FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ណែនាំឲ្យក្រុមការងារយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមអនុវត្ត យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

26-03-2026 18:08

(ភ្នំពេញ)៖ លោកបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. នៅថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃអគ្គលេខាធិការដ្ឋាន គ.ល.ក. ដើម្បីពិនិត្យសមិទ្ធកម្មការងារ ក្នុងឆ្នាំ២០២៥ ព្រមទាំងវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរនានា ក្នុងការអនុវត្តការងារក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ។

ក្រោយបទឧទ្ទេសនាម ដោយតំណាងពីគ្រប់អង្គភាព ចំណុះអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងកិច្ចពិភាក្សាយ៉ាងផុលផុស, លោកបណ្ឌិតអគ្គលេខាធិការ ក៏បានវាយតម្លៃខ្ពស់ លើសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ និងវឌ្ឍនភាពសម្រេចបានក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ព្រមទាំងបានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ បន្ដចូលរួមអនុវត្តផែនការ ការងារដែលបានដាក់ចេញក្នុងឆ្នាំ២០២៦ ឱ្យបានសម្រេចតាមគោលដៅ ប្រកបដោយស្មារតីជាម្ចាស់ ស្មោះត្រង់ និងបុរេសកម្មខ្ពស់ សំដៅធានាចូលរួមបង្កើនចំណូលជូនជាតិ តាមរយៈវិស័យល្បែងពាណិជ្ជកម្ម ខណៈធានារក្សាឱ្យបាននូវសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម ព្រមទាំងកាត់បន្ថយឱ្យដល់កម្រិតអប្បរមានូវផលប៉ះពាល់ពីល្បែងនៅកម្ពុជា។

ទន្ទឹមនឹងនេះ លោកបណ្ឌិតអគ្គលេខាធិការ ក៏បានផ្តល់អនុសាសន៍ណែនាំ យ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងារពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមអនុវត្តបទបញ្ជាលេខ០១ បប របស់រាជរដ្ឋា-ភិបាលកម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ឱ្យស្របតាមទិសដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដោយមិនឱ្យមានសកម្មភាពការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយកើតមានឡើង នៅក្នុងបរិវេណកាស៊ីណូដែលទទួលបានអាជ្ញាបណ្ណពី គ.ល.ក. ជាដាច់ខាត។

ក្នុងស្មារតីនេះ លោកបណ្ឌិតអគ្គលេខាធិការ បានដាក់ចេញនូវអនុសាសន៍ឱ្យក្រុមការងារនៃអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមបណ្ដាកាស៊ីណូនៅគ្រប់គោលដៅទាំងអស់ ឱ្យបានរួចរាល់ក្នុងអំឡុងសប្ដាហ៍ទី២ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ដើម្បីធានាកុំឱ្យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងបរិវេណកាស៊ីណូ ដែលជាដែនសមត្ថកិច្ចរបស់ គ.ល.ក.។

បន្ថែមពីនេះ លោកបណ្ឌិតអគ្គលេខាធិការ ក៏បានគូសបញ្ជាក់បន្ថែមដែរថា ការចុះត្រួតពិនិត្យចាំបាច់ត្រូវអនុវត្តជាប្រចាំ និងយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីរួមចំណែកឱ្យបានជាអតិបរមា ក្នុងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល តាមរយៈបទបញ្ជា ០១ បប។

មុននឹងបញ្ចប់ លោកបណ្ឌិតអគ្គលេខាធិការ បានផ្ដល់អនុសាសន៍ឱ្យគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ពាក់ព័ន្ធទាំងអស់ ត្រៀមខ្លួនរួចរាល់គ្រប់ពេល ដើម្បីផ្ដល់កិច្ចសហការប្រកបដោយបុរេសកម្ម និងសកម្ម ដល់គ្រប់អង្គភាព ឬអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕