សិស្សានុសិស្សជិត ៩០០នាក់ នៃសាលាបឋមសិក្សាចំបក់ ខេត្តកំពង់ស្ពឺ ទទួលឱវាទអប់រំចរិយាធម៌ សីលធម៌ គុណធម៌
28-03-2026 12:21
(កំពង់ស្ពឺ)៖ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះចៅអធិការវត្តចំបក់ និងជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ ស្តីទី នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បាននិមន្ត អប់រំចរិយាធម៌ សីលធម៌ គុណធម៌ ដល់សិស្សានុសិស្សប្រមាណ ៩០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន ចំបក់។ កម្មវិធីនេះដោយមានការសហការ និងនិមន្តពីសំណាក់លោក សាត ចាន់ធឿន នាយកសាលា និងលោកគ្រូ អ្នកគ្រូ ជាច្រើនរូបផងដែរ។
នៅក្នុងការផ្តល់ឱវាទនោះផងដែរ ព្រះរតនសោភ័ណ ម៉ន បឿន បានលើកយកតួនាទីសិស្សល្អ ៥យ៉ាង មកជាមេរៀនក្នុងការអប់រំសិស្សឱ្យបានស្គាល់ពីតួនាទីរបស់ខ្លួនដើម្បីក្លាយជាសិស្សល្អ។
បន្ថែមពីនេះ ព្រះអង្គក៏បានផ្ដល់នូវគន្លឹះសិក្សាតាមបែបព្រះពុទ្ធសាសនា និងការអប់រំចិត្តដល់សិស្សានុសិស្សដើម្បីប្រតិបត្តិក្នុងការសិក្សាប្រកបដោយប្រសិទ្ធផល និងយកមេរៀនទាំងនេះប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃ ដើម្បីទទួលបានសេចក្ដីសុខ សេចក្ដីចម្រើនដល់ខ្លួន គ្រួសារ និងសហគមន៍ដែលខ្លួនកំពុងរស់នៅ ជាពិសេសគន្លឹះធ្វើយ៉ាងណាឱ្យរៀនសូត្រឆាប់ចេះ ឆាប់ដឹង ឆាប់យល់ ចងចាំបានយូរ ព្រមទាំងបកស្រាយចម្ងល់របស់សិស្សានុសិស្សថែមទៀត។
តម្លៃអប់រំនៃការបណ្តុះធម្មចរិយា សីលធម៌ សុជីវធម៌ និងគុណធម៌ គឺមានសារសំខាន់ ដ្បិតវាជាគោលសម្រាប់ទូន្មានខ្លួនឱ្យមានចរិយាសណ្តាប់ធ្នាប់ល្អ មានសីលធម៌ វៀរចាកការប្រព្រឹត្តិទង្វើអាក្រក់ដែលមិនគប្បីធ្វើ ជាទង្វើដែលនាំខ្លួនទៅរកភាពអន្តរាយ ឬមិនមានឧត្តមភាព។ ពាក្យទូន្មាន ចូរធ្វើទង្វើល្អ កុំធ្វើអំពើអាក្រក់ ត្រូវដុសខាត់កាយ វាចា ចិត្តឱ្យល្អផូរផង់ ចូរអ្នកកុំប្រមាថក្នុងសង្ខារទាំងឡាយ គឺជាពាក្យទូន្មានដែលយើងទាំងអស់គ្នាសុទ្ធតែធ្លាប់បានឮជារឿយៗ ប៉ុន្តែទង្វើនៃបុគ្គលមួយចំនួន គឺប្រាសចាកពីពាក្យទូន្មានទាំងនេះ ដ្បិតការរស់នៅក្នុងសង្គមនីមួយៗរមែងប្រជុំទៅដោយមនុស្សគ្រប់ប្រភេទ គ្រប់ឋានៈ គ្រប់វ័យ ហើយតែងតែមានការប្រកួតប្រជែងគ្នាអត់ឈប់ឈរ។
គួររំលឹកផងដែរថា ព្រះរតនសោភ័ណ ម៉ន បឿន តែងតែចុះផ្តល់ឱវាទដល់សិស្សានុសិស្ស ជាច្រើនលើកមកហើយ នៅតាមបណ្តាសាលារៀនរដ្ឋ និងឯកជន នានា នៅទូទាំងខេត្តកំពង់ស្ពឺ ជាពិសេសស្រុកសំរោងទង បានចុះគ្រប់សាលារៀនរដ្ឋទាំងអស់រួមមាន៖ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ ការចុះផ្តល់ឱវាទនេះគឺជាការចូលរួមលើកកម្ពស់សីលធម៌ សុជីវធម៌ ដែលជាការចង់បានរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ចំពោះការបណ្តុះបណ្តាលនូវចំណេះដឹងផ្នែកសីលធម៌ ឱ្យបានដល់ប្អូនៗសិស្សគ្រប់កំរិត៕
