ថ្នាក់ដឹកនាំខេត្តសៀមរាប ណែនាំក្រុមគ្រូពេទ្យ ត្រូវប្រើឥរិយាបថសមរម្យចំពោះអ្នកជំងឺ
24-03-2026 16:08
(សៀមរាប)៖ លោក លី សារី អភិបាលរងខេត្តសៀមរាប បានណែនាំក្រុមគ្រូពេទ្យទាំងអស់ ត្រូវបន្តប្រើឥរិយាបថសមរម្យ ចំពោះអ្នកជំងឺ និងចាំទុកថា គ្រូពេទ្យ គឺជាអ្នកជួយសង្គ្រោះជីវិតអ្នកជំងឺ។
លោកថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ២០២៦ នាថ្ងៃទី២៤ ខែមីនា នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ លោក លី សារី បានលើកឡើងថា ការផ្តល់សេវាបានល្អនៃវិស័យសុខាភិបាល មិនត្រឹមតែជាល័ក្ខខណ្ឌចាំបាច់ និងមិនអាចខ្វះបានសម្រាប់ចូលរួមចំណែកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយការឈឺចាប់ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺថែមទាំងលើកកម្ពស់ការជឿជាក់របស់ប្រជាពលរដ្ឋ ចំពោះវិស័យសុខាភិបាល និងការលើកកម្ពស់កិត្ដិយស និងសេចក្ដីថ្លៃថ្នូរ ដល់កម្ពុជាយើងផងដែរ។
លោកបានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីជាយុទ្ធសាស្រ្ត ក្នុងការបន្តអភិវឌ្ឍកាន់តែប្រសើរឡើងថែមទៀត ក្នុងនោះ គឺត្រូវធ្វើការដោះស្រាយបញ្ហាឲ្យតូចៗ និងដោះស្រាយនៅនឹងកន្លែងដោយមិនរង់ចាំ និងបន្តលើកតម្កើនគុណតម្លៃនៃឥរិយាបថថ្លៃថ្នូរ និងប្រកាប់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល, ប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធិភាពជាមួយប្រជាពលរដ្ឋ អ្នកជំងឺ និងក្រុមគ្រួសារ ដោយឈរលើគោលការណ៍ បច្ចេកទេសហ្មត់ចត់ មនុស្សធម៌ គុណធម៌។
លោកបានបន្តថា ត្រូវបន្តយកចិតទុកដាក់ខ្ពស់លើការពង្រឹង និងបន្តរៀនសូត្រនូវភាពជាអ្នកដឹកនាំ សមត្ថភាពធ្វើឲ្យកាន់តែប្រសើរជាលំដាប់ប្រព័ន្ធសុខាភិបាល ការថែទាំសុខភាពប្រជាពលរដ្ឋ តាមរយៈការបន្តពង្រឹងសមត្ថភាពមណ្ឌលសុខភាពដែលជាជួរមុខ និងពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែក ជាខ្សែបន្ទាប់ បន្តពង្រឹង និងបង្កើនសមត្ថភាពសង្គ្រោះបន្ទាន់ នៅកម្រឹតមន្ទីរពេទ្យបង្អែក និងធ្វើបន្តទំនើបកម្មប្រព័ន្ធព័ត៌មានសុខាភិបាល។
លោកបន្ថែមថា ត្រូវបន្តបុរេសកម្មលើការបង្ការជម្ងឺឆ្លង ជំងឺមិនឆ្លង ជាពិសេសត្រូវពង្រឹងប្រព័ន្ធនៃការតាមដាន និងឆ្លើយតបជំងឺឆ្លងរាតត្បាតឲ្យបានទាន់ពេល រួមទាំងកម្មវិធីចាក់វ៉ាក់សាំងបង្ការ និងការថែទាំសុខភាពមាតា ទារក និងកុមារ ទាំងមុនពេលសម្រាល និងក្រោយសម្រាល ដើម្បីធានាការសម្រាលដោយសុវត្ថិភាព រួមទាំងកម្មវិធីអាហារូបត្ថម្ភកុមារ នៅតែជាចំនុចអាទិភាពសុខាភិបាល។
លោក លី សារី បានជំរុញដល់ថ្នាក់ដឹកនាំ អ្នកពាក់ព័ន្ធ និងមន្រ្តីនៃមន្ទីរសុខាភិបាល ក្នុងការបន្តអនុវត្តកម្មវិធីយុទ្ធសាស្ត្រ របស់ក្រសួងសុខាភិបាល ផែនការអាទិភាព និងផែនការគន្លឹះវិស័យសុខាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ និងការទទួលខុសត្រូវ និងអាជ្ញាធរ ក្រុង/ស្រុក ឃុំ/សង្កាត់ ដៃគូរសុខាភិបាល ត្រូវដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំ គាំទ្រ ជំរុញ កែលម្អ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ដែលស្ថិតនៅក្នុងដែនគ្រប់គ្រងរបស់ខ្លួន ក្នុងទិសដៅផែនការ ប្រគួតប្រជែង ឃុំ សង្កាត់ ចូលរួម និងគាំទ្រល្អ មណ្ឌលសុខភាពផ្តល់សេវាល្អ៕
















