Fresh Exclusive: ព្រំដែនកម្ពុជា–ថៃ៖ បញ្ហាប្រវត្តិសាស្ត្រ ច្បាប់អន្តរជាតិ និងមេរៀនសម្រាប់ពលរដ្ឋខ្មែរ (Video inside)
26-03-2026 16:18
(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា នៅថ្ងៃទី២៦ ខែមីនា បានបំភ្លឺ និងច្រានចោល ការលើកឡើងពីភាគីថៃ ដែលស្នើលុប MOU ឆ្នាំ២០០០ ស្តីពី «យន្តការដោះស្រាយបញ្ហាព្រំដែនកម្ពុជា–ថៃ»។
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយជុំវិញបញ្ហានេះ
បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនមែនជាបញ្ហាថ្មីដែលទើបកើតឡើងក្នុងពេលបច្ចុប្បន្ននេះទេ។ វាជាបញ្ហាប្រវត្តិសាស្ត្រ ដែលមានជាងពីរសតវត្សរ៍មកហើយ។ អ្វីដែលសំខាន់សម្រាប់ពលរដ្ឋខ្មែរ មិនមែនត្រូវមើលបញ្ហានេះដោយអារម្មណ៍ភ័យខ្លាច ឬក្តៅក្រហាយទេ។ កម្ពុជាត្រូវមើលវាតាមប្រវត្តិសាស្ត្រ តាមផែនទី តាមសន្ធិសញ្ញា និងតាមច្បាប់អន្តរជាតិ ដែលជាមូលដ្ឋានសម្រាប់កំណត់ព្រំដែននៅសម័យបច្ចុប្បន្ន។
ការលើកឡើងថ្មីៗនៅក្នុងប្រទេសថៃ ដែលមានការស្នើឱ្យលុបអនុស្សារណៈ MOU ឆ្នាំ២០០០ ស្តីពីយន្តការគណៈកម្មការ JBC ជាមួយកម្ពុជា បានធ្វើឱ្យបញ្ហាព្រំដែនកម្ពុជា–ថៃ ត្រូវបានលើកឡើងវិញក្នុងវេទិកានយោបាយ និងសាធារណមតិ។ ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា កម្ពុជាបដិសេធការស្នើលុប MOU ឆ្នាំ២០០០ ទាំងស្រុង។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖ «សូមប្រកាសបដិសេធនិងច្រានចោលទាំងស្រុងចំពោះហេតុផលនិងអនុសាសន៍ស្នើលុប MOU ឆ្នាំ២០០០ ដោយគណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ ដែលធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវនិងផ្ទុយច្បាប់អន្តរជាតិក្នុងចេតនាកេងចំណេញនយោបាយ និងបំផ្លាញសមិទ្ធផលដែលសម្រេចបានដោយគណៈកម្មការ JBC នៃភាគីទាំងពីរនាពេលកន្លងមក»។
ការឆ្លើយតបរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា មិនមែនជាការឆ្លើយតបនយោបាយធម្មតាទេ។ វាជាការការពារមូលដ្ឋានច្បាប់ និងយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដែលប្រទេសទាំងពីរ បានព្រមព្រៀងគ្នាក្នុងអតីតកាល។ ដើម្បីយល់ពីសារៈសំខាន់នៃ MOU ឆ្នាំ២០០០ និងបញ្ហាព្រំដែនកម្ពុជា–ថៃ គេមិនអាចមើលតែព្រឹត្តិការណ៍បច្ចុប្បន្នប៉ុណ្ណោះបានទេ ប៉ុន្តែត្រូវតែមើលតាមលំហូរប្រវត្តិសាស្ត្រដែលមានជាយូរមកហើយ។ ប្រវត្តិសាស្ត្រកម្ពុជា–សៀម/ថៃ បានបង្ហាញជាបន្តបន្ទាប់ថា បញ្ហាព្រំដែន មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែតែងតែកើតឡើងក្នុងពេលដែលមានការប្រែប្រួលនយោបាយ ឬប្រព័ន្ធអន្តរជាតិទន់ខ្សោយ។
* ប្រវត្តិសាស្ត្រ បង្ហាញលំនាំអំពីគំនិតលេបទឹកដីកម្ពុជាពីសំណាក់សៀម/ថៃ
បើមើលតាមប្រវត្តិសាស្ត្រ ជម្លោះព្រំដែនកម្ពុជា–សៀម/ថៃ បានកើតឡើងជាបន្តបន្ទាប់តាមដំណាក់កាលផ្សេងៗ ហើយបានបង្ហាញមេរៀនសំខាន់មួយដែលខ្មែរត្រូវចងចាំថា៖ ទោះអ្វីដែលផ្លាស់ប្តូរដោយអំណាច ឬដោយស្ថានភាពនយោបាយក្នុងរូបភាពផ្លាស់ប្តូរបណ្តោះអាសន្នយ៉ាងណាក៏ដោយ ប៉ុន្តែការសម្រេចចុងក្រោយ តែងតែត្រឡប់ទៅរកសន្ធិសញ្ញា ផែនទី និងច្បាប់អន្តរជាតិ ជាដដែល មិនអាចប្រែប្រួលបានឡើយ។
ចាប់ពីឆ្នាំ១៧៩៤ កម្ពុជាបានបាត់បង់បាត់ដំបង និងសៀមរាប ទៅសៀម ក្នុងពេលដែលអំណាចក្នុងប្រទេសទន់ខ្សោយ។ ប៉ុន្តែក្រោយមក តាមសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ និង១៩០៧ ទឹកដីទាំងនេះត្រូវបានប្រគល់មកកម្ពុជាវិញ។ ឆ្នាំ១៩៤១ ក្នុងអំឡុងសង្គ្រាមលោកទី២ ពេលដែលប្រព័ន្ធអន្តរជាតិរញ្ជួយ ថៃបានយកទឹកដីទាំងនេះវិញ ប៉ុន្តែក្រោយសង្គ្រាមនៅឆ្នាំ១៩៤៦ ក្រោមសម្ពាធអន្តរជាតិ ទឹកដីត្រូវបានប្រគល់មកកម្ពុជាវិញម្តងទៀត។ ឆ្នាំ១៩៥៤ ប្រាសាទព្រះវិហារ ត្រូវបានថៃប្រើអំណាចចូលបំពានកាន់កាប់ ប៉ុន្តែកម្ពុជាបានយកករណីទៅតុលាការយុត្តិធម៌អន្តរជាតិ ហើយនៅឆ្នាំ១៩៦២ តុលាការបានសម្រេចថា ប្រាសាទព្រះវិហារ ស្ថិតក្នុងអធិបតេយ្យភាពកម្ពុជា។ ហើយក្រោយមកទៀត ការបកស្រាយសាលដីកា នៅឆ្នាំ២០១៣ ក៏បានបញ្ជាក់បន្ថែមពីអធិបតេយ្យភាពរបស់កម្ពុជា លើតំបន់ជុំវិញប្រាសាទផងទៀត។
ប្រវត្តិសាស្ត្រទាំងនេះ បង្ហាញថា ការប្រែប្រួលដោយអំណាច អាចកើតឡើងបណ្តោះអាសន្ន ប៉ុន្តែការសម្រេចចុងក្រោយ តែងតែស្ថិតនៅលើច្បាប់អន្តរជាតិ និងឯកសារព្រំដែនជាដដែល។
*MOU ឆ្នាំ២០០០ មិនមែនជាឯកសារធម្មតា
MOU ឆ្នាំ២០០០ រវាងកម្ពុជានិងថៃ គឺជាកិច្ចព្រមព្រៀងសំខាន់ដែលបង្កើតគណៈកម្មការព្រំដែនរួម Joint Boundary Commission (JBC) ដើម្បីវាស់វែងខណ្ឌសីមាព្រំដែនលើដីជាក់ស្តែង។
MOU ឆ្នាំ២០០០នេះ ផ្អែកលើ៖
- សន្ធិសញ្ញាបារាំង–សៀម 1904
- សន្ធិសញ្ញាបារាំង–សៀម 1907
- ផែនទីកំណត់ព្រំដែនសម័យបារាំង
- កំណត់ហេតុបោះបង្គោលព្រំដែន
- និងកិច្ចប្រជុំ JBC។
មានន័យថា MOU ឆ្នាំ២០០០ មិនមែនបង្កើតព្រំដែនថ្មីទេ។ វាបង្កើតយន្តការដើម្បីអនុវត្តព្រំដែនដែលមានរួចហើយតាមសន្ធិសញ្ញាប្រវត្តិសាស្ត្រ។ ដូច្នេះ ការចង់លុប MOU មិនមែនគ្រាន់តែជាការលុបឯកសារមួយទេ ប៉ុន្តែជាការប៉ះពាល់ដល់យន្តការដោះស្រាយព្រំដែនដោយសន្តិវិធី។
* ពលរដ្ឋខ្មែរ មិនគួរភ័យ តែគួរយល់
ក្នុងបរិបទដែលការផ្សព្វផ្សាយព័ត៌មានពីមួយចំហៀង និងថែមទាំងជួយបន្ទរដោយក្រុមជ្រុល និយមខ្មែរនៅក្រៅប្រទេសពាកព័ន្ធនឹងរឿងទឹកដីដែលថៃប្រើអំណាចខុសច្បាប់បំពានយក បានធ្វើឱ្យពលរដ្ឋខ្មែរ មានក្តីព្រួយបារម្ភ និងភ័យខ្លាចថា កម្ពុជា អាចបាត់បង់ទឹកដី។ ការព្រួយបារម្ភនេះ គេអាចយល់បាន ព្រោះប្រវត្តិសាស្ត្រកម្ពុជាមានបទពិសោធន៍បាត់បង់ទឹកដី។ ប៉ុន្តែខពលរដ្ឋខ្មែរត្រូវស្វែងយល់ថា ទោះបីទឹកដីស្របច្បាប់របស់កម្ពុជា រងនឹងអំពើឈ្លានពានកាន់ កាប់ក៏ពិតមែន ព្រំដែនកំណត់ដោយសន្ធិសញ្ញា ផែនទី និងច្បាប់អន្តរជាតិ ទទួលស្គាល់ដោយ ពិភពលោក ជាពិសេសអង្គការសហប្រជាជាតិ នឹងមិនបាត់បង់ឡើយ។
ព្រំដែនរវាងប្រទេសនិងប្រទេស មិនមែនអាចផ្លាស់ប្តូរដោយសារការធ្វើសុន្ទរកថានយោបាយ ឬដោយច្បាប់ក្នុងស្រុករបស់ប្រទេសណាមួយបានទេ ប៉ុន្តែត្រូវផ្អែកលើសន្ធិសញ្ញាអន្តរជាតិ ផែនទីផ្លូវការ និងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ។
* ព្រំដែនសម័យថ្មី៖ មិនមែនសង្គ្រាមកាំភ្លើង ប៉ុន្តែសង្គ្រាមផែនទី និងច្បាប់
ពិភពលោក កំពុងស្ថិតក្នុងសតវត្សទី២១ នៃសម័យអរិយធម៌ទំនើប និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ និងកិច្ចព្រមព្រៀងរវាងប្រទេសនិងប្រទេស បើទោះបីជាសណ្តាប់ធ្នាប់សកលលោក កំពុងរងភាពរង្គោះរង្គើដោយសារអស្ថិរភាពសង្គ្រាមនៅតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ាក៏ដោយ។ សម័យមុន ប្រទេសអាចបាត់បង់ទឹកដីដោយសង្គ្រាមក៏ពិតមែន ប៉ុន្តែសម័យនេះ បញ្ហាព្រំដែន មិនមែនជាសង្គ្រាមដែលអាចយកឈ្នះដោយកាំភ្លើង ឬកម្លាំងយោធាបានទៀតទេ។ វាជាសង្គ្រាមផែនទី សង្គ្រាមឯកសារ និងសង្គ្រាមច្បាប់អន្តរជាតិ។ ដូច្នេះ អ្វីដែលសំខាន់បំផុតសម្រាប់ការការពារទឹកដី មិនមែនជាការភ័យខ្លាច ឬអារម្មណ៍ក្តៅក្រហាយឡើយ។ កូនខ្មែរត្រូវយល់ដឹងអំពីប្រវត្តិសាស្ត្រ និងមូលដ្ឋានច្បាប់ ដែលជាគ្រឹះសម្រាប់ការការពារអធិបតេយ្យភាពទឹកដី។
ទឹកដីស្របច្បាប់របស់កម្ពុជា មិនត្រូវបានការពារដោយអារម្មណ៍ភ័យខ្លាចទេ។ ទឹកដីកម្ពុជាត្រូវបានការពារដោយប្រវត្តិសាស្ត្រ ផែនទី សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ ព្រំដែនកម្ពុជា មិនអាចផ្លាស់ប្តូរដោយការនិយាយ ឬដោយនយោបាយក្នុងស្រុករបស់ប្រទេសណាមួយបានទេ។ ទឹកដីស្របច្បាប់របស់កម្ពុជា នឹងមិនបាត់បង់ឡើយ ព្រោះបញ្ហាព្រំដែនសម័យនេះ ត្រូវបានដោះស្រាយតាមច្បាប់អន្តរជាតិ មិនមែនតាមអំណាចនយោបាយ ឬកម្លាំងយោធាទេ។
* MOU ឆ្នាំ២០០០៖ មូលដ្ឋានច្បាប់នៃការដោះស្រាយព្រំដែនដោយសន្តិវិធី
សេចក្តីថ្លែងការណ៍បីចំណុចរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃ MOU ឆ្នាំ២០០០ ដែលជាមូលដ្ឋានសម្រាប់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
ទី១ MOU ឆ្នាំ២០០០ ត្រូវបានចុះហត្ថលេខាដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបានចុះបញ្ជីនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ ដូច្នេះ MOU នេះ «មានចរិតលក្ខណៈជាសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនឹងព្រំដែន ដែលបង្កើតកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ» និងជាមូលដ្ឋានសម្រាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការគណៈកម្មការ JBC។
ទី២ តាមគោលការណ៍ច្បាប់អន្តរជាតិ ប្រទេសណាមួយ មិនអាចយកច្បាប់ក្នុងស្រុក ឬនីតិវិធីផ្ទៃក្នុងរបស់ខ្លួន មកធ្វើជាមូលហេតុលុបសន្ធិសញ្ញាអន្តរជាតិបានទេ។ ដូចដែលសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ភាគីថៃមិនអាចលើកយកហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយ ដើម្បីលុប MOU ឆ្នាំ២០០០ បានឡើយ ដែលស្របតាមអនុសញ្ញាទីក្រុងវ្យែន ឆ្នាំ១៩៦៩ ស្តីពីច្បាប់សន្ធិសញ្ញា។
ទី៣ MOU ឆ្នាំ២០០០ បានផ្តល់សិទ្ធិអំណាចដល់គណៈកម្មការ JBC ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ និង១៩០៧ ផែនទីកំណត់ព្រំដែន និងឯកសារបច្ចេកទេសផ្សេងៗ។ ជាក់ស្តែងក្នុងអំឡុងពេលកន្លងមក គណៈកម្មការ JBC បានសម្រេចសមិទ្ធផលជាច្រើន ដូចជា ការស្វែងរកទីតាំងបង្គោលព្រំដែនសម័យបារាំង ការជួសជុលបង្គោលព្រំដែន ការវាស់វែង និងការបោះបង្គោលព្រំដែនជាដើម។
ចំណុចទាំងបីនេះ បង្ហាញថា MOU ឆ្នាំ២០០០ មិនមែនជាឯកសារនយោបាយធម្មតាទេ។ វាជាយន្តការច្បាប់ និងបច្ចេកទេសសម្រាប់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ ដូច្នេះ ការស្នើលុប MOU មិនមែនគ្រាន់តែជាបញ្ហាឯកសារមួយទេ ប៉ុន្តែអាចប៉ះពាល់ដល់យន្តការដោះស្រាយបញ្ហាព្រំដែនទាំងមូល។
សេចក្តីសន្និដ្ឋាន៖ ប្រវត្តិសាស្ត្រ បានបង្ហាញរួចមកហើយថា ទឹកដីខ្មែរអាចធ្លាប់បាត់បង់ដោយបរទេសមួយប្រើអំណាចឈ្លានពានក៏ពិតមែន ប៉ុន្តែអំណាចឈ្លានពាននោះ មិនអាចរក្សាទុកបានយូរនៅ ចំពោះមុខច្បាប់បានឡើយ។ នៅទីបញ្ចប់ អ្នកដែលឈ្នះក្នុងជម្លោះព្រំដែនពិតប្រាដក មិនមែនអ្នកដែលខ្លាំងជាងគេ លើសមត្ថភាពហិង្សាយោធាទេ ប៉ុន្តែអ្នកដែលមានផែនទី មានសន្ធិសញ្ញា និងច្បាប់អន្តរជាតិ នៅពីខាងក្រោយដែលរឹងមាំជាងគេទេ ដែលជាអ្នកឈ្នះពិតប្រាកដ៕







