FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត សោម ពិសិដ្ឋ៖ ខេត្តកែប ពុំមានបទល្មើសជួញដូរមនុស្ស និងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានោះទេ

24-03-2026 17:17

(កែប)៖​ រដ្ឋបាលខេត្តកែប នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៩ ក្រោមប្រធានបទ «យើងរួមគ្នា ដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ» ក្រោមអធិបតីភាព លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រេឆាំងអំពើជួញដូរមនុស្សខេត្តកែប នៅសាលប្រជុំសេះស សាលាខេត្តកែប។

ការប្រារព្ធ និងអបអរទិវាខាងលើ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយជាឧឡារិក អំពីស្ថានភាពប្រែប្រួល នៃបទល្មើសជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធកលល្បិចជនល្មើស និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើប្រតិបត្តិការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងបទល្មើសពាក់ព័ន្ធដ៏ទៃទៀត ដែលបង្កអោយមានភាពស្មុគស្មាញ និងចាំបាច់ត្រូវរួមគ្នាដោះស្រាយ។

នាឱកាសនោះ លោក សោម ពិសិដ្ឋ បានថ្លែងថា ទិវាជាតិនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការដាស់តឿន ពញ៉ាក់ស្មារតី ដល់យុវជន យុវនារី ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន កុំឲ្យចាញ់ល្បិចកលជនឆបោក។ ពិតណាស់ មនុស្សជាច្រើនបានចាញ់បោកការអូសទាញ តាមប្រព័ន្ធបច្ចេកវិទ្យារបស់ឧក្រិដ្ឋជន តាំងពីទម្រង់តូច រហូតដល់ទម្រង់ធំ តាមរយៈរូបភាពផ្សេងៗ ដែលធ្វើអោយមនុស្សជាច្រើនលង់ខ្លួនកាន់តែជ្រៅទៅក្នុងគ្រោះថ្នាក់ រហូតដល់បាត់បង់អាយុជីវិតថែមទៀតផង។

ដើម្បីពង្រឹងប្រសិទ្ធភាព នៃសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅខេត្តកែប អាជ្ញាធរខេត្ត បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងសន្តិភាព ដោយលុបបំបាត់ឲ្យបានរាល់ឧក្រិដ្ឋកម្ម ដែលកើតមាន និងលុបបំបាត់នៅរាល់បទល្មើសទាំងឡាយ ជាពិសេសទប់ស្កាត់បង្ក្រាប ឲ្យបានដាច់ខាតនៅបទល្មើស Online Scams។

លោកអភិបាលខេត្តបន្តថា ខេត្តកែប ពុំមានបទល្មើសជួញដូរមនុស្ស និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ កន្លងទៅអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ខិតខំទប់ស្កាត់បានយ៉ាងល្អប្រសើរ។

លោកអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តទាំងមូល សូមបន្តអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវសហការគ្នាបន្ថែមទៀត ដើម្បីប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស បទល្មើសទាំងឡាយ ដែលលំហូមកពីខាងក្រៅ ត្រូវទប់ស្កាត់ឲ្យបាន ដើម្បីសុវត្ថិភាព និងផលប្រយោជន៍ជូនប្រជាពលរដ្ឋយើង៕