ក្រសួងផែនការ និងក្រុមប្រឹក្សាជាតិគាំពារសង្គម ដាក់ឱ្យដំណើរការ «ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា» ដើម្បីបន្តអភិវឌ្ឍ និងធ្វើទំនើបកម្មឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបតម្រូវការប្រជាពលរដ្ឋ
24-03-2026 14:53
(ភ្នំពេញ)៖ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងលោកបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ «ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា» ដើម្បីបន្តអភិវឌ្ឍ និងធ្វើទំនើបកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពី លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍ លោក លោកស្រី និងសមាជិកជាច្រើននាក់។
នាឱកាសនេះ លោក ប៊ិន ត្រឈៃ បានលើកឡើងថា សមិទ្ធផលទាំងឡាយ ពិសេសការធ្វើឌីជីថលូបនីយកម្មលើយន្តការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ជាបន្តបន្ទាប់ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ បានធ្វើឱ្យរំហូរការងារប្រែក្លាយពីការធ្វើដោយដៃ ទៅជាការអនុវត្តតាមប្រព័ន្ធឌីជីថលទាំងស្រុង។ ការដាក់ឱ្យដំណើរការ «ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា» នាថ្ងៃនេះ គឺជាជំហានដ៏សំខាន់ និងជាសមិទ្ធផលថ្មីមួយទៀត ក្នុងការធ្វើទំនើបកម្ម និងសុខដុមនីយកម្មប្រព័ន្ធឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងដំណើរការលើប្រព័ន្ធអេកូឡូស៊ីគាំពារសង្គមឌីជីថលរួម នៃថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ដូចដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤-២០២៨។
ការធ្វើទំនើបកម្ម និងសុខដុមនីយកម្មនេះ នឹងរួមចំណែកជាកត្តាជំរុញដ៏សំខាន់ក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្ត កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។
លោករដ្ឋមន្ត្រីក៏បានចង្អុលបង្ហាញ និងណែនាំឱ្យអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ យកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងប្រសិទ្ធភាព និងភាពស្វ័យប្រវត្តិកម្មនៃផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក៏ដូចជាសហការជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម សំដៅធ្វើសុខដុមនីយកម្ម និងដាក់ឱ្យដំណើរការលើ «ថ្នាលឌីជីថលរួម» ក្រោមក្របខណ្ឌនៃការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ដើម្បីធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងតម្លាភាព ដោយឈរលើគោលការណ៍ «អន្តរប្រតិបត្តិការជាប្រព័ន្ធអេកូឡូស៊ីតែមួយ»។
ជាមួយគ្នានេះ លោកបណ្ឌិត ចន ណារិទ្ធ បានបន្ថែមថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា កំពុងបន្តរីកចម្រើនយ៉ាងល្អប្រសើរ និងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ ប្រកបដោយភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងដោយមានការចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ និងបុរេសកម្មពីគ្រប់ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធ។
ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្រដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គមនៅកម្ពុជា ប្រកាន់យកអភិក្រមបែបចម្រុះដែលមានលក្ខណៈ «បែបមជ្ឈការផង និងវិមជ្ឈការផង»។
បន្ថែមពីនេះ លោកបណ្ឌិត ចន ណារិទ្ធ បានបញ្ជាក់ថា គិតមកដល់ពេលនេះ កម្មវិធីគាំពារសង្គមជាច្រើន ត្រូវបានធ្វើសុខដុមនីយកម្ម ដោយដាក់ឱ្យដំណើរការលើថ្នាលឌីជីថល DSPP ដែលក្នុងនោះរួមមាន៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ (រួមបញ្ចូលកម្មវិធីជាតិជំនួយសង្គមចំនួន៥) ការកំណត់អត្តសញ្ញាណជនមានពិការភាព កម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ តាមម្តាយក្នុងប្រព័ន្ធធនាគារ និងការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងជនងាយរងគ្រោះ៕














