សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារអបអរសាទរ លោកបណ្ឌិត សាយសំផន ភូមិវិហាន ដែលត្រូវបានបោះឆ្នោតជ្រើសតាំងសារជាថ្មី ជាប្រធានរដ្ឋសភាឡាវ
24-03-2026 19:02
(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ លោកបណ្ឌិត សាយសំផន ភូមិវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងសារជាថ្មី ជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅក្នុងសម័យប្រជុំដំបូងរបស់រដ្ឋសភា។
ក្នុងសារលិខិតអបអរសាទរ បានសរសេរថា «តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត និងស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តមបណ្ឌិត ដែលត្រូវបានបោះឆ្នោតជ្រើសតាំងសារជាថ្មី ជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅក្នុងសម័យប្រជុំដំបូងរបស់រដ្ឋសភា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ។
ចំណងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពនៃប្រទេសយើងទាំងពីរ បានចាក់ឫសយ៉ាងជ្រៅ និងបានក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ យើងតែងផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដែលត្រូវបានពង្រឹង ពង្រីកកាន់តែស៊ីជម្រៅ និងបាននាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេស យើងទាំងពីរ។
ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមបណ្ឌិត និងសហការី ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសភា ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី សំដៅនាំមកនូវផលប្រយោជន៍ឱ្យគ្នា ទៅវិញទៅមក ព្រមទាំងដើម្បីវឌ្ឍនភាពក្នុងតំបន់ និងសកលលោក។
សូម ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងសូមជូនពរ ឯកឧត្តមបណ្ឌិត ទទួលបាននូវសុខភាពល្អបរិបូរណ៍ សុភមង្គល និងជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មដ៏ ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជនឡាវជាបងប្អូន»៕




