FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយទាហានបន្តវេនសិង្ហបុរី២រូប បានមកដល់កម្ពុជា ដើម្បីចូលរួមសង្កេតការព្រំដែន ជាមួយក្រុមអ្នកសង្កេតការណ៍ AOT

27-03-2026 22:08

(ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍សិង្ហបុរី២នាក់ទៀត បានមកដល់ប្រទេសកម្ពុជានៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ ដើម្បីចូលរួមសង្កេតការព្រំដែន ជាមួយក្រុមអ្នកសង្កេតការណ៍ AOT។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងកម្ពុជាតិ។

ក្រុមអ្នកសង្កេតការសិង្ហបុរីនេះ គឺជានាយទាហានបន្តវេនដោយក្នុងនោះរួមមានដូចជា វរសេនីយ៍ត្រី WONG ZHENG, ERNEST និងព្រិន្ទបាលឯក SHASI KUMAR)។ ពួកគេបានមកដល់កម្ពុជាតាមច្រក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខេត្តសៀមរាប ក្រោមកិច្ចស្វាគមន៍ដោយ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា។

អ្នកនាំពាក្យក្រសួងកម្ពុជា បានអះអាងថា នាយទាហានទាំងពីររូបនោះ នឹងចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម។

បើតាមក្រសួងការពារជាតិ, កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕