រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ «ភូមិគំរូ» ចំនួន៥១ភូមិ នៅខេត្តទាំង២៥ ទូទាំងប្រទេស
26-03-2026 14:50
(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ «ភូមិគំរូ» សម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទចំនួន ៥១ភូមិ សម្រាប់ឆ្នាំ២០២៥។ ពិធីប្រកាសនេះមានការចូលរួមដោយផ្ទាល់ពីសំណាក់ រដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំក្រសួង អភិបាលរងរាជធានី-ខេត្ត គណៈកម្មការវាយតម្លៃការអភិវឌ្ឍន៍ភូមិគំរូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី-ខេត្ត ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA) តំណាងដៃគូពាក់ព័ន្ធអាជ្ញាធរខេត្ត ក្រុមប្រឹក្សាឃុំ សង្កាត់ពាក់ព័ន្ធ ព្រមទាំងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិគោលដៅទាំង ៥១ភូមិ។
នាឱកាសដ៏ឱឡារិកនេះ លោក ឆាយ ឫទ្ធិសែន បានសម្តែងនូវការអបអរសាទរជូនចំពោះភូមិដែលទទួលជ័យលាភីទាំង៥១ ក្នុងឆ្នាំ២០២៥។ លោកបានគូសបញ្ជាក់ដែរថា នេះជាលើកទី២ ហើយដែលក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការភូមិគំរូ អាចចាត់ទុកថាជាថ្ងៃជោគជ័យដ៏ធំធេងថ្មីមួយទៀតចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍នៅជនបទ ស្របតាមចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» និងកម្មវិធីអាទិភាពទី៣ របស់ក្រសួងគឺការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ដែលសំដៅធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍន៍ឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។ ការវាយតម្លៃភូមិគំរូប្រកបដោយភាពប្រាកដប្រជា គ្រប់ជ្រុងជ្រោយ ដោយអនុលោមតាមលក្ខណៈវិនិច្ឆ័យ ទាំង៥ គឺ សេដ្ឋកិច្ច, សង្គមនិងវប្បធម៌, សុខភាពនិងបរិស្ថានរស់នៅ,ហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ច។
ជាមួយនេះ លោករដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះគ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា ដែលតែងតែជួយគាំទ្រដល់សកម្មភាពនានារបស់ក្រសួង និងអំពាវនាវបន្តជួយគាំទ្របន្ថែមទៀតដើម្បីសម្រេចបានគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ និងឈានទៅសម្រេចឱ្យបានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចបញ្ចប់ លោកគណៈអធិបតីបានអញ្ជើញប្រគល់វិញ្ញាបនបត្រ និងពានរង្វាន់លើកទឹកចិត្តដល់ជ័យលាភីទាំង៥១ ភូមិ ជូនដល់ប្រធានគណៈកម្មការអភិវឌ្ឍន៍ភូមិផងដែរ៕




















