ទំនប់ និងប្រឡាយបុរាណមួយខ្សែ ស្ថិតនៅខាងជើងក្រុងអង្គរធំ ត្រូវបានស្តារ និងដំណើរការឡើងវិញ
26-03-2026 14:49
(សៀមរាប)៖ តាមរយៈគម្រោងគ្រប់គ្រងទឹកអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច ឬ Angkor Water Resilience Project (AWR) របស់អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុល និងស្តារទំនប់/ប្រឡាយបុរាណមួយខ្សែ ដែលមានប្រវែងសរុប៨៣០០ម៉ែត្រ ដែលស្ថិតនៅខាងជើងក្រុងអង្គរធំ ចាប់ពីភូមិភ្លង់ ឃុំលាងដៃ រហូតដល់តំបន់អភិវឌ្ឍពាក់ស្នែង ស្រុងអង្គរធំ។
ទំនប់ប្រឡាយទឹកបុរាណនេះបានបញ្ចប់រួចរាល់ជាស្ថាពរ និងបានរួមចំណែកក្នុងការងារអភិរក្សទំនប់ប្រឡាយបុរាណ ទេសភាពវប្បធម៌ និងជាការស្តារប្រព័ន្ធ ប្រមូលទឹក ពីផ្នែកខាងជើងក្រុងអង្គរធំ ដើម្បីផ្គត់ផ្គង់តាមកសិន្ធុអាងទឹកបុរាណមួយចំនួន និងជួយបំពេញទឹកក្រោមដីក្នុងតំបន់អង្គរ ព្រមទាំងអាចជួយរំដោះទឹកភ្លៀង ចេញពីភូមិដ្ឋានរបស់ពលរដ្ឋ ក្នុងឃុំលាងដៃ និងពាក់ស្នែងផងដែរ។
ប្រឡាយនេះ ក៏មានតួនាទីជួយរក្សាទឹកទុក សម្រាប់ពលរដ្ឋនៅសងខាងប្រឡាយ យកទៅស្រោចស្រពស្រែចម្ការ ដំណាំ និងផ្តល់ជាផលនេសាទ ព្រមទាំងមានធ្វើជាផ្លូវគ្រួសក្រហម មួយខ្សែលើខ្នងទំនប់ស្របមាត់ប្រឡាយ សម្រាប់ពលរដ្ឋក្នុងភូមិអាចធ្វើចរាចរ និងដឹកជញ្ជូនកសិផលជាដើម។
ក្រៅពីការងារស្តារប្រឡាយ ជួសជុលទំនប់ និងធ្វើផ្លូវនេះ គម្រោង AWR ក៏បានធ្វើការជួសជុលសំណង់ទ្វារទឹកដែលមានស្រាប់ចំនួនបីទីតាំង និងសាងសង់សំណង់ ធារាសាស្រ្តថ្មីចំនួន១៧ទីតាំង តាមបណ្តោយទំនប់ប្រឡាយបុរាណនេះផងដែរ ដើម្បីជាការបង្កើនសមត្ថភាពក្នុងការងារគ្រប់គ្រង ប្រមូល រក្សាទឹកទុក និងចែកចាយផងដែរ។
គួររំឭកផងដែលថា គម្រោងAWR គឺជាគំនិតផ្តួចផ្តើមរបស់អាជ្ញាធរជាតិអប្សរា ក្រោមជំនួយឧបត្ថម្ភពីក្រសួងការបរទេស និងពាណិជ្ជកម្ម (MFAT) នៃប្រទេសនូវែលហ្សេឡង់ (New Zealand) ដែលកំពុងអនុវត្តដោយអង្គការលីវអែនលឺន (Live & Learn)៕








