រដ្ឋមន្រ្តី៖ ប្រជាជនកម្ពុជាគ្រប់វ័យត្រូវមានផ្នត់គំនិតនវានុវត្តជានិច្ច និងប្រកាន់ទស្សនវិទ្យាបង្កើតនូវគុណតម្លៃសម្រាប់សង្គមជាតិ ព្រមទាំងឥរិយាបថមានដំណោះស្រាយលើរាល់បញ្ហាប្រឈម (Video inside)
27-03-2026 13:51
(ភ្នំពេញ)៖ ក្នុងឱកាសថ្លែងសន្ទរកថាគន្លឹះក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ លោក ហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ប្រជាជនកម្ពុជាគ្រប់វ័យត្រូវមានផ្នត់គំនិត នវានុវត្តជានិច្ច ព្រមទាំងប្រកាន់នូវទស្សនវិទ្យាបង្កើតនូវគុណតម្លៃសម្រាប់សង្គមជាតិ និងឥរិយាបថមានដំណោះស្រាយលើរាល់បញ្ហាប្រឈម ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា។
លោកបានលើកឡើងថា ស្របពេលដែលនវានុវត្តនៅលើពិភពលោកបានវិវត្តយ៉ាងឆាប់រហ័សទៅលើ ការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងសង្គម និងការផ្តល់សេវាសាធារណៈ ដើម្បីបម្រើដល់ប្រជាពលរដ្ឋរបស់ខ្លួន ក្រសួងឧស្សាហកម្ម បានបង្កើតបរិយាកាស និងលក្ខខណ្ឌអំណោយផល ដើម្បីឱ្យនវានុវត្តរីកចម្រើន។ ហើយក្រសួងមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងមូលដ្ឋានគ្រឹះសំខាន់ៗ ដែលអាចជំរុញនវានុវត្តទូទាំងប្រទេស រួមមាន អភិបាលកិច្ច និងតួនាទីជាអ្នកសម្របសម្រួលគោលនយោបាយជាតិ។ នវានុវត្តន៍ គឺជាអទិភាព សំខាន់មួយដែលមានភាពប្រទាក់ក្រឡា ជាមួយវិស័យជាច្រើន ដូចជា អប់រំ ហិរញ្ញវត្ថុ ឧស្សាហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល សហគ្រិនភាព និងតួអង្គសេដ្ឋកិច្ចផ្សេងៗទៀត។ដូច្នេះការធ្វើអភិបាលកិច្ចរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាគន្លឹះក្នុងការសម្រេចបាននូវវត្ថុបំណង និងធានាថា គោលនយោបាយនានាមានសង្គត់ភាព និងបន្ថែមគ្នាទៅវិទៅមក។
បន្ថែមពីនេះ ក្រសួងជំរុញការអភិវឌ្ឍន៍មូលធនមនុស្ស ការលើកកម្ពស់ជំនាញស្ទែម និងបណ្តុះអ្នកវិទ្យាសាស្រ្ត វិស្វករ នវានុវត្តករ និងសហគ្រិន , គាំទ្រការស្រាវជ្រាវ និង អភិវឌ្ឍន៍ R&D ទាំងក្នុងមន្ទីរពិសោធ៍ និងការស្រាវជ្រាវជាក់ស្តែង, បង្កើតបរិយាកាសសមស្របដើម្បីជួយសម្រួលដល់ការកសាងសមត្ថភាពរបស់សហគ្រាសក្នុងស្រុក តាមរយៈការរៀបចំយន្តការផ្ទេរ ដើម្បីឱ្យសហគ្រាសក្នុងស្រុកអាចចាប់យកបច្ចេកវិទ្យាទៅអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។
លោក ហែម វណ្ឌឌី លើកឡើងបែបនេះ ធ្វើឡើងក្នុងវេទិកាពិភាក្សា ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដែលបានរៀបចំឡើងរយៈពេលបីថ្ងៃ នៅមជ្ឈមណ្ឌលកោះពេជ្រ។
សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោករដ្ឋមន្រ្តី ហែម វណ្ឌឌី៖
