការប្រឡង ដើម្បីធានាថា ដំណើរការទាំងមូលប្រព្រឹត្តទៅដោយរលូន គ្មានភាពរអាក់រអួល និងគោរពតាមបទបញ្ជាដែលបានកំណត់។

សូមបញ្ជាក់ថា បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារ មកពីខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តរតនគីរី សរុបចំនួន ២៤៧ នាក់ ក្នុងនោះមានបេក្ខនារីចំនួន ៩០នាក់។ បេក្ខជនទាំងអស់ត្រូវបានរៀបចំឱ្យប្រឡងនៅមណ្ឌលវិទ្យាល័យព្រះរាជបូជនីយកិច្ច ខេត្តស្ទឹងត្រែង។

ការប្រឡងប្រជែងនេះ ត្រូវបានរំពឹងថា នឹងជួយជ្រើសរើសបានមន្ត្រីដែលមានគុណភាព សមត្ថភាព និងឆន្ទៈខ្ពស់ ដើម្បីចូលរួមពង្រឹងប្រព័ន្ធពន្ធនាគារ និងការអនុវត្តច្បាប់នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងជឿទុកចិត្តបានពីសាធារណជន៕