FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: ការផ្អាករយៈពេលប្រាំថ្ងៃ៖ ដកឃ្លាដើម្បីសន្តិភាព ឬដើម្បីរៀបចំសង្គ្រាម? (Video inside)

24-03-2026 16:56

(ភ្នំពេញ)៖ នៅចំថ្ងៃនៃការដាក់ឱសានវាទ៤៨ម៉ោង, ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសពន្យាការវាយប្រហាររយៈពេល ៥ថ្ងៃ ខណៈមានការអះអាងថា អ៊ីរ៉ង់ និងអាមេរិក កំពុងមានការចរចា និងមានសញ្ញាវិជ្ជមានខ្លះៗ។ ទោះជាយ៉ាងណា អ៊ីរ៉ង់បានបដិសេធថា មិនមានការចរចាណាមួយឡើយ ដែលការបដិសេធនេះ បានបង្កើតសំណួរធំមួយឡើងវិញថា តើការផ្អាក ៥ថ្ងៃនេះ ជាឱកាសសន្តិភាព ឬជាការដកឃ្លា ដើម្បីរៀបចំសង្គ្រាមដំណាក់កាលថ្មី?

Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយជុំវិញបញ្ហានេះ

ការបញ្ឈប់ការវាយប្រហាររយៈពេល ៥ថ្ងៃ ដែលប្រកាសដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងពេលដែលមានសញ្ញាចរចាជាមួយអ៊ីរ៉ង់ កំពុងបង្កើតសំណួរធំមួយនៅលើឆាកនយោបាយអន្តរជាតិ៖ តើវាជាបង្អួចសន្តិភាព ឬជាការដកឃ្លាដើម្បីរៀបចំសង្គ្រាមដំណាក់កាលថ្មី?

ស្ថានការណ៍ពេលនេះ មើលទៅហាក់ដូចជាមិនមែនការឈានទៅរកការបញ្ចប់សង្គ្រាមទេ ប៉ុន្តែដូចជាការផ្លាស់ប្តូរយុទ្ធសាស្ត្រទៅវិញទេ។ ខណៈអាមេរិកនិយាយថា មានការចរចា អ៊ីរ៉ង់វិញបានបដិសេធថា មិនមានការពិភាក្សាណាមួយទេ គ្រាដែលការវាយប្រហារនៅតែបន្តក្នុងមជ្ឈិមបូព៌ា។ នេះបង្ហាញថា សង្គ្រាមនេះកំពុងដំណើរការជាមួយគ្នា ទាំងសង្គ្រាមយោធា សង្គ្រាមនយោបាយ និងសង្គ្រាមព័ត៌មាន។

*ផ្អាក មិនមានន័យថា សន្តិភាព

ក្នុងយុទ្ធសាស្ត្រយោធា មានពាក្យមួយហៅថា «Operational Pause» ដែលមានន័យថា បញ្ឈប់ប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីរៀបចំប្រតិបត្តិការដំណាក់កាលបន្ទាប់។ ការបញ្ឈប់ ប្រតិបត្តិការបណ្តោះអាសន្នមិនមែនជាការបញ្ចប់សង្គ្រាមទេ។ វាជាការដកឃ្លា ដើម្បីរៀបចំកម្លាំង សម្ភារៈ កិច្ចការបញ្ជាកម្លាំង និងគោលដៅសម្រាប់ការវាយប្រហារថ្មី។

ក្នុងរយៈពេលបញ្ឈប់ ៥ថ្ងៃ អាចមានសកម្មភាពជាច្រើនកំពុងកើតឡើងនៅពីក្រោយឆាក ដូចជា ការផ្លាស់ទីនាវាចម្បាំង ការរៀបចំប្រព័ន្ធការពារមីស៊ីល ការប្រមូលព័ត៌មានសម្ងាត់ ការកំណត់គោលដៅវាយប្រហារ និងការរៀបចំប្រតិបត្តិការប្រព័ន្ធបច្ចេកវិទ្យា cyber។ ដូច្នេះ ក្នុងភាសាយុទ្ធសាស្ត្រ ផ្អាក មិនមានន័យថា សន្តិភាពឡើយ ប៉ុន្តែអាចមានន័យថាការត្រៀមរៀប ចំសម្រាប់ការធ្វើសកម្មភាពអ្វីមួយ នៅដំណាក់កាលបន្ទាប់។

*កងកម្លាំងអាមេរិកមិនបានដកថយ ប៉ុន្តែផ្លាស់ទី

លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា មាន «ចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀង» ជាមួយអ៊ីរ៉ង់ បន្ទាប់ពីកិច្ចចរចាបានបន្តរហូតដល់ល្ងាចថ្ងៃអាទិត្យ ជាមួយបេសកជនជាន់ខ្ពស់អាមេរិកពីររូប។ លោក ត្រាំ បានបន្ថែមទៀតថា គេនឹងរង់ចាំមើលថាតើវានឹងនាំទៅរកអ្វី?

ប៉ុន្តែក្នុងការវិភាគយុទ្ធសាស្ត្រ អ្នកវិភាគយោធាច្រើន តែងតែពិនិត្យមើលមិនត្រឹមតែសម្តីនយោបាយប៉ុណ្ណោះទេ ប៉ុន្តែមើលទៅលើចលនាកងទ័ពនៅលើដី សមុទ្រ និងអាកាស។ ជាច្រើនដង ក្នុងប្រវត្តិសង្គ្រាម សេចក្តីថ្លែងការណ៍នយោបាយអាចផ្លាស់ប្តូរបាន ប៉ុន្តែចលនាកងទ័ពជាញឹកញាប់បង្ហាញពីគោលបំណងយុទ្ធសាស្ត្រពិតប្រាកដ។

នៅក្នុងស្ថានការណ៍បច្ចុប្បន្ន កងកម្លាំងអាមេរិក មិនបានដកចេញពីតំបន់មជ្ឈិមបូព៌ាទេ ប៉ុន្តែផ្ទុយទៅវិញ មានការផ្លាស់ទី និងបង្កើនវត្តមានយោធានៅជុំវិញតំបន់មជ្ឈិមបូព៌ា។ នេះបង្ហាញថា ស្ថានការណ៍មិនមែនកំពុងបន្ថយភាពតានតឹងទេ ប៉ុន្តែអាចជាការរៀបចំកម្លាំងសម្រាប់ជម្រើសយោធានៅដំណាក់កាលបន្ទាប់។

ក្នុងយុទ្ធសាស្ត្រយោធារបស់សហរដ្ឋអាមេរិក ជាទូទៅ កងទ័ពតែងត្រូវបានផ្លាស់ទី និងរៀបចំជាមុនសិន បន្ទាប់មក នឹងមានការសម្រេចថា ត្រូវវាយ ឬ មិនត្រូវវាយ។ នេះមានន័យថា ការផ្លាស់ទីកម្លាំង មិនមែនជាសញ្ញានៃសន្តិភាពទេ ប៉ុន្តែជាញឹកញាប់ជាសញ្ញានៃការរៀបចំជម្រើសយោធា។

*អ៊ីរ៉ង់នៅតែមានសមត្ថភាពវាយតបពីចម្ងាយ

ការបាញ់មីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ ដែលមានចម្ងាយលើសពី ២,០០០ គីឡូម៉ែត្រ សម្តៅទៅលើមូលដ្ឋានយោធានៅតំបន់សមុទ្រឥណ្ឌា បានបង្ហាញយ៉ាងច្បាស់ថា អ៊ីរ៉ង់នៅតែមានសមត្ថភាពវាយតបពីចម្ងាយ។ នេះមានន័យថា សង្គ្រាមនេះ មិនអាចត្រូវបានមើលថា ជាសង្គ្រាមនៅក្នុងតំបន់តូចមួយទេ។ វាអាចមានសក្ដានុពលពង្រីកទៅជាសង្គ្រាមតំបន់ ដែលអាចប៉ះពាល់ដល់មូលដ្ឋានយោធា ផ្លូវដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅតាមតំបន់ជាច្រើន។

ម្យ៉ាងទៀត រដ្ឋបាលដូណាល់ ត្រាំ ក៏ធ្លាប់រងការរិះគន់ពីអ្នកវិភាគ និងមន្ត្រីយោធាមួយចំនួន កន្លងមកដែរថា បានមើលស្រាលសមត្ថភាពវាយតបរបស់អ៊ីរ៉ង់ នៅពេលចាប់ផ្តើមការវាយប្រហារនៅចុងខែកុម្ភៈកន្លងមក។ ការវាយតបដោយមីស៊ីលចម្ងាយឆ្ងាយនៅពេលនេះ ក៏អាចត្រូវបានមើលថា ជាការបង្ហាញថា អ៊ីរ៉ង់នៅតែមានសមត្ថភាពយោធា ដែលមិនអាចមើលស្រាលបានឡើយ។

យុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ មិនមែនប្រយុទ្ធតាមរបៀបធម្មតា ដូចប្រទេសមហាអំណាចទេ ប៉ុន្តែផ្អែកលើយុទ្ធសាស្ត្រសង្គ្រាមអសមមាត្រ Asymmetric Warfare គឺវាយលើចំណុចខ្សោយជំនួសការប្រយុទ្ធផ្ទាល់ ដូចជា មូលដ្ឋានយោធា នាវាដឹកប្រេង ហេដ្ឋារចនាសម្ព័ន្ធថាមពល និងច្រកដឹកជញ្ជូនប្រេង។ នេះមានន័យថា អ៊ីរ៉ង់ប្រហែល មិនចាំបាច់ឈ្នះសង្គ្រាមដោយយោធាទេ ប៉ុន្តែអាចធ្វើឲ្យសង្គ្រាមមានតម្លៃថ្លៃ វែង និងពិបាកសម្រាប់ភាគីម្ខាងទៀត។

នៅពេលដូចគ្នានេះ អ៊ីរ៉ង់បានបដិសេធថា មិនមានការសន្ទនាណាមួយជាមួយក្រុងវ៉ាស៊ីនតោនទេ។ តេហេរ៉ង់ បានច្រានចោលសម្តីអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយនិយាយថា នោះគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយ ដើម្បីបញ្ចុះតម្លៃថាមពល និងទិញពេលវេលាសម្រាប់រៀបចំផែនការយោធាអាមេរិកតែប៉ុណ្ណោះ។ ការចោទប្រកាន់នេះបង្ហាញថា ការប្រឈមមុខគ្នារវាងភាគីទាំងពីរ មិនត្រឹមតែស្ថិតនៅលើសមរភូមិយោធាទេ។ វាកំពុងកើតឡើងនៅលើសមរភូមិនយោបាយ និងព័ត៌មានផងដែរ។

*បញ្ហាធំបំផុត គឺការខ្វះការជឿទុកចិត្ត

កត្តាដែលធ្វើឲ្យស្ថានការណ៍ក្នុងសង្គ្រាមនេះកាន់តែគ្រោះថ្នាក់ មិនមែនស្ថិតនៅលើអាវុធ ឬ មីស៊ីលតែប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើ ការខ្វះការជឿទុកចិត្តរវាងភាគី។ អ៊ីរ៉ង់មិនជឿលើសេចក្តីថ្លែងការណ៍របស់អាមេរិកទៀតទេ ខណៈអាមេរិកក៏មិនជឿលើការប្តេជ្ញារបស់អ៊ីរ៉ង់ដែរ។ នៅពេលដែលការជឿទុកចិត្តរលាយបាត់ ការចរចាក្លាយជារឿងពិបាក ហើយហានិភ័យនៃការគណនាខុស ក៏អាចកើនឡើងយ៉ាងខ្លាំង។

ម្យ៉ាងទៀត អ៊ីរ៉ង់ទើបនឹងមានមេរៀនថ្មីមួយ ដែលបានបន្ថែមការមិនទុកចិត្តលើការចរចាជាមួយសហរដ្ឋអាមេរិក។ នៅពេលដែលការចរចាកំពុងខិតជិតទៅរកការយល់ព្រមមួយ ស្រាប់តែមានការវាយប្រហារតាមផ្លូវអាកាសពីសម្ព័ន្ធអ៊ីស្រាអែល–អាមេរិក កាលពីថ្ងៃទី ២៨ ខែកុម្ភៈកន្លងមកនេះ ដែលបណ្តាលឱ្យបាត់បង់ជីវិតមេដឹកនាំកំពូលអ៊ីរ៉ង់។ ព្រឹត្តិការណ៍នេះ បានធ្វើឲ្យទីក្រុងតេហេរ៉ង់មើលឃើញថា ការចរចា និងការវាយប្រហារ អាចកើតឡើងនៅពេលតែមួយ ហើយដូច្នេះ ការជឿទុកចិត្តលើដំណើរការចរចាក៏កាន់តែថយចុះ។

ក្នុងប្រវត្តិសង្គ្រាមជាច្រើន សង្គ្រាមធំៗមិនផ្ទុះឡើងដោយសារភាគីណាមួយចង់វាយជាក់លាក់ទេ ប៉ុន្តែផ្ទុះឡើងដោយសារការយល់ច្រឡំ ការបកស្រាយខុស និងការគណនាខុសអំពីចេតនារបស់ភាគីម្ខាងទៀត។ នៅពេលដែលភាគីមួយគិតថា ភាគីម្ខាងទៀតកំពុងរៀបចំវាយ ខណៈភាគីម្ខាងទៀតគិតថាគ្រាន់តែការពារ ភាពយល់ច្រឡំនេះ អាចនាំឲ្យមានការវាយប្រហារមុន ហើយបង្កឲ្យសង្គ្រាមពង្រីកដោយមិនមាននរណាចង់ឲ្យវាកើតឡើងផង។

ដូច្នេះ ក្នុងសង្គ្រាមនេះ កត្តាដែលគ្រោះថ្នាក់បំផុត ប្រហែលមិនមែនជាមីស៊ីល ឬ គ្រាប់បែកទេ ប៉ុន្តែជាការយល់ច្រឡំ និងការខ្វះការជឿទុកចិត្តរវាងភាគី ដែលអាចធ្វើឲ្យការសម្រេចចិត្តខុសតែមួយ ប្រែក្លាយជាការប្រឈមមុខធំមួយនៅក្នុងតំបន់ទាំងមូល។

*សង្គ្រាមនេះ កំពុងដំណើរការដូចជា «រលក»

បើមើលតាមលំនាំយុទ្ធសាស្ត្រ សង្គ្រាមអ៊ីរ៉ង់មើលទៅមិនដំណើរការតាមបន្ទាត់តែមួយឡើយ ប៉ុន្តែកំពុងដំណើរការតាមលំនាំដូចជាទឹករលក ដែលបោកបក់ក្នុងដំណើរដដែលៗ ដែលមិនអាចរកទីបញ្ចប់បានឡើយ៖ការវាយប្រហារ បង្កឱ្យភាពតានតឹងកើនឡើង បន្ទាប់មកប៉ះពាល់ដល់តម្លៃប្រេង បង្កើនសម្ពាធនយោបាយអន្តរជាតិ លេចចេញសញ្ញាចរចា បញ្ឈប់ការវាយប្រហារបណ្តោះអាសន្ន ហើយបន្ទាប់មក ក៏មានការវាយប្រហារជាថ្មី។

លំនាំបែបនេះបង្ហាញថា វាមិនមែនជាសង្គ្រាម ដែលដំណើរការទៅមុខតែម្តងទេ ប៉ុន្តែដំណើរការជាវដ្ត រវាង ការវាយប្រហារ សម្ពាធសេដ្ឋកិច្ច និងការចរចា។ ហើយរាល់ពេលដែលមានសញ្ញាចរចា មិនមែនមានន័យថាសង្គ្រាមកំពុងបញ្ចប់ទេ។ ជាញឹកញាប់វាជាសញ្ញាថា សង្គ្រាមកំពុងផ្លាស់ប្តូរទៅដំណាក់កាលថ្មីមួយ។

និយាយម្យ៉ាងទៀត សង្គ្រាមអ៊ីរ៉ង់ក្នុងពេលនេះ មិនមែនដំណើរការតាមបន្ទាត់តែមួយពីសង្គ្រាមទៅសន្តិភាពឡើយ។ វាកំពុងផ្លាស់ប្តូរទៅមក រវាងសង្គ្រាម និងការចរចា ដូចជារលកដែលឡើង ហើយចុះ ប៉ុន្តែមិនដែលស្ងប់ស្ងាត់ពិតប្រាកដឡើយ។ ក្នុងសង្គ្រាមសម័យទំនើប ការចរចាហាក់ដូចជាមិនមែនជាចុងបញ្ចប់នៃសង្គ្រាមទេ ប៉ុន្តែជាផ្នែកមួយនៃសង្គ្រាមតែប៉ុណ្ណោះ។

សេចក្តីសន្និដ្ឋាន៖

ការបញ្ឈប់ការវាយប្រហាររយៈពេល ៥ថ្ងៃ អាចមើលទៅដូចជាជំហានមួយទៅរកសន្តិភាព ប៉ុន្តែបើពិនិត្យពីមុខមាត់យុទ្ធសាស្ត្រ វាក៏អាចជាការដកឃ្លារវាងដំណាក់កាលនៃសង្គ្រាមផងដែរ។ ក្នុងពេលដែលអ៊ីរ៉ង់កាលពីមុនបានបង្ហាញសញ្ញាបន្ទន់ទៅរកការចរចា សហរដ្ឋអាមេរិកវិញបានវាយប្រហារ ដែលបណ្តាលឱ្យបាត់បង់មេដឹកនាំកំពូលអ៊ីរ៉ង់។ ហើយនៅពេលនេះ ខណៈអាមេរិកកំពុងសាកល្បងស្វែងរកការចរចា អ៊ីរ៉ង់ក៏កំពុងបង្ហាញសមត្ថភាពវាយតបពីចម្ងាយដូចគ្នា។ នេះបង្ហាញថា ភាគីទាំងពីរ កំពុងប្រើទាំងការចរចា និងសមត្ថភាពយោធា ជាមួយគ្នា។

ដូច្នេះ សំណួរធំបំផុតនៅពេលនេះ មិនមែនថា សង្គ្រាមនឹងបញ្ចប់ឬអត់ទេ ប៉ុន្តែគឺថា ការបញ្ឈប់ ៥ថ្ងៃនេះ ជាបង្អួចសន្តិភាព ឬជាការដកឃ្លា ដើម្បីរៀបចំសង្គ្រាមដំណាក់កាលថ្មី។ ក្នុងសង្គ្រាមសម័យទំនើប សញ្ញានៃភាពស្ងប់ស្ងាត់ពេលនេះ អាចមិនមែនជាសញ្ញានៃសន្តិភាពទេ ប៉ុន្តែជាសញ្ញានៃព្យុះដ៏ធំមួយដែលកំពុងតែរៀបចំខ្លួនធ្វើសកម្មភាព៕