FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លទ្ធផលនៃដំណើរទស្សនកិច្ច របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រយៈពេល៤ថ្ងៃ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម

24-03-2026 18:10

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រលប់មកកាន់មាតុប្រទេស ប្រកបដោយសុខសុវត្តិភាព កាលពីរាត្រីថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយសម្រេចបាននូវលទ្ធផល ដូចខាងក្រោម៖

១៖ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្សមាតុភូមិវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ រវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម (សម្រាប់ឆ្នាំ ២០២៦-២០៣១) ក្នុងគោលបំណង ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរណសិរ្ស និងរណសិរ្ស, ប្រជាជននិងប្រជាជន និងប្រទេសនិងប្រទេស ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»

២៖ នៅឆ្នាំ២០២៧ រណសិរ្សទាំងពីរ បានឯកភាពគ្នាក្នុងសហការ សម្របសម្រួលរៀបចំប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងវៀតណាម (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧-ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៧) ស្របតាមសេចក្តីណែនាំ និងគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិបាលកម្ពុជា។

៣៖ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចការងារខាងលើ គណៈប្រតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ខណៈពេលដែលលោកកំពុងមានការមមាញឹក ក្នុងការដឹកនាំការងារប្រចាំថ្ងៃ។

សកម្មភាពនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់សារៈសំខាន់ជាពិសេស ចំពោះភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ។

៤៖ ឆ្លៀតក្នុងឱកាស នៃការបំពេញទស្សនកិច្ចការងារយ៉ាងមមាញឹកខាងលើ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានដឹកនាំគណៈប្រតិភូរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ទទួលជួបជាមួយថ្នាក់ដឹកនាំខេត្តឡាវកាយ និងខេត្តនិញប៊ិញ ប្រទេសវៀតណាម ក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងខេត្តទាំងពីរ៕