សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន១៥នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខណ្ឌជ្រោយចង្វារ
24-03-2026 22:02
(ភ្នំពេញ)៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ចំនួន ៤ករណីផ្សេងគ្នានៅក្នុងបុរីអ័រគីដេ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។
ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន១៥នាក់ និងដកហូតវត្ថុតាងរួមមាន៖ ទូរសព្ទដៃសរុបចំនួន ៤៣គ្រឿង និងកុំព្យូទ័រយួរដៃចំនួន ៥គ្រឿង រថយន្តម៉ាក GAC GN8 ចំនួន ១គ្រឿង សារធាតុញៀនក្រាមថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់ រួមជាមួយឧបករណ៍ប្រើប្រាស់មួយចំនួន។
ការបង្រាបនេះ ធ្វើឡើងក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយកម្លាំងសមត្ថកិច្ចជំនាញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌជ្រោយចង្វា ហើយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
វិធានការចំពោះមុខ អាជ្ញាធរបានសម្រេចបិទឃ្លុំជាបណ្តោះអាសន្ននូវផ្ទះលេខ ERM-059 ផ្លូវរំចង់ និងផ្ទះលេខ ERM-059 ផ្លូវផ្កាឈូក ដែលជាកន្លែងប្រព្រឹត្តបទល្មើស។
បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សូមជម្រាបថា ការបោសសម្អាត Online Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធរក្នុងរាជធានី-ខេត្ត បានបង្ក្រាបដល់ទីតាំង និងបិទសៀល (មិនឱ្យមានសកម្មភាព) ចំនួន ២៣៦ទីតាំង នៅក្នុងបណ្តារាជធានី ខេត្ត ក្នុងនោះទីតាំងកាស៊ីណូ ចំនួន ៩១ទីតាំង ទៅតាំងជាប្រភេទបុរី វីឡា ខុនដូ លំនៅឋានចំនួន ១៤៥ទីតាំង។
តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជា បានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ សរុបចំនួន ៧៩សំណុំរឿង ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧ នាក់ ចំណោមនោះមានជនជាតិចិន វៀតណាម ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូង មីយ៉ាន់ម៉ា បង់ក្លាដេស សិង្ហបុរី នេប៉ាល់ ឥណ្ឌា ម៉ាឡេស៊ី ខ្មែរ ប៉ាគីស្ថាន ថៃ ហើយក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។ តាមការកត់សម្គាល់របស់អាជ្ញាធរ ក្រុមមេខ្លោង និងអ្នកពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនេះ ប្រមាណជាង ២២មុឺននាក់ បានគេចខ្លួនចេញពីប្រទេសកម្ពុជា ខ្លះចេញតាមផ្លូវអាកាស ខ្លះតាមផ្លូវគោក។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕


















