FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំខេត្តកំពង់ធំ លើកទឹកចិត្តយុវជនត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងគោរពតម្លៃប្រពៃណីជាតិឲ្យបានខ្ពស់

27-03-2026 15:52

(កំពង់ធំ)៖ លោក ហាន កុសល អភិបាលរងខេត្តកំពង់ធំ លើកទឹកចិត្តដល់យុវជនត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងគោរពតម្លៃប្រពៃណីជាតិឲ្យបានខ្ពស់ ព្រោះវប្បធម៌ជាដើមកំណើតនៃអត្តសញ្ញាណជាតិ។ លោក ហាន កុសល បានថ្លែងក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ៣ មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ (យុវជនដើម្បីវប្បធម៌ជាតិ) នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ក្នុងសាលប្រជុំប្រាសាទសំបូរព្រៃគុក នៃរដ្ឋបាលខេត្តកំពង់ធំ។

លោកបានបន្តថា ក្នុងការសិក្សារៀនសូត្រឲ្យទទួលបានជោគជ័យមនុស្សម្នាក់ៗ ត្រូវតែមានកត្តាធំៗ៤សំខាន់ ដើម្បីសម្រេចគោលដៅក្នុងជីវិតគឺ៖

*ទី១៖ ចំណេះដឹងដើម្បីឲ្យខ្លួនឯងមានសមត្ថភាព បទពិសោធន៍ និងជំនាញពិតប្រាកដនៅក្នុងជីវិត ការខិតខំប្រឹងប្រែងរៀនសូត្រ ត្រូវអភិវឌ្ឍខ្លួនឯងឲ្យមានអាជីពពិតប្រាកដ ក្នុងការកសាងអនាគតឲ្យបានភ្លឺស្វាង
*ទី២៖ ជំនាញត្រូវតែមានសីលធម៌ ជីវធម៌ គុណធម៌ ដើម្បីដឹកនាំប្រកបដោយយុត្តិធម៌ត្រឹមត្រូវ និងតម្លាភាព ជាគុណតម្លៃរបស់មនុស្ស
*ទី៣៖ សុខភាពដើម្បីឲ្យការងារមួយសម្រេចទៅបានសំខាន់ ត្រូវមានសុខភាពឲ្យបានល្អ បរិភោគអាហារឲ្យបានត្រឹមត្រូវ ឧស្សាហាត់ប្រាណ កាត់បន្ថយគ្រឿងស្រវឹង និងគ្រឿងកំប៉ុងផ្សេងៗ
*ទី៤៖ មូលធនមនុស្ស ប្រជាជនខ្មែរយើងត្រូវមានភាពធន់ ចូលរួមចំណែកសាមគ្គីគ្នា ធ្វើការអភិវឌ្ឍសង្គមជាតិប្រកបដោយនិរន្តរភាព។

លោក ហាន កុសល បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់បន្តខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងគោរពតម្លៃប្រពៃណីជាតិឲ្យបានខ្ពស់ វប្បធម៌ជាដើមកំណើត នៃអត្តសញ្ញាណជាតិ ហើយសិល្បៈជាកញ្ចក់បង្ហាញពីអរិយធម៌របស់សង្គមយើង។ បង្ហាញភាពទំនួលខុសត្រូវ ខិតខំស្រាវជ្រាវ និងច្នៃប្រឌិត ដើម្បីថែរក្សា និងលើកតម្កើងបេតិកភណ្ឌវប្បធម៌ជាតិឲ្យកាន់តែរីកចម្រើន។ ការងារដែលអ្នកកំពុងធ្វើ មិនត្រឹមតែជាការសិក្សាទេ ប៉ុន្តែជាការចូលរួមក្នុងការអភិរក្សអត្តសញ្ញាណ និងកេរ្តិ៍ឈ្មោះរបស់ជាតិផងដែរ។

តាមការបញ្ជាក់ពីលោក ហ៊ិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានឲ្យដឹងថា ចំពោះសម្បត្តិវប្បធម៌អរូបី មកទល់បច្ចុប្បន្ន មន្ទីរបានតម្លើងស្នាដៃ សិល្បៈទស្សនីយភាពថ្មី ចំនួន៣៤ស្នាដៃ រាល់ពេលដែលស្នាដៃទាំងនោះ ចូលរួមប្រកួតប្រជែងពានរង្វាន់ថ្នាក់ជាតិ គឺតែងតែទទួលបាននូវលទ្ធផលគួរជាទីគាប់ប្រសើរក្នុងនោះមាន៖ របាំកួយស្លដែកត្រឡែកកំពង់ធំ និងល្ខោនបាសាក់រឿងដាវដែកកំពង់ស្វាយ ទទួលបានចំណាត់ថ្នាក់លេខ១ទូទាំងប្រទេស។

លោកបានបន្តថា ដើម្បីផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ឲ្យកាន់តែទូលំទូលាយ ក្រុមសិល្បៈរបស់មន្ទីរបានចេញសំដែងនៅសួនច្បារស្ទឹងសែន ចំនួន៤លើក ជូនសាធារណជនទូទៅទស្សនា ហើយមន្ទីរបានធ្វើការបណ្តុះបណ្តាលសិល្បៈ ជូនដល់អ្នកជំនាន់ក្រោយជារៀងរាល់ឆ្នាំ និងបានបញ្ជូនមន្ត្រីជំនាញសិល្បៈចុះបង្ហាត់សិល្បៈរបាំ និងតន្ត្រីនៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ថែមទៀតផង៕