ក្រសួងមហាផ្ទៃ និងស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រកួតកីឡាវាយកូនគោលបង្កើនការរិតចំណងសាមគ្គីភាព និងមិត្តភាព
22-03-2026 20:24
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃដឹកនាំដោយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភាគីនៃស្ថានទូតសាធារណរដ្ឋកូរ៉េដឹកនាំដោយ លោក គឹម ឆាំងយុង ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២៦នេះ បានរៀបចំការប្រកួតកីឡាវាយកូនគោលមិត្តភាពនៅលើទីលានកីឡាវាយកូនគោលឈុន អូន ហ្គោលរីហ្សត។
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងលើកឡើងថា តាមកម្មវិធីដែលបានគ្រោងទុក ការប្រកួតថ្ងៃនេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីកីឡាករកម្ពុជាចំនួន២១ រូប ដឹកនាំដោយលោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកីឡាករកូរ៉េចំនួន២១ រូប ដឹកនាំដោយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ដែលបានមកជួបជុំគ្នានៅលើទីលានតែមួយ ដើម្បីត្រៀមប្រកួតជាមួយគ្នាប្រកបដោយមិត្តភាព និងភាពរីករាយ។
នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់បន្ថែមទៀតថា កម្មវិធីប្រកួតកីឡាវាយកូនគោលមិត្តភាពរវាងក្រសួងមហាផ្ទៃនិងស្ថានទូតសាធារណរដ្ឋកូរ៉េដែលរៀបចំរួមគ្នាឡើងមកនេះ ជាការពិតណាស់ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ មិនត្រឹមតែជាការប្រកួតកីឡានោះទេ ក៏ប៉ុន្តែគឺជាសក្ខីភាពដែលបង្កាញអំពីការពង្រឹងចំណងមិត្តភាព ទំនាក់ទំនងការទូត និងការពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យយ៉ាងល្អប្រសើរ រវាងប្រទេសទាំងពីរ ទាំងបច្ចុប្បន្ននិងអនាគត។
ការប្រកួតកីឡាកូនគោលមិត្តភាពនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ហាញអំពីចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ រវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ ពង្រឹងចំណងមិត្តភាព ព្រមទាំងដើម្បីលើកកម្ពស់សុខភាពឱ្យកាន់តែល្អប្រសើរ និងជាការបណ្ដុះនូវស្មារតីរឹងមាំរបស់កីឡាករគ្រប់រូបផងដែរ។
លោកអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា យើងទាំងអស់គ្នាពិតជាបានដឹងហើយថា ទាំងក្នុងពេលអតីតកាល បច្ចុប្បន្ន និងក៏ដូចថ្ងៃអនាគត ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងអន្តរជាតិយ៉ាងល្អប្រសើរ លើគ្រប់វិស័យ ទាំងវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ មនុស្សធម៌ បច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស និងវិស័យផ្សេងទៀតជាច្រើន ជាពិសេសវិស័យសន្តិសុខដែលជាការងារស្នូលដ៏សំខាន់នៃស្ថិរភាពជាតិនិងសុខសុវត្ថិភាពរបស់ប្រជាជននៃប្រទេសទាំងពីរប្រកបដោយនិរន្តរភាពនិងចីរភាព។
លោកអភិសន្តិបណ្ឌិត មានជំនឿថាកម្មវិធីប្រកួតកីឡាវាយកូនគោលមិត្តភាពនៅថ្ងៃនេះ នឹងបង្កើនកិច្ចសហកាគ្នាកាន់តែល្អរឹងមាំលើគ្រប់វិស័យ ហើយការប្រកួតដ៏រីករាយនេះ នឹងក្លាយជាការចងចាំ និងអនុស្សាវរីយ៍ដ៏ល្អសម្រាប់មន្រ្តីនៃប្រទេសទាំងពីរពុំខានឡើយ៕


































