ក្រសួងបរិស្ថាន បន្តផ្តល់ធុងសំរាមជាង២ពាន់ធុង ដល់សាលារៀន វត្តអារាម មូលដ្ឋានសុខាភិបាល នៅទូទាំងខេត្តក្រចេះ
22-03-2026 19:27
(ក្រចេះ)៖ ដើម្បីជំរុញសកម្មភាពឆ្ពោះទៅកម្ពុជាមានភាពស្អាត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បន្តផ្តល់ធុងសំរាមសរុបរួមចំនួន ២,០៦០ធុង ដល់សាលារៀន វត្តអារាម មូលដ្ឋានសុខាភិបាល នៅទូទាំងខេត្តក្រចេះ។
ធុងសំរាមទាំងនេះត្រូវប្រគល់ជូនសាលារៀនចំនួន៤០២, វត្តអារាម ចំនួន ២០៧វត្ត និង មូលដ្ឋានសុខាភិបាល ៦១កន្លែង នៅទូទាំងខេត្តក្រចេះ។ ក្រសួងក៏បានផ្តល់ជូនធុងសំរាម ៥០ធុង ដើម្បីចូលរួម លើកកម្ពស់សោភ័ណភាព និងអនាម័យបរិស្ថានក្នុងពិធីបុណ្យទន្លេលើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៦ ខាងមុខនៅក្រុងក្រចេះ ខេត្តក្រចេះ។
ការផ្តល់ជូនធុងសំរាមនេះ ធ្វើឡើងក្នុងគោលបំណង សំខាន់ក្នុងអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានអាចមានកន្លែងទុកដាក់សំរាមបានត្រឹមត្រូវ ក្នុងធុងតាមសាលារៀន មណ្ឌលសុខភាព និងវត្តអារាមបាន។
ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណដល់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្តល់ធុងសំរាម ដើម្បីបែងចែកជូនសាលារៀន វត្តអារាម មន្ទីរពេទ្យនៅខេត្តក្រចេះ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន នៅក្នុងឆ្នាំ២០២៥កន្លងមកនេះ បានផ្តល់ធុងដាក់សំរាមសម្រាប់ញែកសំណល់ ជាពិសេសសំណល់ប្លាស្ទិក សរុប ១១,៧៦១ធុង ដល់សាលារៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងមណ្ឌលសុវត្ថិភាពជនភៀសសឹក។
ក្នុងនោះ ខេត្តចំនួន៦ ទទួលបានធុងទុកដាក់សំរាម ចំនួន ១០,១៣៤ធុង រួមមានខេត្តត្បូងឃ្មុំ ចំនួន ៣,៤០៥ធុង ពោធិ៍សាត់ចំនួន ២,៤៥៤ធុង ខេត្ត កែប ១៥០ធុង ខេត្តកំពតចំនួន ២,៣៥៨ធុង ខេត្តព្រះសីហនុចំនួន ៨២៨ធុង កោះកុងចំនួន ៩៣៩ធុង និងមណ្ឌល៕




