FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងជំនួបជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង, KDWA បង្ហាញគម្រោងសហការជាមួយកម្ពុជា លើការគាំទ្រ និងវគ្គបណ្តុះបណ្តាលសម្រាប់ជនពិការ

26-03-2026 12:17

(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី LEE Ju-yeon នាយកគ្រប់គ្រងគម្រោងអាជីវកម្មនៃសមាគមសុខមាលភាពជនពិការកូរ៉េ (Korea Disabled Welfare Association-KDWA) នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។ សមាគមនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨១ ជាសមាគមគាំពារជនពិការដំបូងគេរបស់កូរ៉េ។

លោកស្រី LEE Ju-yeon បានលើកឡើងថា គោលបំណងដែលលោកស្រីអញ្ជើញមកស្ថានទូតលើកនេះ គឺដើម្បីបង្ហាញអំពីបំណងបង្កើតកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋ និងអង្គការនៃបណ្តាប្រទេសអាស៊ាន ជាពិសេសកម្ពុជា ដើម្បីបង្កើនការឧបត្ថម្ភគាំពារដល់សកម្មភាពរបស់ជនពិការ ដូចជាការឧបត្ថម្ភនូវសម្លៀកបំពាក់ កៅអីរុញជនពិការ ជើងសប្បនិម្មិត និងវគ្គបណ្តុះបណ្តាលសម្រាប់ជនពិការ ដើម្បីឱ្យពួកគាត់មានលទ្ធភាពក្នុងការបង្កើតមុខរបរចិញ្ចឹមជីវិត។

លោកស្រី LEE Ju-yeon នាយកគ្រប់គ្រងគម្រោងអាជីវកម្មនៃសមាគមសុខមាលភាពជនពិការកូរ៉េ បន្តថា នូវបច្ចេកវិទ្យាថ្មីៗរបស់កូរ៉េ ដែលបញ្ចូលបច្ចេកទេសបញ្ញាសប្បនិម្មិត AI ដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទង របស់ប្រជាជនដែលមានពិការភាពផ្នែកភ្នែក និងត្រចៀកផងដែរ។

លោកឯកអគ្គរាជទូត បានសម្តែងការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ព្រោះប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមជាង៣ទស្សវត្សន៍បន្សល់ទុកនូវប្រជាជនដែលមានពិការភាពប្រមាណ ៧០ម៉ឺននាក់ ដែលរដ្ឋាភិបាលក៏ដូចជាអង្គការនានា បានធ្វើសកម្មភាពជាច្រើនដើម្បីជួយគាំទ្រដល់ការរស់នៅរបស់ពួកគាត់។

គម្រោងរបស់សមាគមលោកស្រីនឹងអាចជួយសម្រួលពួកគាត់ក្នុងជីវភាពរស់នៅ និងអាចជួយបង្កើននូវចំណូលសម្រាប់គ្រួសារគាត់ ព្រមទាំងអាចឱ្យពួកគាត់មានលទ្ធភាពចូលរួមចំណែកជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។ លោកឯកអគ្គរាជទូតបានជម្រាបលោកស្រីថា ស្ថានទូតត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយលោកស្រីក្នុងរៀបចំជំនួបជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងស្វែងរកអង្គការដៃគូដើម្បីសហការជាមួយសមាគម៕