បណ្ឌិត ញិល រដ្ឋា៖ ចិន-រុស្ស៊ី នឹងបាត់បង់៣យ៉ាង ប្រសិនជាមិនអាចជួយរក្សារបបដឹកនាំបច្ចុប្បន្នរបស់អ៊ីរ៉ង់បាន
23-03-2026 19:14
(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ច បានលើកឡើងថា ប្រសិនបើរបបដឹកនាំបច្ចុប្បន្នរបស់អ៊ីរ៉ង់ត្រូវដួលរលំ ហើយជំនួសមកវិញដោយរដ្ឋាភិបាលដែលស្និទ្ធនឹងលោកខាងលិច (Pro-Western) នោះ រុស្ស៊ីនិងចិន នឹងត្រូវរងគ្រោះថ្នាក់ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុត។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត មកកាន់បណ្ដាញព័ត៌មាន Fresh News។
រឿង៣យ៉ាង ដែលរុស្ស៊ី និងចិន អាចជួបប្រទះមានដូចជា៖
១. សម្រាប់រុស្ស៊ី៖ ការបាត់បង់ «បន្ទាយខាងត្បូង»
សម្រាប់វិមានក្រឹមឡាំង អ៊ីរ៉ង់មិនមែនគ្រាន់តែជាមិត្តទេ ប៉ុន្តែគឺជា «ជញ្ជាំងទប់ទល់» ឥទ្ធិពលអាមេរិក៖
- ការបាត់បង់តុល្យភាពយោធា៖ បើអ៊ីរ៉ង់ធ្លាក់ក្នុងដៃអាមេរិក នោះណាតូ (NATO) នឹងមានវត្តមាននៅមាត់ទ្វារផ្ទះរបស់រុស្ស៊ីពីទិសខាងត្បូង (តំបន់ Caspian)។ រុស្ស៊ីនឹងត្រូវឡោមព័ទ្ធជុំទិស ដែលធ្វើឱ្យសន្តិសុខជាតិរុស្ស៊ីរង្គោះរង្គើខ្លាំងបំផុត។
- ច្រករបៀងដឹកជញ្ជូន (INSTC)៖ រុស្ស៊ីកំពុងពឹងផ្អែកលើច្រករបៀង North-South Transport Corridor ឆ្លងកាត់អ៊ីរ៉ង់ ដើម្បីនាំចេញទំនិញទៅឥណ្ឌា និងអាស៊ី។ បើរបបនេះរលាយ ផ្លូវដង្ហើមសេដ្ឋកិច្ចថ្មីរបស់រុស្ស៊ីដែលប្រើសម្រាប់គេចពីទណ្ឌកម្មអឺរ៉ុប នឹងត្រូវកាត់ផ្ដាច់ភ្លាមៗ។
- បាត់បង់ទីផ្សារអាវុធ និងនុយក្លេអ៊ែរ៖ អ៊ីរ៉ង់គឺជាអតិថិជនធំម្នាក់នៃបច្ចេកវិទ្យាយោធា និងថាមពលនុយក្លេអ៊ែរស៊ីវិលរបស់រុស្ស៊ី។
២. សម្រាប់ចិន៖ ការបាត់បង់ «សន្តិសុខថាមពល និងយុទ្ធសាស្ត្រ BRI»
ចិនមើលឃើញអ៊ីរ៉ង់ជាសសរស្តម្ភមិនអាចខ្វះបានក្នុងយុទ្ធសាស្ត្រ «ខ្សែក្រវាត់ និងផ្លូវ» (BRI)៖
- សន្តិសុខថាមពល៖ អ៊ីរ៉ង់គឺជាប្រភពប្រេងដ៏មានស្ថិរភាពដែលចិនអាចទិញបានដោយមិនប្រើដុល្លារ។ បើអ៊ីរ៉ង់ប្តូររបប អាមេរិកនឹងក្តាប់ដង្ហើមថាមពលរបស់ចិនកាន់តែណែន ដែលអាចឱ្យអាមេរិក «បិទកុងតាក់» សេដ្ឋកិច្ចចិននៅពេលណាក៏បាន។
- យុទ្ធសាស្ត្រឡោមព័ទ្ធ (Malacca Dilemma)៖ ចិនព្យាយាមសាងសង់ផ្លូវគោក និងបំពង់ប្រេងកាត់តាមអ៊ីរ៉ង់ ដើម្បីជៀសវាងការឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា (ដែលអាមេរិកគ្រប់គ្រង)។ ការបាត់បង់អ៊ីរ៉ង់ គឺស្មើនឹងការបាត់បង់ជម្រើសយុទ្ធសាស្ត្រសម្រាប់រស់រានរបស់ចិន។
- ឥទ្ធិពលក្នុងពិភពឥស្លាម៖ អ៊ីរ៉ង់គឺជាច្រកទ្វារដែលចិនប្រើដើម្បីពង្រីកឥទ្ធិពលក្នុងតំបន់មជ្ឈិមបូព៌ា។ បើគ្មានអ៊ីរ៉ង់ ចិននឹងពិបាកតតាំងជាមួយអាមេរិកក្នុងតំបន់នេះណាស់។
៣. ការផ្លាស់ប្តូរទ្រង់ទ្រាយធំ៖ «ពិភពលោកប៉ូលទោល» ត្រឡប់មកវិញ
ប្រសិនបើរុស្ស៊ីនិងចិន មិនអាចរក្សារបបតេហេរ៉ង់បាន៖
- មហាអំណាចដុល្លារ៖ ប្រព័ន្ធហិរញ្ញវត្ថុដុល្លារ (Petrodollar) នឹងមានអំណាចកាន់តែខ្លាំងឡើងវិញ ព្រោះគ្មានរដ្ឋណាហ៊ានងើបឡើងប្រឆាំង ឬប្រើរូបិយប័ណ្ណផ្សេងជំនួសដុល្លារទៀតឡើយ។
- ការចុះខ្សោយនៃ BRICS៖ អ៊ីរ៉ង់គឺជាសមាជិកថ្មីដ៏សំខាន់របស់ BRICS។ ការដួលរលំនៃសមាជិកស្នូលមួយ នឹងក្លាយជាសារព្រមានដល់ប្រទេសដទៃទៀតឱ្យងាកមកចុះចូលជាមួយអាមេរិកវិញ៕


