រដ្ឋមន្រ្តី ឈាង រ៉ា៖ «សុខាភិបាល និងវីរកងទ័ពនៅរួមសុខរួមទុក្ខជាមួយគ្នា»
22-03-2026 16:21
(បន្ទាយមានជ័យ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងទៅកាន់នាយទាហាន នាយទាហានរង ពលទាហានថា «ទោះក្នុងកាលៈទេសៈណាក៏ដោយក៏សុខាភិបាលយើងនៅជាមួយវីរកងទ័ពនៅរួមសុខរួមទុក្ខជាមួយគ្នា»។
ថ្លែងក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន និងការសម្ពោធផ្ទះបាយរួម នៃទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ជាអំណោយដ៏ថ្លៃថ្លារបស់ដៃគូសម្ព័ន្ធមេត្រីភាព ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល-រីសត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដោយស្មោះ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់កម្លាំងកាយចិត្ត និងធ្វើពលិកម្មគ្រប់បែបយ៉ាង ឈរជើងការពារខ្សែក្រវាត់ព្រំដែនយ៉ាងអង់អាចក្លាហាន ជាពិសេសក្នុងស្ថានភាពដ៏តានតឹងនាពេលកន្លងមក អំពីការឈ្លានពានពីកងទ័ពថៃ និងនៅបន្តការពារជាតិមាតុភូមិយ៉ាងសកម្ម។
លោកសាស្ត្រាចារ្យបានថ្លែងទៀតថា «បងប្អូនកងទ័ព គឺជាកម្លាំងការពារដ៏រឹងមាំសម្រាប់ថែរក្សាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ វីរភាពរបស់បងប្អូនក្នុងគ្រានេះ គឺជាគំរូដ៏ប្រពៃសម្រាប់ប្រជាជាតិទាំងមូល និងជាទីមោទនភាពក្រៃលែងសម្រាប់យើងទាំងអស់គ្នា»។
ឆ្លៀតក្នុងឱកាសនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកសុខាភិបាល គ្រប់លំដាប់ថ្នាក់ បានត្រៀមលក្ខណៈរួចជាស្រេចទាំងយប់ទាំងថ្ងៃ និងរួមដៃគ្នាយ៉ាងស្អិតរមួត ប្រកៀកស្មាគ្នាជាមួយកងកម្លាំងប្រដាប់អាវុធ ។ ការលះបង់ពេលវេលា និងកម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យយើង គឺជាការបង្ហាញយ៉ាងច្បាស់នូវស្មារតី «សមរភូមិក្រោយជួយទំនុកបម្រុងសមរភូមិមុខ» យ៉ាងពិតប្រាកដ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការសម្ពោធប្រើប្រាស់ផ្ទះបាយរួមថ្មីនេះឡើង ដើម្បីធានាបាននូវការផ្គត់ផ្គង់របបអាហារដែលមានអនាម័យ និងសុវត្ថិភាព ដែលជាកត្តាចម្បងក្នុងការរក្សាកាយសម្បទារបស់យុទ្ធជន ព្រមទាំងជួយកាត់បន្ថយហានិភ័យនៃជំងឺឆ្លងតាមរយៈចំណីអាហារ និងជួយសម្រួលដល់ភស្តុភារកងទ័ព។ បន្ថែមពីនេះ បងប្អូនកងទ័ពទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនុវត្តរបបអាហារ «តិចអំបិល តិចខ្លាញ់ តិចស្ករ» ជៀសវាងគ្រឿងស្រវឹង និងថ្នាំជក់ ព្រមទាំងរក្សាអនាម័យរស់នៅស្អាត សម្រាន្តក្នុងមុងជាប់ជានិច្ច ដើម្បីបង្ការជំងឺឆ្លងចម្បងៗដូចជា ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងការពុលចំណីអាហារផ្សេងៗ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ខាងមុខនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរជូន ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារទាំងអស់ សូមទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច ។
សូមជម្រាបថាក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី មេបញ្ជាការរងយោធភូមិភាគទី៥ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ និងថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ អង្គភាពនៃក្រសួងសុខាភិបាល មន្ទីរសុខាភិបាល សាលាភូមិភាគ និងក្រុមហ៊ុនសុខាអូតែល-រីសត។
សូមគូសរំលេចថាក្នុងឱកាសនេះដែរ ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល-រីសត បាននាំយកអំណោយ រួមមាន៖ ឱសថ សម្ភារៈបរិក្ខារពេទ្យ គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា សម្រាប់ឧបត្ថម្ភជូនដល់ទីបញ្ជាការកងពលតូចលេខ៥១ វីរកងទ័ព និងគ្រួសារកងទ័ព ដែលសរុបជាទឹកប្រាក់ប្រមាណជាង ២១៣ លានរៀល។ លើសពីនេះ ផ្តល់ថវិកាបន្ថែមចំនួន ៣៣ ៥០០ ដុល្លារអាមេរិក សម្រាប់រៀបចំធ្វើលេណដ្ឋានជម្រក និងលេណដ្ឋានដាក់គ្រាប់ ដើម្បីពង្រឹងកិច្ចការពារសុវត្ថិភាព និងបង្កើនសមត្ថភាពប្រយុទ្ធនៅតាមបណ្តោយព្រំដែន៕







































