អញ្ជើញទស្សនាស្តង់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងពិធីបុណ្យទន្លេនៅខេត្តក្រចេះ ដើម្បីស្វែងយល់ពីកម្មវិធី NoDrug និងទទួលវត្ថុអនុស្សាវរីយ៍
27-03-2026 21:15
(ក្រចេះ)៖ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងទេសចរណ៍ រដ្ឋបាលខេត្តក្រចេះ និងវិស័យឯកជន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC), ទឹកបរិសុទ្ធ ហាយធិច និងក្រុមហ៊ុនទេសចរណ៍ ឆាយផល 2World Travel បានរួមគ្នាផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន ព្រមទាំងជំរុញការប្រើប្រាស់កម្មវិធីទូរសព្ទដៃ "NoDrug" ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។
លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ និងលោក ឡោ សុវិជ្ជា បានបញ្ជាក់ថា នេះជាឱកាសដ៏ល្អក្នុងការបង្កើនការយល់ដឹងដល់មហាជនដែលមកកម្សាន្តក្នុងពិធីបុណ្យទន្លេ អំពីផលប៉ះពាល់នៃគ្រឿងញៀន និងអត្ថប្រយោជន៍នៃកម្មវិធី NoDrug ដើម្បីការពារខ្លួនឯង និងមនុស្សជាទីស្រឡាញ់។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កុំភ្លេចចូលទស្សនាស្តង់ពិព័រណ៍របស់អាជ្ញាធរជាតិ ដើម្បីសិក្សាស្វែងយល់បន្ថែម។ ក្រៅពីចំណេះដឹង បងប្អូនប្រជាពលរដ្ឋក៏នឹងទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើន រួមមាន៖ ឆ័ត្រ, មួក, ផ្លិត, ប្រតិទិន, កាបូបយួរ និងទឹកបរិសុទ្ធ ផងដែរ។





























