អគារសិក្សា១ខ្នង ៣បន្ទប់ ចំណាយថវិកាសាងសង់ជិត ៧ម៉ឺនដុល្លារ នៅសាលាបឋមសិក្សាបឹងរ៉ាច់ ស្រុកស្វាយអន្ទរ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
26-03-2026 15:45
(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សាថ្មី ១ខ្នង មាន ៣បន្ទប់ និងសមិទ្ធផលនានានៅសាលាបឋមសិក្សាបឹងរ៉ាច់ ស្ថិតក្នុងភូមិបឹងរ៉ាច់ ឃុំអង្គទ្រេត ស្រុកស្វាយអន្ទរ។
ក្នុងឱកាសនោះ លោក សួន សុម៉ាលីន សូមថ្លែងអំណរគុណជ្រាលជ្រៅ ចំពោះក្រុមគ្រួសារឧបាសិកា គីម វួចហ៊ួ លោក ឃីន សុខា និងលោកស្រី សូ មួយឡាង ព្រមទាំងកូនចៅ ដែលបានឧបត្ថម្ភការសាងសង់អគារសិក្សាថ្មីចំនួន ១ខ្នង ស្មើនឹង៣បន្ទប់នេះ ដោយមានបំពាក់គ្រឿងសង្ហារឹមសិក្សា និងសមិទ្ធផលនានាក្នុងសាលា ដែលចំណាយអស់ ៦៩ ០០០ដុល្លារ សម្រាប់កូនចៅគ្រប់ជំនាន់ក្នុងឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ បានសិក្សារៀនសូត្រ។
លោកអភិបាលខេត្តបានបន្ថែមថា ជាការពិតណាស់សាលាទាំងអស់ មិនថាសាលាចំណេះដឹងទូទៅទាំងរដ្ឋ និងឯកជន គឺសុទ្ធតែមានសារៈសំខាន់ទាំងអស់។ ដូច្នេះសាលា គឺជាស្ថាប័នបណ្ដុះបណ្ដាលដ៏សំខាន់បំផុតនៅក្នុងសង្គមខ្មែរ ដែលជាកន្លែងរៀនពីមូលដ្ឋានគ្រឹះឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត។
លោក សួន សុម៉ាលីន បានបន្តថា សាលារៀនគឺជាកន្លែងដែលបុគ្គលម្នាក់ៗអាចរៀនអំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ពួកគេ ជាទីកន្លែងទទួលយកនូវចំណេះដឹង ហើយសិក្សាស្វែងយល់ថាតើពួកគេចង់ធ្វើអ្វីក្នុងជីវិតរបស់ពួកគេ ជាពិសេសការសិក្សានៅថ្នាក់មត្តេយ្យសិក្សា គឺគ្រឹះសម្រាប់បណ្ដុះបណ្ដាលធនធានដ៏សំខាន់ក្នុងការកសាងជីវិតពីកុមារភាព ដើម្បីរួមចំណែកលើកកម្ពស់ និងកសាងសង្គមជាតិ នៅពេលអនាគត។
បន្ថែមលើសពីនេះ លោកអភិបាលខេត្តបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំបន្តផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ បន្តរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុខសុវត្ថិភាព ពិសេសលើការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានខ្លឹមសារទាំង៧ចំណុច។ បន្តដោះស្រាយនូវសំណើរ សំណូមពរ បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អប្រសើរ។
បើតាមលោក ហៃ សំណាង អភិបាលស្រុកស្វាយអន្ទរ បានឱ្យដឹងថា ដោយកំណើនសិស្សានុសិស្សមានការកើនឡើងជាលំដាប់ គណៈគ្រប់គ្រងសាលាបានទំនាក់ទំនងស្នើសុំអគារសិក្សា ថ្មីចំនួន១ខ្នង មាន៣បន្ទប់ បំពាក់សម្ភារសិក្សា និងចាក់សាបជុំវិញអគារ ដែលជាអំណោយក្រុមគ្រួសារឧបាសិកា គីម រួចហ៊ូ លោក ឃីន សុខា លោកស្រី សូ មួយឡាង ព្រមទាំងកូន-ចៅ រស់នៅភូមិពោធិ៍ចិន្តា ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ។ ដោយចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ និងបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ប្រើប្រាស់រយៈពេលសាងសង់ ៦ខែ ព្រមទាំងចំណាយក្នុងពិធីសម្ពោធសរុបថវិកាចំនួន ៦៩,០០០ដុល្លារ៕














