FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា ជំរុញ ការផ្សារភ្ជាប់អាទិភាពស្រាវជ្រាវជាតិ ទៅនឹងកាលានុវត្តភាពពាណិជ្ជកម្ម ដើម្បីពង្រឹងភាពប្រកួតប្រជែង

28-03-2026 08:02

(ភ្នំពេញ)៖ មន្ត្រី ជាន់ខ្ពស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា នៅក្នុងតំបន់ បានពិភាក្សាអំពីយុទ្ធសាស្ត្រពង្រឹងការស្រាវជ្រាវ និងនវានុវត្តន៍របស់កម្ពុជា ដោយផ្តោតលើសារសំខាន់ នៃការបំប្លែងលទ្ធផលស្រាវជ្រាវ ទៅជាអត្ថប្រយោជន៍ជាក់ស្តែង សម្រាប់សង្គមជាតិសំដៅរួមចំណែកដល់ដំណើរឆ្ពោះទៅ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។

កិច្ចពិភាក្សាទី២ ក្នុងទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលសម្របសម្រួលដោយ លោកសាស្ត្រាចារ្យបណ្ឌិត ឆែមគៀត រិទ្ធី ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានគណៈប្រឹក្សាយោបល់នៃក្រុមប្រឹក្សាជាតិ វ.ប.ន. បានផ្តោតលើតម្រូវការបន្ទាន់ក្នុងការពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ គ្រឹះស្ថានសិក្សា និងវិស័យឯកជន។

លោកបានលើកឡើងថា«នវានុវត្តន៍មិនមែនសំដៅត្រឹមតែលើបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែផ្តោត សំខាន់លើមនុស្ស និងអាជីវកម្ម។ ខណៈពេលដែលរាជរដ្ឋាភិបាលជាអ្នកកំណត់បទប្បញ្ញត្តិ និងគោលនយោបាយ វិស័យឯកជនគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការវិនិយោគ និងភាពជាអ្នកដឹកនាំដើម្បីធានា បាន នូវវឌ្ឍនភាពប្រកបដោយចីរភាព។»

កិច្ចពិភាក្សាបានឯកភាពគ្នាលើទស្សនៈសំខាន់ៗ ក្នុងការជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សាក្លាយជាមជ្ឈមណ្ឌល បណ្តុះ បណ្តាលធនធានមនុស្ស និងជាទីកន្លែងស្រាវជ្រាវដែលឆ្លើយតបផ្ទាល់ទៅនឹងតម្រូវការឧស្សាហកម្ម ដោយផ្សារ ភ្ជាប់អាទិភាពស្រាវជ្រាវជាតិ ទៅនឹងកាលានុវត្តភាពពាណិជ្ជកម្ម ដើម្បីពង្រឹងភាពប្រកួតប្រជែង។

ទន្ទឹមនឹងនេះ ការពង្រឹងកិច្ចសហការរវាងអ្នកស្រាវជ្រាវ ជាមួយកសិករក្នុងស្រុកនិងការរៀបចំក្របខ័ណ្ឌ សុខាភិបាល ឱ្យស្របតាមតម្រូវការជាក់ស្តែងរបស់កម្ពុជាគឺជាគន្លឹះដ៏សំខាន់សម្រាប់ធានាសន្តិសុខស្បៀង និងការបង្កើត ដំណោះស្រាយថែទាំសុខភាពប្រកបដោយ នវានុវត្តន៍ ខណៈដែលការបង្កើនកិច្ចសហ ប្រតិបត្តិការ ក្នុងតំបន់អាស៊ាន នឹងជួយរុញច្រានលទ្ធផលស្រាវជ្រាវទាំងនោះឱ្យឈានចូលទៅក្នុងទីផ្សារអន្តរជាតិប្រកបដោយប្រសិទ្ធភាព។

លោកបានរំលឹកថា ការផ្លាស់ប្តូរដែលយូរអង្វែង និងរឹងមាំ គឺអាស្រ័យលើការវិនិយោគលើជំនាញក្នុងស្រុក និងការកសាងស្ថាប័នឱ្យបានរឹងមាំ ដើម្បីធានាជោគជ័យក្នុងរយៈពេលវែង៕