អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះ MoU កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ
27-03-2026 15:56
(កំពង់ចាម)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្រោមអធិបតីភាព លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីរៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅសម្រេចឲ្យបាននូវការងារជាអាទិភាព គឺការបង្កើតយន្តការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការ ដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទ ឲ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា អនុស្សារណៈនៃការយោគយល់គ្នា នឹងរួមគ្នាចុះហត្ថលេខានាពេលនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូសំដៅរួមគ្នា លើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទ តាមរយៈការសម្របសម្រួល ដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។ ផ្អែកតាមអនុស្សារណៈ នៃការយោគយល់គ្នានេះ អ.ដ.ក និងរដ្ឋបាលខេត្តកំពង់ចាម នឹងធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ។
លោកបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារ បច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ចាម បានខិតខំប្រឹងប្រែង យកអស់កម្លាំង កាយចិត្ត សហការគ្នាយ៉ាងជិតស្និត ក្នុងការចរចាពិភាក្សា និងរៀបចំឡើងដោយជោគជ័យ នៃអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្របសម្រួលផ្សះផ្សាវិវាទ រហូតឈានដល់ការចុះហត្ថលេខានាឱកាសនេះ៕










