FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការបរទេសឥណ្ឌា៖ កម្ពុជា គឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងគោលនយោបាយ «Act East» និងចក្ខុវិស័យឥណ្ឌូ-ប៉ាស៉ីហ្វិក របស់ឥណ្ឌា

24-03-2026 18:51

(ភ្នំពេញ)៖ កម្ពុជា គឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងគោលនយោបាយ «Act East» និងចក្ខុវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិក របស់ឥណ្ឌា។ កម្ពុជាក៏ជាដៃគូសំខាន់របស់ឥណ្ឌា នៅក្នុងតំបន់សកលលោកខាងត្បូងផងដែរ។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសឥណ្ឌា ក្នុងឱកាស លោក P. Kumaran រដ្ឋលេខាធិការ (ទទួលបន្ទុកខាងកើត) នៃក្រសួងការបរទេសឥណ្ឌា បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦។

ក្រសួងការបរទេសឥណ្ឌា ក៏បានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនៅរាជធានីភ្នំពេញ លោករដ្ឋលេខាធិការ (ទទួលបន្ទុកខាងកើត) បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីកម្ពុជា គឺ លោកបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាយ៉ាងទូលំទូលាយលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យផ្សេងៗ រួមមាន នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ការពារជាតិ និងសន្តិសុខ ភាពជាដៃគូអភិវឌ្ឍន៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ ការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការវប្បធម៌ ការតភ្ជាប់រូបវន្ត និងឌីជីថល។ល។ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដែលសម្រេចបាននៅទូទាំងវិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានព្រមព្រៀងគ្នាស្វែងរកមធ្យោបាយថ្មីៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមផងដែរ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោករដ្ឋលេខាធិការ (ទទួលបន្ទុកខាងកើត) ក៏បានជួបជាមួយថ្នាក់ដឹកនាំកម្ពុជាផងដែរ។ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោករដ្ឋលេខាធិការ (ទទួលបន្ទុកខាងកើត) បានជួបសម្តែងការគួរសមជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីពិភាក្សាអំពីវិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌា និងកម្ពុជា។

នៅថ្ងៃដូចគ្នា លោករដ្ឋលេខាធិការ (ទទួលបន្ទុកខាងកើត) ក៏បានជួបជាមួយ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងបានពិភាក្សាអំពីវឌ្ឍនភាពនៃគម្រោងសហប្រតិបត្តិការវប្បធម៌ឥណ្ឌា-កម្ពុជា ដែលកំពុងដំណើរការ។ នៅភ្នំពេញ លោករដ្ឋលេខាធិការ (ទទួលបន្ទុកខាងកើត) ក៏បានជួបជាមួយអតីតនិស្សិតអាហារូបករណ៍ ICCR និងកម្មវិធីសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ផងដែរ។

ក្នុងអំឡុងពេលទស្សនកិច្ចនៅខេត្តសៀមរាបនលោករដ្ឋលេខាធិការ (ទទួលបន្ទុកខាងកើត) បានទៅទស្សនាសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី (ដែលបង្កើតឡើងដោយមានជំនួយពីឥណ្ឌា ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា) ក៏ដូចជា ប្រាសាទតាព្រហ្ម ដែលជាទីតាំងនៃគម្រោងអភិរក្ស និងស្តារឡើងវិញ ដែលមានជំនួយពីឥណ្ឌា៕