FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប បើកកិច្ចប្រជុំ ពិនិត្យខ្លឹមសារអត្ថបទវីដេអូ អត្ថបទវិទ្យុ សម្រាប់ផ្សព្វផ្សាយក្នុងអំឡុងពេល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦

24-03-2026 15:17

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើរបាយការណ៍ ស្តីពីការដំឡើងឋានន្តរស័ក្តិ និងថ្នាក់សម្រាប់អ្នករាជការ គ.ជ.ប និងពិនិត្យខ្លឹមសារអត្ថបទវីដេអូ អត្ថបទវិទ្យុ សម្រាប់ផ្សព្វផ្សាយក្នុងអំឡុងពេល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សា តាមរបៀបវារៈម្តងមួយៗ ហើយអង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

១៖ របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប ពិនិត្យលើរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ សម្រាប់អ្នករាជការ គ.ជ.ប ឆ្នាំ២០២៦ ដែលការឡើងថ្នាក់នោះ ត្រូវធ្វើតាមវេនជ្រើសរើស គឺអ្នកដែលមានអតីតភាពការងារចាប់ពី ២ (ពីរ) ឆ្នាំ ជិតដល់ ៣ (បី) ឆ្នាំឡើងទៅ។ អង្គប្រជុំ គ.ជ.ប បានឯកភាពលើសំណើសុំដំឡើងឋានន្តរស័ក្តិ និងថ្នាក់ សម្រាប់អ្នករាជការ គ.ជ.ប ឆ្នាំ២០២៦ ចំនួន ២៣៧ (ពីររយសាមសិបប្រាំពីរ) នាក់។

២៖ របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប ពិនិត្យលើខ្លឹមសារអត្ថបទនីមួយៗរួមមាន អត្ថបទវីដេអូអប់រំខ្លី អត្ថបទផ្សាយតាមវិទ្យុ សេចក្តីជូនដំណឹងផ្សាយតាមមេក្រូចល័ត និងបានពិភាក្សាកែសម្រួលទៅតាមខ្លឹមសារនៃសាច់រឿង សម្រាប់ផ្សព្វផ្សាយក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។ អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖
* ឯកភាពខ្លឹមសារអត្ថបទវីដេអូចម្រៀងកាយវិការមានចំណងជើងថា៖
* បទចម្រៀងទី១៖ “តស់! ទៅពិនិត្យបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥”
* បទចម្រៀងទី២៖ “យើងគ្រប់អាយុចុះឈ្មោះបោះឆ្នោតហើយ”
* បទចម្រៀងទី៣៖ “សារៈសំខាន់នៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង”។

* ឯកភាពខ្លឹមសារអត្ថបទវីដេអូអប់រំរឿងខ្លីមានចំណងជើងថា៖
* រឿងទី១៖ “ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត”
* រឿងទី២៖ “ការប្តូរការិយាល័យបោះឆ្នោត”
* រឿងទី៣៖ “យុវជន និងការពិនិត្យបញ្ជីបោះឆ្នោតដំបូង”។
* ឯកភាពខ្លឹមសារអត្ថបទវីដេអូគំនូរជីវចល មានចំណងជើងថា៖
* រឿងទី១៖ “ឯកសារប្រើប្រាស់នៅពេលចុះឈ្មោះបោះឆ្នោត”
* រឿងទី២៖ “ស្រុកកំណើតឆ្ងាយ និងការចុះឈ្មោះបោះឆ្នោត”
* រឿងទី៣៖ “ប្រយ័ត្នខុសឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង”។

* ឯកភាពខ្លឹមសារអត្ថបទសម្រាប់ផ្សាយតាមវិទ្យុមានចំណងជើងថា៖
* អត្ថបទរឿងទី១៖ “ខ្ញុំចង់កែតម្រូវទិន្នន័យជីវប្រវត្តិក្នុងបញ្ជីបោះឆ្នោត”
* អត្ថបទរឿងទី២៖ “ខ្ញុំផ្លាស់មកនៅឃុំថ្មី តែឈ្មោះបោះឆ្នោតនៅឃុំចាស់”
* អត្ថបទរឿងទី៣៖ “ប្តឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង”។

* ឯកភាពសេចក្តីជូនដំណឹងស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ សម្រាប់ផ្សព្វផ្សាយតាមមេក្រូចល័ត ចែកចេញជាពីរដំណាក់កាល រួមមាន៖
* ដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
* សេចក្តីជូនដំណឹងស្តីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦”
* សេចក្តីជូនដំណឹងស្តីពី “ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦”
* សេចក្តីជូនដំណឹងស្តីពី “ឯកសារសម្រាប់ប្រើប្រាស់នៅពេលចុះឈ្មោះបោះឆ្នោត”។

ដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង
* សេចក្តីជូនដំណឹងស្តីពី “ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៦”
* សេចក្តីជូនដំណឹងស្តីពី “ការប្តឹងតវ៉ា និងការប្តឹងជំទាស់ទៅនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត”៕