FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត ជា មុនីឫទ្ធិ៖ គំនិតផ្តួចផ្តើមអរិយធម៌សកល «បេតិកភណ្ឌ ជាស្ពានភ្ជាប់មនុស្សជាតិ»

27-03-2026 21:02

(ភ្នំពេញ)៖ បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News ថា ពិភពលោកនៅចាំយ៉ាងច្បាស់ថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានស្នើគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលជាគំនិតសំខាន់មួយដែលលើកឡើងពីការគោរពភាពចម្រុះនៃវប្បធម៌ និងអរិយធម៌របស់ប្រជាជាតិទាំងអស់នៅលើ ពិភពលោក។

លោកបណ្ឌិតថា គំនិតផ្តួចផ្តើមនេះ ផ្តោតលើការសន្ទនា ការផ្លាស់ប្តូរ និងការរៀនពីគ្នាទៅវិញទៅមក ជំនួសឲ្យការប្រកួតប្រជែង ឬការប៉ះទង្គិចអរិយធម៌។ ក្នុងបរិបទសកលភាវូបនីយកម្ម អរិយធម៌មិនមែនជាឧបសគ្គទេ ប៉ុន្តែជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍ និងសន្តិភាព។ ការយល់គ្នារវាងវប្បធម៌ផ្សេងៗ អាចជួយកាត់បន្ថយជម្លោះ និងបង្កើនការសហប្រតិបត្តិការអន្តរជាតិ។

ជាសច្ចភាព អរិយធម៌សកលក៏ជំរុញឲ្យមានការអភិរក្សបេតិកភណ្ឌវប្បធម៌ ដែលជាសម្បត្តិរួមរបស់មនុស្សជាតិ។ ពីប្រាសាទបុរាណទៅដល់ប្រពៃណី និង ភាសាបេតិកភណ្ឌទាំងនេះជាភស្តុតាងនៃប្រវត្តិសាស្ត្រ និងអត្តសញ្ញាណ ដែលត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ដោយសារតែពិភពលោកកាន់តែភ្ជាប់គ្នា អរិយធម៌សកលក្លាយជា គន្លងសំខាន់មួយសម្រាប់ការកសាងអនាគត ដែលផ្អែកលើការយល់គ្នា ការគោរព និងការរួមរស់ជាមួយគ្នាដោយសន្តិភាព។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកបណ្ឌិត ជា មុនីឬទ្ធិ។

លោកបណ្ឌិត បានបន្តថា បេតិកភណ្ឌវប្បធម៌ គឺជាស្នាដៃនៃអរិយធម៌មនុស្សដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ វាមានទាំងទម្រង់រូបី ដូចជាប្រាសាទ សំណង់បុរាណ និងទីតាំងប្រវត្តិសាស្ត្រ និងទម្រង់អរូបី ដូចជាប្រពៃណី ភាសា សិល្បៈ និង ទំនៀមទម្លាប់។ នៅកម្ពុជា បេតិកភណ្ឌដ៏អស្ចារ្យដូចជា ប្រាង្គប្រាសាទអង្គរមិនត្រឹមតែជាសញ្ញានៃអរិយធម៌ខ្មែរទេ ប៉ុន្តែជាសម្បត្តិសកលដែលទាក់ទាញការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ។ ដូចគ្នានេះដែរ តំបន់ប្រាសាទអង្គរ ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក ក៏បង្ហាញពីប្រវត្តិសាស្ត្រយូរអង្វែងនៃឫទ្ធានុភាពនៃអាណាចក្រខ្មែរនា អតីតកាលផងដែរ។ ក្នុងលំនាំនេះ នៅក្នុងប្រទេសចិនរួមមាន មហាកំផែងចិន រាជវាំងចិន និងតំបន់ជាច្រើនទៀត សុទ្ធសឹងបង្ហាញពីអំណាចអរិយធម៌ និងបច្ចេកវិទ្យា ស្ថាបត្យកម្មបុរាណដ៏អស្ចារ្យ។ ការយល់ដឹងសំខាន់នោះគឺ បេតិកភណ្ឌទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ជាតិណាមួយទេ ប៉ុន្តែជាកម្មសិទ្ធិរួមរបស់មនុស្សជាតិដែលត្រូវការ ការពារដោយសហគមន៍អន្តរជាតិ ហើយត្រូវផ្តន្ទាទោសចំពោះជនទាំងឡាយណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌ ណាក៏ដោយរបស់មនុស្សជាតិ។

អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រូបនេះមើលឃើញថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន នៅវិស័យបេតិកភណ្ឌ គឺជាឧទាហរណ៍ច្បាស់លាស់នៃការអនុវត្តគំនិត អរិយធម៌សកល។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក អ្នកជំនាញចិនបានចូលរួមយ៉ាងសកម្មក្នុងការជួសជុល និង អភិរក្សប្រាសាទបុរាណនៅកម្ពុជា ពិសេសនៅតំបន់អង្គរ។ កិច្ចសហការរបស់ចិនក្នុងការចូលរួមចំណែកជួសជុល ប្រាសាទនៅក្នុងតំបន់អង្គរនេះមានអត្ថន័យលើសពីការអភិរក្សបេតិកភណ្ឌ ដោយសារតែវាបង្កើតការផ្លាស់ប្តូរ បច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន។

ការអភិរក្សបេតិកភណ្ឌមិនគួរត្រូវបានយល់ថាជាការរក្សាទុកអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែគួរត្រូវបានភ្ជាប់ជាមួយ ការច្នៃប្រឌិត និងការអភិវឌ្ឍសេដ្ឋកិច្ចចីរភាព។ កម្ពុជានិងចិន អាចពង្រឹងកិច្ចសហការនៅវិស័យនេះ ដើម្បីបង្កើតគំរូ ថ្មីសម្រាប់ការអភិរក្សសម័យទំនើប។ ជាមួយគ្នានេះ ការចូលរួមរបស់យុវជន និងសហគមន៍មូលដ្ឋាន គឺជាចំណុច សំខាន់ក្នុងការធានាថា បេតិកភណ្ឌនឹងបន្តរស់នៅក្នុងជីវិតប្រចាំថ្ងៃ។

ជាការកត់សម្គាល់ សម្រាប់កម្ពុជានិងចិន កិច្ចសហការនៅវិស័យនេះ គឺជាការបង្ហាញពីការចូលរួមយ៉ាងសកម្មក្នុងការកសាងសហគមន៍ អរិយធម៌មនុស្សជាតិ ដែលផ្អែកលើការយល់គ្នា ការគោរព និងការចែករំលែក។ ក្នុងន័យនេះ បេតិកភណ្ឌមិនមែន ជារបស់អតីតកាលទេ ប៉ុន្តែជាគន្លងសម្រាប់អនាគត ហើយជាអនាគតដែលត្រូវបានកសាងឡើងដោយការសហការ របស់មនុស្សជាតិទាំងមូលដែលជាការបញ្ជាក់ថា គំនិតផ្តួចផ្តើមអរិយធម៌សកលបានបង្ហាញពីទស្សនវិស័យថ្មីមួយ សម្រាប់ការគ្រប់គ្រងភាពចម្រុះអរិយធម៌ក្នុងពិភពលោក។ ការអភិរក្ស និងការពារបេតិកភណ្ឌ មិនមែនជាការងារ បច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងជាការងារគាំទ្រដល់ផ្នែកនយោបាយ វប្បធម៌ និងមនុស្សធម៌ទៀតផង៕