លោក ឈួរ សុបញ្ញា៖ វេទិកាបណ្តុះសីលធម៌ បង្ហាញពីការរួមគ្នាកសាងយុវជនមានគុណភាព
22-03-2026 19:25
(កំពង់ធំ)៖ នារសៀលថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២៦នេះ លោក ឈួរ សុបញ្ញា អនុប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ បានចូលរួមជាអធិបតីក្នុងវេទិកាបណ្តុះសីលធម៌សង្គមដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន សន្ទុក ចំនួនប្រមាណ ៤០០នាក់ ដែលរៀបចំឡើងដោយ ព្រះគ្រូ ផាន់ វ៉ាន់ណារ៉េត ព្រះចៅអធិការវត្តស្វាយកាល្ប ស្ថិតក្នុងឃុំស្វាយកាល្ប ស្រុកសន្ទុក ខេត្តកំពង់ធំ។
ពិធីនោះ ក៏មានការចូលរួមពីអាជ្ញាធរឃុំ កម្លាំងនគរបាល អនុប្រធានមន្ទីរធម្មការ និងសាសនា លោកគ្រូ អ្នកគ្រូ និងគណៈកម្មការវត្តជាច្រើនរូប។ វេទិកានេះមានគោលបំណងសំខាន់ក្នុងការលើកកម្ពស់សីលធម៌ បណ្តុះមនសិការយុវជន និងពង្រឹងការយល់ដឹងសង្គម ដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋល្អ មានវិន័យ និងមានទិសដៅជីវិតច្បាស់លាស់។
ក្នុងឱកាសនោះលោកមេឃុំស្វាយកាល្ប បានលើកឡើងថា គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព គឺមិនអាចអនុវត្តឱ្យមានប្រសិទ្ធភាពបានទេ ប្រសិនបើខ្វះការចូលរួមពីយុវជន។ យុវជន គឺជាកម្លាំងស្នូលដែលអាចជួយទប់ស្កាត់ និងកាត់បន្ថយអំពើអវិជ្ជមានក្នុងសហគមន៍ ដូចជាអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងអំពើល្មើសផ្សេងៗ។
លោកមេឃុំ បានជំរុញឱ្យសិស្សានុសិស្សត្រូវគោរពច្បាប់ មានវិន័យក្នុងជីវិតប្រចាំថ្ងៃ និងចូលរួមសកម្មក្នុងសកម្មភាពសហគមន៍ ដើម្បីក្លាយជាគំរូល្អសម្រាប់អ្នកដទៃ។ លោក ក៏បានបញ្ជាក់ថា ការកសាងសង្គមសុវត្ថិភាព គឺចាប់ផ្តើមពីមនុស្សម្នាក់ៗ ហើយយុវជនត្រូវយល់ថា ខ្លួនមានតួនាទីក្នុងការពារសុខសន្តិភាពសង្គម។
ព្រះគ្រូ ផាន់ វ៉ាន់ណារ៉េត បានមានថេរដីកាបញ្ជាក់ផងថា សាសនាព្រះពុទ្ធជាគ្រឹះដ៏សំខាន់ក្នុងការបណ្តុះសីលធម៌ និងបង្កើតមនុស្សល្អ។ ព្រះអង្គបានលើកឡើងថា មនុស្សម្នាក់អាចមានចំណេះដឹងខ្ពស់ ប៉ុន្តែបើគ្មានសីលធម៌ នោះចំណេះនោះអាចនាំឱ្យបង្កបញ្ហាដល់សង្គមបាន។
ព្រះអង្គបានណែនាំឱ្យយុវជនយកព្រះធម៌មកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ដូចជា ការមានមេត្តាចិត្ត ការគោរពគ្នាទៅវិញទៅមក និងការរស់នៅដោយសុចរិត។ ព្រះអង្គបានបញ្ជាក់ថា ការអប់រំសីលធម៌ គឺជាការបណ្តុះ «ចិត្ត» មុនបណ្តុះ «ចំណេះ» ហើយនេះជាគន្លងដ៏សំខាន់ក្នុងការកសាងសង្គមដែលមានសុខសាន្ត និងសុភមង្គល។
លោកអនុប្រធានប៉ុស្តិ៍នគរបាល បានពន្យល់អំពីបញ្ហាគ្រឿងញៀន ដែលកំពុងជាបញ្ហាប្រឈមធ្ងន់ធ្ងរនៅក្នុងសង្គមជាពិសេសក្នុងចំណោមយុវជន។ លោកបានបញ្ជាក់ថា គ្រឿងញៀនមិនត្រឹមតែបំផ្លាញសុខភាព និងជីវិតបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញគ្រួសារ និងបង្កអសន្តិសុខក្នុងសង្គមផងដែរ។
លោកបានអំពាវនាវឱ្យសិស្សានុសិស្សមានការយល់ដឹងច្បាស់អំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងត្រូវមានភាពក្លាហានក្នុងការបដិសេធ។ ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឱ្យយុវជនចូលរួមជាមួយអាជ្ញាធរ ក្នុងការផ្តល់ព័ត៌មាន និងការពារសហគមន៍ពីបញ្ហាគ្រឿងញៀន ដើម្បីធានាបាននូវសង្គមមានសុវត្ថិភាព។
លោកអនុប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ធំ បានលើកឡើងពន្យល់ក្មូយៗថា សិស្សម្នាក់មិនអាចវាស់តម្លៃត្រឹមតែការសិក្សាបានល្អប៉ុណ្ណោះទេ ប៉ុន្តែត្រូវវាស់តាមការប្រព្រឹត្តរបស់ខ្លួនក្នុង សាលារៀន គ្រួសារ និងសង្គម។ លោកបានជំរុញឱ្យសិស្សគោរពគ្រូ បិតាមាតា មានវិន័យ សុចរិត និងចេះជួយគ្នាទៅវិញទៅមក។ លោកបានបញ្ជាក់ថា សិស្សដែលមានចំណេះ និងមានគុណធម៌ នឹងក្លាយជាពលរដ្ឋល្អ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
លោក ទូច ម៉ៃ ក្នុងនាមជាអ្នកជំនាញក៏បានបញ្ជាក់ថា ព្រះត្រៃបិតក គឺជាឃ្លាំងនៃព្រះធម៌ ដែលអាចយកមកជាមូលដ្ឋានក្នុងការដឹកនាំជីវិតមនុស្សឱ្យមានទិសដៅត្រឹមត្រូវ។ ព្រះធម៌មិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជួយបណ្តុះចិត្តឱ្យមានសេចក្តីល្អ និងជៀសវាងអំពើអាក្រក់។ លោកបានលើកឡើងថា យុវជនគួរតែសិក្សា និងយកព្រះធម៌មកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ដើម្បីបង្កើតជីវិតដែលមានតម្លៃ និងអាចទទួលបានទាំងចំណេះ និងគុណធម៌។ ព្រះត្រៃបិតក គឺជាមូលដ្ឋាននៃការអភិវឌ្ឍខ្លួនឯង និងជាគន្លងនាំទៅរកជីវិតប្រសើរ។
ក្នុងឱកាសបិទកម្មវិធី ឈួរ សុបញ្ញា បានលើកឡើងថា ការអភិវឌ្ឍយុវជនត្រូវចាប់ផ្តើមពីការសិក្សាដែលមានគុណភាព តាមគោលការណ៍ សុ ចិ បុ លិ (ស្តាប់ គិត សួរ សរសេរ) ដែលជាគន្លងបង្កើតចំណេះដឹង បំនិនជីវិត និងមនសិការជាតិ។ យុវជនដែលមានទាំងចំណេះដឹង និងសីលធម៌ គឺជាគ្រឹះដ៏រឹងមាំសម្រាប់អនាគតជាតិ។ ការលើកកម្ពស់ មនសិការជាតិ មិនមែនកើតឡើងដោយការបង្រៀនតែទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការបណ្តុះគំនិត និងវិធីសិក្សាដែលត្រឹមត្រូវ។ ក្នុងនោះ អង្គនៃការសិក្សា សុ ចិ បុ លិ (ស្តាប់ គិត សួរ សរសេរ) គឺជាគន្លងដ៏សំខាន់ក្នុងការបង្កើតមនុស្សមានបញ្ញា និងមានមនសិការទទួលខុសត្រូវចំពោះជាតិ។
១. «សុ» (ស្តាប់) មិនមែនគ្រាន់តែស្តាប់ឱ្យឮទេ ប៉ុន្តែត្រូវស្តាប់ដោយយល់ និងស្តាប់ដោយគោរព។
២. «ចិ» (គិត) គឺជាការវិភាគនិងពិចារណាអំពីអ្វីដែលបានស្តាប់ ដើម្បីបំបែកចេញពីការស្ទាក់ស្ទើរ និងការតាមគេដោយគ្មានការយល់ដឹង។
៣. «បុ» (សួរ) ជាការបើកចិត្តស្វែងរកចំណេះដឹងថ្មីៗ ដោយមិនខ្លាចសំណួរ និងមិនខ្លាចកំហុស។
៤. «លិ» (សរសេរ) គឺជាការបង្ហាញចេញនូវគំនិត និងការយល់ដឹង ដែលជាគន្លងធ្វើឱ្យចំណេះដឹងកាន់តែច្បាស់លាស់ និងមានតម្លៃ។
លោក ឈួរ សុបញ្ញា ក៏បានបញ្ជាក់ថា យុវជនដែលអនុវត្តបានល្អតាមគោលការណ៍នេះ នឹងក្លាយជាមនុស្សដែលគិតដោយខ្លួនឯង ធ្វើដោយការទទួលខុសត្រូវ និងមានមនសិការចំពោះសង្គម និងជាតិ។ ជាមួយគ្នានេះ លោក សុបញ្ញា ក៏បានផ្តល់អនុសាសន៍ដល់សិស្សានុសិស្ស ដើម្បីអនុវត្តក្នុងជីវិតប្រចាំថ្ងៃដូចខាងក្រោម៖
១. ត្រូវស្គាល់តម្លៃខ្លួនឯង និងកំណត់គោលដៅជីវិតឱ្យច្បាស់ មិនរស់ដោយគ្មានទិសដៅ។
២. ត្រូវខិតខំរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ ដោយមិនពឹងផ្អែកលើអ្នកដទៃ។
៣. ត្រូវរក្សាវិន័យ សីលធម៌ និងភាពស្មោះត្រង់ ជាគ្រឹះនៃជីវិត។
៤. ត្រូវជៀសវាងអំពើអវិជ្ជមានគ្រប់ប្រភេទ ពិសេសគ្រឿងញៀន អំពើហិង្សា និងអបាយមុខផ្សេងៗ។
៥. ត្រូវបង្កើនស្មារតីស្រឡាញ់ជាតិ និងចូលរួមទទួលខុសត្រូវក្នុងសង្គម ចាប់ពីការងារតូចៗជុំវិញខ្លួន។
៦. ត្រូវប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញសង្គមឱ្យមានសីលធម៌ និងប្រយោជន៍ មិនឱ្យប៉ះពាល់ដល់ខ្លួន និងសង្គម៕

















