FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងត្បូង៖ ពលករ និងសហគមន៍ខ្មែរ ៥ពាន់នាក់ បានចូលរួមគាំទ្រមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ និងការសម្តែងសិល្បៈដែលសហការរៀបចំដោយក្រសួងការងារ និងវិស័យឯកជន

22-03-2026 15:58

(សាធារណរដ្ឋកូរ៉េ)៖ ពលករ និងសហគមន៍ខ្មែរនៅប្រទេសកូរ៉េខាងត្បូង៥០០០នាក់ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ បានចូលរួមគាំទ្រក្នុងមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ និងការសម្តែងសិល្បៈដែលសហការរៀបចំដោយក្រសួងការងារ និងវិស័យឯកជនដើម្បផ្តល់ការសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជិតមកដល់។

នៅក្នុងមហាព្រឹត្តិការណ៍នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់តាំង លោក សេង សក្តា រដ្ឋលេខាធិការ ចូលរួមជាអធិបតីក្នុងមហាព្រឹត្តិការណ៍ការប្រដាល់គុនខ្មែរ និងការសម្តែងសិល្បៈ នៅសាលមហោស្រព SINTEX តំបន់ហ្វាសុង សាធារណរដ្ឋកូរ៉េ ដោយមានការអញ្ជើញចូលរួមពី លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយមរតកក្បាច់គុនបុរាណខ្មែរទៅកាន់ឆាកអន្តរជាតិ ក៏ដូចជាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី សប្តស័ក ព.ស.២៥៦៩ ខាងមុខនេះ។ ទន្ទឹមនឹងនេះ កម្មវិធីក៏មានរៀបចំវេទិកាសប្បុរសធម៌ក្នុងការកៀរគរជំនួយឧបត្ថម្ភជូនដល់បងប្អូនជនភៀសសឹកដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានផងដែរ។

ក្នុងឱកាសសំណេះសំណាលដ៏មានអត្ថន័យនោះ លោករដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនពលករ និងសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េទាំងអស់ផងដែរ។ ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានស្នើឱ្យបងប្អូនទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងធ្វើការ និងត្រូវប្រកាន់ខ្ជាប់នូវការគោរពច្បាប់ ក៏ដូចជាវប្បធម៌រស់នៅរបស់ប្រទេសកូរ៉េ ឱ្យបានល្អប្រសើរ ដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ។

លើសពីនេះ លោកក៏បានណែនាំបងប្អូនឱ្យចេះចាប់យកប្រយោជន៍ជាអតិបរមាពីបទពិសោធនៃការស្នាក់នៅ និងធ្វើការនៅទីនេះ ដើម្បីក្រេបជញ្ជក់យកចំណេះដឹងបច្ចេកវិទ្យាទំនើបៗ និងបទពិសោធការងារល្អៗ ទៅចូលរួមអភិវឌ្ឍប្រទេសជាតិនៅពេលត្រឡប់មកវិញ។ លោកបានសង្កត់ធ្ងន់ថា រាល់ចំណេះជំនាញ និងទម្លាប់ការងារល្អៗទាំងនេះ នឹងក្លាយជា «ទុនវិនិយោគផ្នែកបញ្ញា» ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់យកទៅអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ក៏ដូចជាចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញសន្ទុះនៃការអភិវឌ្ឍសង្គមជាតិកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងរឹងមាំបន្ថែមទៀត៕