FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់តាំងសមិទ្ធផលឌីជីថល App NoDrug និងថ្នាលឌីជីថលប្រមូលទិន្នន័យ អ្នកញៀនគ្រឿងញៀននៅកម្ពុជា

26-03-2026 16:21

(ភ្នំពេញ)៖ ទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំក្រុមការងារសហការ ជាមួយក្រុមការងារក្រសួងមហាផ្ទៃ ចូលរួមរៀបចំការតាំងពិព័រណ៍ ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានឱ្យដឹងថា នេះជាលើកទី២ ហើយដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់តាំងនៅថ្នាលឌីជីថល សម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងពីរនេះ៖ មាន App NoDrug និងថ្នាលឌីជីថលប្រមូលទិន្នន័យអ្នកញៀនគ្រឿងញៀននៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយ នឹងរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប សំដៅលើកកម្ពស់បាននូវប្រសិទ្ធភាពការងារថែមទៀត។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ពាំនាំប្រសាសន៍ផ្តាំផ្ញើពីសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន អរគុណដល់មហាជនទាំងអស់ ដែលបានទាញយកនិងប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមកដល់ពេលនេះ មានចំនួនជាង៨ម៉ឺននាក់ ហើយដែលមានអ្នករាយការណ៍ចំនួនសរុបជាង៨,០០០ករណី ដោះស្រាយបានចំនួនជាង៧,០០០ករណី៕