រដ្ឋមន្ត្រីក្រសួងផែនការ ស្នើក្រសួងស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការធ្វើអន្តរប្រតិបត្តិការ ជាមួយថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ដើម្បីធានាថា ការអនុវត្តកម្មវិធីជំនួយសង្គម និងអន្តរាគមន៍សង្គម អាចផ្អែកលើទិន្នន័យដែលមានគុណភាព
24-03-2026 16:24
(ភ្នំពេញ)៖ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យបន្តពង្រឹងការធ្វើអន្តរប្រតិបត្តិការ និងការផ្លាស់ប្តូរទិន្នន័យ ជាមួយថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ស្របតាមក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីធានាថា ការអនុវត្តកម្មវិធីជំនួយសង្គម និងអន្តរាគមន៍សង្គមនានា អាចផ្អែកលើទិន្នន័យដែលមានគុណភាព។
ការលើកឡើងបែបនេះរបស់ លោករដ្ឋមន្ត្រី បានធ្វើឡើង នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ នៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ «ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា» ដើម្បីការបន្តអភិវឌ្ឍ និងការធ្វើទំនើបកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់អគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម, ក្រសួង ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍, និងក្រុមបច្ចេកទេសទាំងអស់ ដែលបានរួមគំនិតរួមកម្លាំង និងរួមការទទួលខុសត្រូវ ធ្វើឱ្យសមិទ្ធផលនេះកើតមានឡើង។
លោករដ្ឋមន្ត្រីបានថ្លែងថា សមិទ្ធផលនាពេលនេះ គឺជាភស្តុតាងច្បាស់លាស់នៃកិច្ចសហការអន្តរស្ថាប័ន ប្រកបដោយសាមគ្គីភាព និងចក្ខុវិស័យរួម ក្នុងការលើកកម្ពស់ប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យកាន់តែទំនើប ប្រសិទ្ធភាព និងឆ្លើយតបទាន់ពេល ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។
លោក ប៊ិន ត្រឈៃ បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការ «ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា» គឺជាជំហានដ៏សំខាន់ និងជាសមិទ្ធផលថ្មីមួយទៀត ក្នុងការធ្វើទំនើបកម្ម និងសុខដុមនីយកម្មប្រព័ន្ធឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងដំណើរការលើប្រព័ន្ធអេកូឡូស៊ីគាំពារសង្គមឌីជីថលរួម នៃថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ដូចដែលបានកំណត់ ក្នុងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤-២០២៨។
លោករដ្ឋមន្ត្រី ក៏លើកទឹកចិត្ត និងស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់ លើកិច្ចការអាទិភាពមួយចំនួន ដូចខាងក្រោម៖
ទី១៖ អគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ ត្រូវបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីជំរុញការអនុវត្តគោលដៅយុទ្ធសាស្ត្រ នៃផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤-២០២៨ ឱ្យបានសកម្ម និងជាប់លាប់ ជាពិសេសការធ្វើទំនើបកម្មមុខងារ IDPoor, ការពង្រឹងគុណភាពទិន្នន័យ, ការធ្វើបច្ចុប្បន្នភាពទិន្នន័យឱ្យបានទាន់ពេល និងការលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តនៅថ្នាក់ក្រោមជាតិ ដើម្បីធានាថា យន្តការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ អាចឆ្លើយតបបាន កាន់តែមានប្រសិទ្ធភាព ចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ទី២៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពង្រឹងការធ្វើអន្តរប្រតិបត្តិការ និងការផ្លាស់ប្តូរ ទិន្នន័យ ជាមួយថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ស្របតាមក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីធានាថា ការអនុវត្តកម្មវិធីជំនួយសង្គម និងអន្តរាគមន៍សង្គមនានា អាចផ្អែកលើទិន្នន័យដែលមានគុណភាព។
និងទី៣៖ រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការគាំទ្រយ៉ាងពេញលេញ ពីក្រសួងមហាផ្ទៃ, ត្រូវបន្តយកចិត្តទុកដាក់ លើការផ្តល់សេវាគាំពារសង្គម ជូនពលរដ្ឋគោលដៅ និងអ្នកទទួលផល ក្នុងដែនសមត្ថកិច្ចរៀងខ្លួន ឱ្យកាន់តែល្អ ពិសេសការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ដោយប្រើប្រាស់ផតថល IDPoor លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា និងឧបករណ៍ចុះបញ្ជី ឱ្យបានពេញលេញ៕











