FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុននឹងជួយសាងសង់រ៉ាដាគ្រប់គ្រងនាវាដឹកទំនិញ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

24-03-2026 11:00

(ព្រះសីហនុ)៖ ប្រទេសជប៉ុននឹងជួយសាងសង់រ៉ាដា ដើម្បីគ្រប់គ្រងកប៉ាល់ ដែលធ្វើនាវាចរណ៍ក្នុងសមុទ្រនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដែលជាការបន្តជួយធ្វើទំនើបកម្មសមត្ថភាព កំពង់ផែស្វយ័តក្រុងព្រះសីហនុបន្តទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា។

ថ្លែងមកកាន់ក្រុមអ្នកយកព័ត៌មាន នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យដឹងថា គម្រោងសាងសង់រ៉ាដា ដើម្បីគ្រប់គ្រងកប៉ាល់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជប៉ុនជួយនេះ គ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមខែឧសភា ហើយអាចសាងសង់រួចរាល់នៅខែកញ្ញា។

លោក លូ គឹមឈន់ បានគូសបញ្ជាក់ដូច្នេះ៖ «ជប៉ុនជួយធ្វើជាអង់តែនរ៉ាដា ដើម្បីគ្រប់គ្រងកប៉ាល់ដើរក្នុងសមុទ្រទាំងអស់ហ្នឹងមកកាន់ផែយើង។ នៅខែកញ្ញា គម្រោងសាងសង់អង់តែនរ៉ាដានេះ ត្រូវសាងសង់រួចរាល់ហើយ»

លោក លូ គឹមឈន់ បានអះអាងថា កំពង់ផែ គឺជាបំពង់កដ៏សំខាន់នៃសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះការធ្វើឱ្យទំនើបកម្មកំពង់ផែគឺជារឿងដ៏សំខាន់ ហើយនាំឱ្យសេដ្ឋកិច្ចរីកចម្រើន ហើយបើគ្មានកំពង់ផែទេនោះកម្ពុជានឹងជួបការលំបាកមួយចំនួន។

ប្រតិភូរាជរដ្ឋាភិបាលរូបនេះ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបន្តជួយធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ ៣០ឆ្នាំមក ទាំងការជួយចាប់តាំងពីហេដ្ឋារចនាសម្ព័ន្ធ និងគ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។

លោក លូ គឹមឈន់ ក្នុងឆ្នាំ២០២៥ កន្លងទៅ កំពង់ផែអន្តរជាតិមួយនេះ ទទួលកុងតឺន័រឆ្លងកាត់ជាង១លាន ៣៤ម៉ឺនទូកុងតឺន័រ កើននជាង១២ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ សម្រាប់រយៈពេល៣ ខែដំបូងនៃឆ្នាំ២០២៦ ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាបានកើនឡើង៣៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕