ឧបនាយករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន បើកការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦
28-03-2026 13:57
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី បេីកកម្មវិធីប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦ ដេីម្បីលេីកកម្ពស់ជំនាញផ្នែកឆុងកាហ្វេនៅកម្ពុជា ក៏ដូចជា ដេីម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ផងដែរ។
ពិធីនេះក៏មានការចូលរូមពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម) លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា, លោកឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ផន ណារ៉ា អគ្គលេខាធិការនៃអាជ្ញាធរជាតិអាវុធគីមី នៃក្រសួងការពារជាតិ,ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ,លោក Mo Shun Kan ប្រធានប្រតិបត្តិគណៈកម្មាធិការកិច្ចសហប្រតិបត្តិការឧស្សាហកម្ម RCEP រួមទាំងមានអ្នកពាក់ព័ន្ធជាច្រេីនរូបទៀត នៅសណ្ឋាគារ Oakwood Premier Phnom Penh, One park។
នាឱកាសនោះលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានចាត់ទុក កម្មវិធីការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិននៅថ្ងៃនេះ មិនត្រឹមតែជាការបង្ហាញពីសិល្បៈហត្ថកម្មកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពដ៏សំខាន់មួយក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌ និងឧស្សាហកម្មរវាងប្រទេសទាំងពីរ។
លោកបណ្ឌិតសភាចារ្យ បញ្ជាក់ទៀតា ប្រទេសកម្ពុជាមានវប្បធម៌កាហ្វេ ដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងជីវិតប្រចាំថ្ងៃ ដោយសារកាហ្វេត្រូវបានបញ្ចូលទៅក្នុងចង្វាក់នៃទីក្រុង និងសហគមន៍របស់ខ្លួនបែបធម្មជាតិ។ ចំណែកនៅក្នុងប្រទេសចិន ដោយមានខេត្តយូណាន ជាតំបន់ផលិតកម្មកាហ្វេចម្បងគេ លក្ខខណ្ឌធម្មជាតិអំណោយផល និងការកែលម្អគុណភាពជាបន្តបន្ទាប់ បាននាំឱ្យមានការអភិវឌ្ឍប្រព័ន្ធឧស្សាហកម្មកាហ្វេដ៏ទូលំទូលាយ ចាប់ពីការដាំដុះ និងការផលិតកែច្នៃ រហូតដល់ការដាក់ស្លាកសញ្ញា និងការទទួលទាន។
ឧបនាយករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន បញ្ជាក់ដែរថា កម្មវិធីប្រកួតនេះមិនត្រឹមតែជួយលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកាហ្វេពីភេសជ្ជៈប្រចាំថ្ងៃឆ្ពោះទៅរកទម្រង់ ដែលបង្កប់ទាំងការបង្ហាញពីវប្បធម៌ និងតម្លៃរបស់ឧស្សាហកម្មផងដែរ។
បន្ទាប់ពីពិធីបើកកម្មវិធីប្រកួតជើងឯកសិល្បៈឡាតេអាតរួចមក ក៏មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលបង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន នៅក្នុងវិស័យអភិវឌ្ឍន៍ឧស្សាហកម្មកាហ្វេ ការអប់រំ និងនវានុវត្តន៍ រវាងក្រុមហ៊ុន ភូអ៊ែរ អាស៊ីខាងត្បូង បច្ចេកវិទ្យា នវានុវត្តន៍ ផាក វិនិយោគ និងអភិវឌ្ឍន៍ និង CICC-YDD, មជ្ឈមណ្ឌលសេវាកម្មបុគ្គលិកផ្នែកឆុងកាហ្វេ Puer និង CICC- YDD, និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង One Park និង CICC-YDD។
សូមបញ្ជាក់ដែរថា ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍សិល្បៈឡាតេអាតជើងឯកលើកទី១ (1st Championships Latte Art ) ដែលមានការទទួលស្គាល់ពីស្ថាប័ន ICLA របស់ប្រទេសចិន។ ការចូលរួមរបស់បណ្តាក្រុមហ៊ុនក្នុងស្រុកដូចជា គិរីកាហ្វេ ត្រូវបានគេមើលឃើញថាជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការរុញច្រានឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានទទួលជោគជ័យក្នុងការរៀបចំកម្មវិធីខ្នាតអន្តរជាតិនេះ៕


























