អភិបាលស្រុកតាំងគោក បញ្ជាក់ពីអត្ថន័យដ៏ពិសេសនៃឈ្មោះស្តង់ «តាំងគោកជម្រកស្នេហ៍» ត្រៀមតាំងបង្ហាញក្នុងពិធីបុណ្យចូលឆ្នាំថ្មី (Video inside)
27-03-2026 14:15
(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំនៅពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានចូលមកដល់ គ្រប់បណ្តារាជធានី-ខេត្ត តែងតែមានការរៀបចំជាទីតាំងកន្លែងកម្សាន្តសម្រាប់ប្រជាពលរដ្ឋ ក្នុងឱកាសថ្ងៃឈប់សម្រាក ក៏ដូចការរៀបចំជាស្តង់តាំងបង្ហាញផលិតផលសម្រាប់ស្រុកនីមួយៗ ដើម្បីបង្ហាញដលប្រជាពលរដ្ឋទៅដើរទស្សនាកម្សាន្តផងដែរ, ឆ្នាំនេះក៏មិនខុសពីរាល់ឆ្នាំផងដែរ រដ្ឋបាលស្រុកតាំងគោក នៃខេត្តកំពង់ធំ បានចាប់ផ្តើមរៀបចំជាបណ្តើរហើយនូវស្តង់របស់ខ្លួនក្រោមឈ្មោះដ៏មានអត្ថន័យគឺ «តាំងគោកជម្រកស្នេហ៍» ។
ថ្លែងប្រាប់បណ្តាញព័ត៍មាន Fresh News នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសកំពុងដឹកនាំរៀបចំស្តង់នេះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានបញ្ជាក់ថា «ឈ្មោះស្តង់ « តាំងគោកជម្រកស្នេហ៍» មានអត្ថន័យចង់បញ្ជាក់ថា នៅក្នុងស្រុកតាំងគោក ជាស្រុកមួយដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់ រាប់អាន ជឿជាក់គ្នាទៅវិញទៅមក ទោះបីនៅក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ គឺយើងបានរួបរួមស្រលាញ់សាមគ្គីគ្នា មូលជាមតិគ្នា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងអភិបាលខេត្តកំពង់ធំ គឺមានការឯកភាព និងបន្តអនុវត្តគាំទ្រ គ្រប់ដំណាក់កាលទោះបីនៅក្នុងដំណាក់កាលណាក៏ដោយ បងប្អូនជាពលរដ្ឋនៅក្នុងស្រុកតាំងគោក ក៏ដូចជាព្រះសង្ឃក្នុងស្រុកតាំងគោក តែងតែរួមគ្នាគាំទ្រអនុវត្តនូវស្មារតីជាតិនិយម ការស្រឡាញ់គ្នាក្រោមការដឹកនាំរបស់រដ្ឋាភិបាល ប្រកបដោយបេះដូងមានភាពតែមួយ»។
លោក ហាក់ ម៉ុងហួត បានបញ្ជាក់ទៀតថា ឆ្នាំនេះស្រុកតាំងគោក បានរៀបចំតាំងបង្ហាញជូនពលរដ្ឋមកទស្សនាកម្សាន្តនាឱកាសពិធីបូណ្យចូលឆ្នាំថ្មីខាងមុខនេះ មានដូចជា ជាឧបករណ៍ខ្មែរបុរាណ, ឧបករណ៍កិនស្រូវ ឬការផលិតនូវអង្ករ ដែលរួមមាន ក្បាល់កិនស្រូវ ត្បាល់បុកអង្ករ ដើម្បីជាសញ្ញាណមួយ ដើម្បីគាស់រំលើង រំលឹកឡើងវិញនូវឧបករណ៍ដូនតារបស់យើង ដែលមានតាំងពីបុរាណមកផងដែរ រួមទាំងមានឧបករណ៍ផ្សេងៗជាច្រើនទៀត៕
ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក៖


























