FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ពុំ ចន្ទីនី ជំរុញយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ឱ្យក្លាយជាកម្លាំងចលករក្នុង «សហគមន៍កសិកម្មទំនើប» នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

22-03-2026 20:19

(ពោធិ៍សាត់)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមដំណើរដោយ លោក ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងក្រុមប្រតិបត្តិសាខា អនុសាខាស្រុកភ្នំក្រវាញ បានចុះជួបសំណេះសំណាលផ្ទាល់ ជាមួយយុវជន និងអ្នកស្ម័គ្រចិត្ត ចំនួន៦០នាក់ នៅអនុវិទ្យាល័យប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ដើម្បីពង្រឹងសមត្ថភាពការងារមនុស្សធម៌ និងលើកកម្ពស់ជីវភាពគ្រួសារអតីតយោធិន តាមរយៈកសិកម្មបែបថ្មី។

ពិធីសំណេះសំណាលនេះ បានរៀបចំឡើង កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅអនុវិទ្យាល័យប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង។

មុនពិធីសំណេះសំណាល មន្ត្រីជំនាញបានរំលឹកមេរៀនស្តីពី «វិជ្ជាសង្គ្រោះបឋម» និងវិធីសាស្ត្ររៀបចំផែនការផ្សព្វផ្សាយដល់យុវជន ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះ និងអប់រំសុខភាពក្នុងសហគមន៍។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោកស្រីអគ្គលេខាធិការ បាននាំនូវព្រះរាជបណ្តាំផ្ញើសួសុខទុក្ខ ពីសំណាក់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា និងការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ និងបានកោតសរសើរ ចំពោះយុវជន និងអ្នកស្ម័គ្រចិត្ត ដែលកន្លងមកបានអនុវត្តយ៉ាងសកម្មនិងជាប្រចាំ ការងារមនុស្សធម៌របស់ខ្លួន ក្នុងការអប់រំផ្សព្វផ្សាយនៅសហគមន៍ ជាពិសេសផ្នែកកសិកម្មទំនើបនៅទីនេះ។

លោកស្រីអគ្គលេខាធិការបានបន្តថា«ការធ្វើកសិកម្មទំនើបនេះ យើងមិនមែនចេះធ្វើនោះទេ គឺមានការជួយជ្រោម ជ្រែងទាំងរកទន់ បច្ចេកទេស និងទីផ្សារ ជាពិសេសក្រសួងកសិកម្មយកដី ទៅពិសោធន៍ ដើម្បីធ្វើកសិកម្មប្រមូលផលបានខ្ពស់ថែមទៀតផង»។

វឌ្ឍនភាពសហគមន៍កសិកម្មទំនើបក្នុងតំបន់នេះ បច្ចុប្បន្នមានគ្រួសារអតីតយោធិនចំនួន ១៦៥គ្រួសារ បានចូលរួមក្នុងសហគមន៍កសិកម្មទំនើបលើផ្ទៃដី ២៥ហិកតា។ គម្រោងនេះកំពុងហុចផលជាបណ្តើរៗលើការដាំដុះម្ទេស បន្លែ និងការចិញ្ចឹមសត្វ (មាន់ ជ្រូកកណ្តុរ) ដោយមានការគាំទ្របច្ចេកទេស និងទីផ្សារពីក្រសួងកសិកម្ម។

លោកស្រី អគ្គលេខាធិការ មានប្រសាសន៍ បន្ថែមទៀតថា «បច្ចុប្បន្នភូមិ ប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង មានបងប្អូនប្រជាពលរដ្ឋមករស់នៅកាន់ច្រើនឡើងៗដូច្នេះ សូមយុវជននិងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា បន្តផ្សព្វផ្សាយ អំពីសារសុខភា ពជាពិសេស ជំរុញបងប្អូនយើងឱ្យចូលរួមធ្វើកសិកម្មទំនើប ដើម្បីទទួលបាននូវជីវភាពកាន់តែប្រសើរជាងមុន»

ក្នុងឱកាសនោះ លោកស្រីបានឧបត្ថម្ភ កៅអីជ័រចំនួន ៧០ ដល់ក្លឹបយុវជនកាកបាទក្រហមនៃអនុវិទ្យាល័យ និងផ្តល់អំណោយអនុស្សាវរីយ៍ដល់អ្នកចូលរួមទាំងអស់។ បន្ទាប់មក គណៈប្រតិភូបានចុះពិនិត្យផ្ទាល់ដល់ទីតាំងដាំដុះ និងចិញ្ចឹមសត្វ ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅជាក់ស្តែង និងលើកទឹកចិត្តដល់គ្រួសារអតីតយោធិនក្នុងតំបន់តំណាក់ទ្រយឹង៕