ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកា៥លានរៀល ជូនដំណើរកម្លាំងនគរបាល២០រូប ត្រូវទៅបំពេញបេសកកម្មជួរមុខ ការពារបូរណភាពទឹកដី
26-03-2026 16:23
(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាល វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៧ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំនួន២០នាក់ ដែលត្រូវបំពេញបេសកកម្មជួរមុខ ដោយឧបត្ថម្ភថវិកាចំនួន៥លានរៀលផងដែរ។
ក្នុងឱកាសជូនដំណើរនោះ លោកឧត្តមសេនីយ៍ ចិន នី បានលើកឡើងថា «បេសកកម្មដែលបងប្អូនត្រូវទៅបំពេញនៅពេលនេះ គឺជាភារកិច្ចដ៏ឧត្តុង្គឧត្តមបំផុតក្នុងនាមជាកងកម្លាំងនគរបាលជាតិ។ ការចេញទៅសមរភូមិជួរមុខ មិនត្រឹមតែជាការអនុវត្តតាមបទបញ្ជានោះទេ ប៉ុន្តែវាគឺជាការបង្ហាញនូវស្មារតីស្នេហាជាតិ ភាពស្មោះត្រង់ និងការលះបង់ខ្ពស់បំផុត ដើម្បីការពារសុខសន្តិភាព និងបូរណភាពទឹកដីជូនមាតុភូមិ និងប្រជាជន»។
លោកឧត្តមសេនីយ៍បន្តថា «ក្នុងនាមជាមេកើយ ខ្ញុំសូមផ្តាំផ្ញើដល់បងប្អូនទាំងអស់គ្នាថា «សាមគ្គីភាពគឺជាកម្លាំងរស់»។ នៅសមរភូមិជួរមុខ បងប្អូនត្រូវចេះស្រឡាញ់គ្នាដូចបងប្អូនបង្កើត ជួយគ្នាគ្រប់កាលៈទេសៈ និងត្រូវគោរពវិន័យកងកម្លាំងឱ្យបានខ្ជាប់ខ្ជួនបំផុត។ វិន័យល្អ និងការចេះបត់បែនតាមស្ថានភាពជាក់ស្តែង នឹងក្លាយជាអាវក្រោះការពារបងប្អូនឱ្យទទួលបានជោគជ័យក្នុងបេសកកម្ម»។
លោកស្នងការ បានបង្ហាញពីការយកចិត្តទុកដាក់ ដោយលើកឡើងថា ទន្ទឹមនឹងការតាំងចិត្តមោះមុត និងស្មារតីនៅតាមបន្ទាត់ព្រំដែន សូមកុំភ្លេចថែរក្សាសុខភាពឱ្យបានល្អ។ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះរាល់ឧបាយកលសត្រូវ និងត្រូវធានាឱ្យបាននូវសុវត្ថិភាពផ្ទាល់ខ្លួន ដើម្បីត្រឡប់មកជួបជុំក្រុមគ្រួសារ និងអង្គភាពវិញជាមួយមោទនភាព និងជ័យជម្នះ។
លោកឧត្តមសេនីយ៍ គូសបញ្ជាក់ថា ចំពោះថវិកាឧបត្ថម្ភចំនួន ៥លានរៀលនេះ ទោះបីមិនច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែវាគឺជាទឹកចិត្ត និងការដឹងគុណរបស់អង្គភាពស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំពោះការលះបង់របស់បងប្អូន។ សូមបងប្អូនចងចាំថា ខ្ញុំ ក៏ដូចជាថ្នាក់ដឹកនាំ និងសហការីទាំងអស់នៅទីនេះ តែងតែនៅក្បែរ និងគាំទ្របងប្អូនជានិច្ច។ យើងរង់ចាំអបអរសាទរជោគជ័យរបស់បងប្អូនគ្រប់ៗគ្នា។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ចិន នី បានជូនពរដល់កម្លាំងទាំង ២០រូប ឱ្យមានសុខភាពល្អបរិបូរណ៍ ស្មារតីរឹងមាំ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងបេសកកម្មការពារជាតិមាតុភូមិ៕












