គណៈប្រតិភូនៃគម្រោងថ្នាក់តំបន់មកពី១៥ប្រទេស លើជំនាញព្យាបាលជំងឺមហារីកដោយកាំរស្មី អញ្ជើញទស្សនកិច្ចស្វែងយល់ ពីការអភិវឌ្ឍមន្ទីរពេទ្យកាល់ម៉ែត
27-03-2026 22:01
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានទទួលស្វាគមន៍ដំណើរទស្សនគណៈប្រតិភូនៃគម្រោងថ្នាក់តំបន់ សម្រាប់ការកែលម្អសមត្ថភាពព្យាបាលដោយកាំរស្មីក្នុងស្ថាប័នសុខាភិបាលសាធារណៈ ដែលកំពុងអភិវឌ្ឍ (RAS6110) មកពី១៥ប្រទេស ដើម្បីស្វែងយល់ អំពីបេសកកម្ម និងការអភិវឌ្ឍរបស់មន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យរដ្ឋឈានមុខមួយនៅក្នុងប្រទេសកម្ពុជា។
ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងក្នុងពេលដែលគណៈប្រតិភូ RAS6110 បានអញ្ជើញចូលរួមកិច្ចប្រជុំពាក់កណ្តាលអាណត្តិ នៃគម្រោងថ្នាក់តំបន់របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ ។
ជាមួយគ្នានេះការទស្សនកិច្ចនៅផ្នែកព្យាបាលជំងឺមហារីកដោយកាំរស្មី របស់មន្ទីរពេទ្យកាល់ម៉ែត ជាផ្នែកមួយនៃកិច្ចប្រជុំ ដែលបណ្តាប្រទេសជាសមាជិកកិច្ចព្រមព្រៀងសហប្រតិបត្តិការតំបន់ (RCA) ក្នុងការអនុវត្តសកម្មភាពនៃគម្រោង អាចបានឃើញដោយផ្ទាល់នូវការផ្តល់សេវាព្យាបាលមួយនេះ នៅតាមប្រទេសដែលជាសមាជិក ជាពិសេសសម្រាប់លើកនេះ គឺនៅប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះគណៈប្រតិភូនៃគម្រោងថ្នាក់តំបន់ សម្រាប់ការកែលម្អសមត្ថភាពព្យាបាលដោយកាំរស្មីក្នុងស្ថាប័នសុខាភិបាលសាធារណៈដែលកំពុងអភិវឌ្ឍ (RAS6110) បានមើលឃើញ និងកោតសរសើរ ពីការរីកចម្រើនទាំងផ្នែកធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យ និងបានស្នើសុំលោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ចែករំលែកបទពិសោធ ទៅកាន់ប្រទេសដែលមានការអភិវឌ្ឍតិចតួចផងដែរ។
ទន្ទឹមនឹងនេះលោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងអំណរគុណគណៈប្រតិភូ RAS6110 ចំពោះការកោតសរសើរអំពីការអភិវឌ្ឍរបស់មន្ទីរពេទ្យ។
លោកសាស្រ្តាចារ្យ បន្តថាក្រោមការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកជាង២ពាន់នាក់ បូករួមនឹងហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ សម្ភារទំនើប បានធ្វើឱ្យមន្ទីរពេទ្យទទួលបានការទុកចិត្តខ្ពស់ ពីសំណាក់អ្នកជំងឺ នៅទូទាំងប្រទេស។
សូមជម្រាបថា គណៈប្រតិភូ RAS6110 ដែលមកពី១៥ប្រទេស រួមមាន៖ អូស្ត្រាលី បង់ក្លាដេស ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ណូវែលសេឡង់ ប៉ាគីស្ថាន ប៉ាឡូ ភីលីពីន ស្រីលង្ការ និងវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំពាក់កណ្តាលអាណត្តិ នៃគម្រោងថ្នាក់តំបន់របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលរៀបចំធ្វើឡើងពីថ្ងៃទី២៤ ដល់ ២៧ ខែមីនា ឆ្នាំ២០២៦ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ៕


















