FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកដាក់ប្រាក់បញ្ញើរបស់ធនាគារ ផេនដា ដែលបានដាក់ពាក្យស្នើសុំផ្តល់សំណង អាចមកទទួលសំណងវគ្គទី១ ចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦

27-03-2026 19:30

(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អឹខោនធីង ឯ.ក (Morisonkak MKA Audit-Accounting Co., Ltd) ដែលត្រូវបានតែងតាំងដោយធនាគារជាតិនៃកម្ពុជាធ្វើជាអ្នកជម្រះបញ្ជីធនាគារ ផេនដា ខមមើសល ប៊ែង ម.ក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បានជូនដំណឹងដល់អ្នកដាក់ប្រាក់បញ្ញើរបស់ធនាគារ ផេនដា ដែលបានដាក់ពាក្យស្នើសុំផ្តល់សំណង អាចមកទទួលសំណងវគ្គទី១ ចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅការិយាល័យ ធនាគារដែលមានទីតាំងនៅអគារលេខ ៦២ ផ្លូវ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អឹខោនធីង ឯ.ក (Morisonkak MKA Audit-Accounting Co., Ltd) បានបញ្ជាក់ថា ក្រោយពីបានពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា និងដើម្បីសម្រាលបន្ទុករបស់អ្នកដាក់ប្រាក់បញ្ញើមួយចំនួនដែលមានតម្រូវការសាច់ប្រាក់ជាចាំបាច់ អ្នកជម្រះបញ្ជីបាន សម្រេចអនុវត្តការទូទាត់សំណងដល់អ្នកដាក់ប្រាក់បញ្ញើជាច្រើនវគ្គ។ បច្ចុប្បន្នការជម្រះបញ្ជីរបស់ធនាគារមិនទាន់ បានចប់សព្វគ្រប់នៅឡើយទេ ប៉ុន្តែអ្នកជម្រះបញ្ជីបានបំប្លែងទ្រព្យសកម្មរបស់ធនាគារទៅជាសាច់ប្រាក់បានខ្លះ ដែលអាចទូទាត់សងអតិថិជនមួយចំណែកសិន។ ដូច្នេះ ក្នុងវគ្គទី១ អ្នកជម្រះបញ្ជី សូមអញ្ជើញអ្នកដាក់ប្រាក់បញ្ញើ ដែលបានដាក់ពាក្យស្នើសុំផ្តល់សំណងមកទទួលសំណង ចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅការិយាល័យ ធនាគារដែលមានទីតាំងនៅអគារលេខ ៦២ ផ្លូវ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយ ភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធ។ ការទូទាត់សងអ្នកដាក់ប្រាក់បញ្ញើ នឹងត្រូវបន្តអនុវត្ត នៅពេលដែលទ្រព្យសកម្ម របស់ធនាគារត្រូវបានបំប្លែងជាសាច់ប្រាក់ជាបន្តបន្ទាប់។

ការផ្តល់សំណងនឹងត្រូវធ្វើឡើងតាមរយៈ ១- ការផ្ទេរតាមគណនីធនាគារ សម្រាប់អ្នកដាក់ប្រាក់បញ្ញើដែល បានផ្តល់ព័ត៌មានគណនីធនាគារ និង ២-ការផ្តល់សំណងដោយផ្ទាល់ នៅការិយាល័យធនាគារតាមអាសយដ្ឋានខាងលើ សម្រាប់អ្នកដាក់ប្រាក់បញ្ញើដែលពុំបានផ្តល់ព័ត៌មានគណនីធនាគារក្នុងពាក្យស្នើសុំទាមទារសំណង។

អ្នកជម្រះបញ្ជី ក៏សូមជម្រាបជូនសាធារណជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆបោករបស់ ជនឆ្លៀតឱកាសមួយចំនួនដែលអះអាង ឬធានាសម្របសម្រួលផ្តល់សំណងប្រាក់បញ្ញើ ឬសំណងផ្សេងៗដល់ អតិថិជនរបស់ធនាគារ ដោយតម្រូវអតិថិជនបង់កម្រៃសេវាផ្សេងៗ ឬទទួលយកសំណងក្នុងទំហំទឹកប្រាក់ណាមួយ។

សូមបញ្ជាក់ជូនផងដែរថា មានតែក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អឹខោនធីង ឯ.ក ដែលជាអ្នកជម្រះបញ្ជី ស្របច្បាប់សម្រាប់អនុវត្តនីតិវិធីជម្រះបញ្ជីធនាគារ ផេនដា ខមមើសលប៊ែង ម.ក ប៉ុណ្ណោះ ដែលមានសិទ្ធិចាត់ចែង ទ្រព្យសម្បត្តិនិងបំណុលនានារបស់ធនាគារស្របតាមច្បាប់និងបទប្បញ្ញត្តិ នានាជាធរមាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមការងារជម្រះបញ្ជីតាមរយៈទូរសព្ទលេខ ០២៣ ៨៨៨ ៨០២ និង ០១៨ ២៨២ ៨៤៤៤ (តេឡេក្រាម)៕