ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ! រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច, ហាមការលេងជះទឹក កាំភ្លើងបាញ់ទឹក និងការវាយដោយរំពាត់ (Video inside)
24-03-2026 17:45
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ស្តីពី ការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដោយហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច, ហាមការលេងជះទឹក កាំភ្លើងបាញ់ទឹក និងការវាយដោយរំពាត់។
ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៦ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិយើង ក្នុងការចូលរួមសម្តែង អំណរសាទរ និងទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្នុងរាជធានីភ្នំពេញនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១៖ ហាមដាច់ខាត
* មិនឱ្យមានការដុតផាវ កាំជ្រួច ឬប្រើប្រាស់គ្រឿងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ
* មិនឱ្យមានការនាំចូល ចែកចាយ ទិញលក់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ
* ហាមការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក កាំភ្លើងបាញ់ទឹក ស្អប់បូមបាញ់ទឹក និងការវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗធ្វើឱ្យប៉ះពាល់ដល់បងប្អូន ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់អាយុជីវិត និងបង្កឱ្យមានរបួស ឬខូចខាតទ្រព្យសម្បត្តិ
មិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
២៖ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុង ស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។
៣៖ នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព គ្រឹះស្ថានសិក្សា អង្គការ សមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់ផ្សាររដ្ឋ និងផ្សារទំនើបឯកជន មជ្ឈមណ្ឌលកម្សាន្ត ម្ចាស់ទីតាំងអាជីវកម្មគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមាន ស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការអុជទៀនធូប ភ្លើងចង្ក្រាន ធុងហ្គាស ការឆ្លងចរន្តអគ្គិសនី ឬការ ប្រើប្រាស់សារធាតុងាយឆេះផ្សេងៗ ជាពិសេសត្រូវផ្តាច់ចរន្តអគ្គិសនីមុនពេលចាកចេញ ដើម្បី បង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយអគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុណាមួយ។
៤៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្កើនការយកចិត្តទុកដាក់ និងជួយសម្រួល ចរាចរណ៍នៅតាមតំបន់គោលដៅដែលមានការកកស្ទះ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ព្រមទាំងត្រូវចាត់តាំងក្រុមការងារបច្ចេកទេសពន្លត់អគ្គិភ័យ ត្រៀមរថយន្តពន្លត់អគ្គិភ័យ និង ត្រៀមរៀបចំមធ្យោបាយឱ្យបានគ្រប់គ្រាន់ ក្នុងការបង្ការ ទប់ស្កាត់ និងប្រចាំការដើម្បីជួយសង្គ្រោះបន្ទាន់នៅពេលមានបញ្ហាគ្រោះថ្នាក់ ដោយអគ្គិភ័យកើតឡើងជាយថាហេតុណាមួយ ក្នុងអំឡុងពេល ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
៥៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវរៀបចំដាក់ចេញនូវផែនការសកម្មភាពជាក់ស្តែង នៅតាមមូលដ្ឋានរៀងៗខ្លួន និងបង្កើនស្មារតីម្ចាស់ការក្នុងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ដើម្បីធានាសុវត្ថិភាព និងបង្កបរិយាកាសល្អប្រសើរជូនដល់បងប្អូន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកចូលរួមកម្សាន្តលេងល្បែងប្រជាប្រិយឱ្យបានច្រើន កុះករប្រកបដោយភាពសប្បាយរីករាយ និងមហោឡារិកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។
៦៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវជំរុញ និងចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យបានសកម្មផុលផុស ជាពិសេសការផ្សព្វផ្សាយ អប់រំលើក កម្ពស់ការយល់ដឹងអំពីគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងគ្រប់ប្រភេទ សុវត្ថិភាពចរាចរណ៍ ព្រមទាំងត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្ក្រាប ទប់ស្កាត់ និងគ្រប់គ្រងឱ្យបានហ្មត់ចត់នូវគ្រប់ មុខសញ្ញាក្មេងទំនើងនៅតាមសហគមន៍ ភូមិ និងសង្កាត់ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈក្នុងមូលដ្ឋាន
៧៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជា ការដ្ឋានយោធភូមិភាគពិសេស និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវយកចិត្ត ទុកដាក់បង្កើនការក្តាប់សភាពការណ៍ពាក់ព័ន្ធសន្តិសុខ ជាពិសេសសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្ម ចលាចលសង្គម និងសកម្មភាពបង្កហានិភ័យផ្សេងៗទៀត ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ព្រមទាំងបង្កើនការយកចិត្តទុកដាក់នៅ តាមគោលដៅប្រមូលផ្តុំទេសចរណ៍ វត្តអារាម និងរមណីយដ្ឋាននានាជាដើម។
៨៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជា ការដ្ឋានយោធភូមិភាគពិសេស និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវចេញ បទបញ្ជាឱ្យបានម៉ឺងម៉ាត់ ដល់កងកម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។
៩៖ ជនណានៅតែបំពាន ឬប្រព្រឹត្តល្មើសមិនគោរពតាមសេចក្តីណែនាំខាងលើ បង្កឱ្យមានចលាចល ក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ត្រូវ ទទួលទោសទណ្ឌតាមច្បាប់ជាធរមាន៕



