FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរ និងសមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាបសិប្បកម្មកែច្នៃឈើខុសច្បាប់ចំនួន៥ទីតាំង នៅស្រុកជាំក្សាន្ត

24-03-2026 14:52

(ព្រះវិហារ)៖ ក្រុមការងារចម្រុះ បានចុះបង្ក្រាប និងដកហូតវត្ថុតាងបទល្មើសពាក់ព័ន្ធសិប្បកម្មកែច្នៃឈើខុសច្បាប់ នៅចំណុចភូមិបង្គោល៨ និងភូមិស្ទឹងខៀវ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយដឹកនាំ សម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ និងមានការចូលរួមពីលោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

តាមរបាយការណ៍ ក្រុមការងារបានបញ្ជាក់ថា៖ប្រតិបត្តិការខាងលើបានចែកចេញជាពីរគោលដៅសំខាន់ៗរួមមាន៖

*ទី១៖ គោលដៅប្រមូលទិញឈើ និងគ្រាក់ នៅភូមិចារ ឃុំសកន្ទួត
*ទី២៖ គោលដៅសិប្បកម្មកែច្នៃឈើ នៅភូមិស្ទឹងខៀវ និងភូមិបង្គោល៨។

ជាលទ្ធផល កម្លាំងចម្រុះបានចុះត្រួតពិនិត្យសិប្បកម្មឈើសរុប២៤ទីតាំង និងបានបង្ក្រាបជាក់ស្តែងចំនួន ៥ទីតាំង ដោយដកហូតវត្ថុតាងជាច្រើន រួមមានម៉ាស៊ីន និងឧបករណ៍កែច្នៃឈើជាច្រើនប្រភេទ ព្រមទាំងឈើកំណាត់ និងផលិតផលឈើមួយចំនួន។

ក្នុងចំណោមទីតាំងដែលត្រូវបានបង្ក្រាប មានម្ចាស់សិប្បកម្មខ្លះបានសហការល្អជាមួយសមត្ថកិច្ច ខណៈម្ចាស់មួយចំនួនផ្សេងទៀត បានជម្លៀសយកម៉ាស៊ីន និងឧបករណ៍ចេញពីទីតាំង ដើម្បីលាក់បាំងនៅតាមតំបន់ព្រៃ។

វត្ថុតាងទាំងអស់ ត្រូវបានដឹកជញ្ជូនតាមរថយន្តស្ទូចចំនួន២គ្រឿង មករក្សាទុកបណ្តោះអាសន្ននៅស្នាក់ការភូមិតេជោធម្មជាតិ សរុបបាន ៤ឡាន ដើម្បីរង់ចាំការចាត់ការតាមនីតិវិធី។ ដោយឡែក សម្រាប់គោលដៅភូមិចារ ក្រុមការងារមិនទាន់អាចអនុវត្តការដកហូតបាននៅឡើយទេ ដោយសារខ្វះមធ្យោបាយដឹកជញ្ជូន ប៉ុន្តែបានដាក់កម្លាំងបិតខ្ទប់តាមច្រកសំខាន់ៗ និងអនុវត្តការយាមកាមត្រួតពិនិត្យយ៉ាងតឹងរឹង៕