FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក យាងជួបសំណេះសំណាល សួរសុខទុក្ខ និងប្រោសព្រះរាជទានអំណោយជូនវីរៈនគរបាលការពារព្រំដែនគោក ដែលកំពុងឈរជើងការពារទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ-ឡាវ

24-03-2026 15:09

(ព្រំដែន)៖ នៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានយាងជួបសំណេះសំណាល សួរសុខទុក្ខ និងប្រោសព្រះរាជទានអំណោយជូនវីរៈកងកម្លាំងនគរបាលការពារព្រំដែនគោក ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងព្រំដែនកម្ពុជា-ឡាវ។​

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក តំណាងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជាមេបញ្ជាការគណៈបញ្ជាការនគ​របាលជាតិប្រចាំ ទិស​ភូមិភាគទី៣ ទី៤ និងទី៥ និងកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ទទួលព្រះរាជវត្តមានសោមនស្សរីករាយយ៉ាងក្រៃលែង និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត។

នៅក្នុងកម្មវិធីនេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះធម្មលិខិតបណ្ឌិត សៅ​រ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ​, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក, ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង, លោកជំទាវ កែ សួនសុភី សសុខា តំណាងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក លោកស្រី ប្រតិភូអមដំណើរជាច្រើននាក់ផ្សេងទៀត។

សម្រាប់អំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមមាន៖​ ថវិកា​៥០លានរៀល សំរាប់អង្គភាព និងថវិកា៤លានរៀល សំរាប់កម្លាំងចូលរួម, អង្ករ ៥តោន, ទឹកបរិសុទ្ធ ១៨០០កេស, មី ៥០០កេស, ត្រីខ ១០៤កេស, ទឹកត្រី ២៥០យួរ, ទឹកស៊ីអុីវ ២៥០យួរ, នំកូរ៉េ ៥ កេស, ប្រហុក ៦ កេស, អំបុកសាច់ផាត់ ៥ កេស, បាយរំលីងសាច់អាំង ៥កេស, សាច់ផាត់ ១កេស, នំ900 100កេស, អំបុក ៦កេស, ចេកឆាប ២កេស, សូឡា និងផៅវើបេង ១០ឈុត, ម៉ាសការពារផ្សែងពុល៥០០ និងអាហារក្រៀម ៣០០កញ្ចប់៕