អភិបាលខេត្តបាត់ដំបង សំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មីជាប់ជាស្ថាពរ ដើម្បីចូលហ្វឹកហ្វឺន
23-03-2026 14:20
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិនថ្មី នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន២៦នាក់ ដើម្បីចូលហ្វឹកហ្វឺន នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។ ពិធីនេះ ធ្វើឡើងនៅបរិវេណបញ្ជាដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានចាត់ទុកការហ្វឹកហាត់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កងទ័ព ក្នុងការក្រេបយកចំណេះជំនាញ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងបម្រើអង្គភាព។ លោកបានជំរុញឱ្យយោធិនទាំងអស់ ត្រូវខិតខំហ្វឹកហាត់ឱ្យបានចប់តាមកម្មវិធីរបស់សាលា ដើម្បីយកចំណេះជំនាញនោះមកបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត លើកឡើងពីវិបត្តិប្រេងឡើងថ្លៃ ដែលបញ្ហានេះ ពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដូចគ្នា មិនមែនមាននៅតែកម្ពុជានោះទេ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានខិតខំដោះស្រាយជាបន្តបន្ទាប់។
ស្ថិតក្នុងវិបត្តិប្រេងនេះ លោកអភិបាលខេត្ត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមកុំទិញប្រេងស្តុកទុកចៀសវាង បណ្តាលឱ្យមានហានិភ័យជាយថាហេតុកើតឡើង និងកុំបារម្ភពីការខ្វះខាតប្រេង ខណៈបច្ចុប្បន្នកម្ពុជា មានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃ។
ក្នុងនោះ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានស្មារតីស្នេហាជាតិរួមគ្នាជាធ្លុងមួយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចជាថ្នាក់ដឹកនាំតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។
លោកបានក្រើនរំលឹកដល់យោធិនថ្មី ត្រូវគោរពឱ្យបានដាច់ខាតនូវវិន័យរបស់សាលា បទបញ្ជារបស់កងកម្លាំង ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាល។
លោក សុខ លូ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងយោធិនទាំងអស់ត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងណែនាំឱ្យចេះរាយការណ៍ករណីគ្រឿងញៀន តាមកម្មវិធីទូរស័ព្ទដៃ App NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% រួមគ្នាកំចាត់បញ្ហាគ្រឿងញៀន ឱ្យអស់ពីសង្គម៕





























