FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ មេបញ្ជាការកងកម្មង់ដូឆ័ត្រយោងទី២ នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក

22-03-2026 11:36

(ភ្នំពេញ)៖ លោក ឆាយ វីរៈ និងលោក ឯក ឃុនដឿន អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី២២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ មេបញ្ជាការកងកម្មង់ដូឆ័ត្រយោងទី២ នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ ក្នុងពេលដែលលោកកំពុងឈរជើងការពារទឹកដីពីខ្មាំងសត្រូវយោធាសៀមឈ្លានពាននៅតំបន់ ជាំស្រង៉ាំ។

សពលោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ ត្រូវបានតំកល់ធ្វើបុណ្យតាមប្រពៃណីជាតិ នៅវត្តតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនោះ លោក ឆាយ វីរៈ និងលោក ឯក ឃុនដឿន អភិបាលរងរាជធានី បាននាំយកថវិកាចំនួន១០លានរៀល និងអង្ករ៥០០គីឡូក្រាម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពលោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ ទៀតផង។

លោក ឃួង ស្រេង អភិបាលរាជធានី ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ មានសេចក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមក្រំជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ដោយបានទទួលដំណឹងថា លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ ដែល បានទទួលមរណៈភាព កាលពីថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ គឺជាការបាត់បង់ដ៏ធំធេងនូវស្វាមី ឪពុកបង្កើត ឪពុកក្មេក បងប្រុស ជីតា និងញាតិមិត្តនៃក្រុមគ្រួសារ ប្រកបទៅដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់ នូវឥស្សរជនកងទ័ពជួរមុខស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលមានគុណូបការៈដ៏ធំធេង ក្នុងការវាយប្រយុទ្ធនៅលើ សមរភូមិពីខ្មាំងសត្រូវសៀមឈ្លានពាន ដើម្បីការពារជាតិមាតុភូមិជាទីស្នេហា។

គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងថា«វីរភាពដ៏អង់អាចក្លាហាន និងពលិកម្ម ដ៏ធំធេងរបស់លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ គឺជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលយើងខ្ញុំទាំងអស់គ្នា រួមទាំងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន សូមកត់ត្រា និងចងចាំទុកនូវគុណូបការៈដ៏ធំធេងនេះ។ ស្ថិតក្នុងក្តីវិយោគដ៏សែនសោកសង្រេងនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដោយសេចក្តីសង្វេគ ជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ សូមបានចាប់បដិសន្ធិ ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»។

គួរបញ្ជាក់ថា លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ មានកូន៤នាក់ ដោយ២នាក់ បានរៀបអាពាហ៍ពិពាហ៍រួចរាល់ និង២នាក់ទៀតនៅរៀនឡើយ។ លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ ជាឥស្សរជនកងទ័ពជួរមុខស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលបានវាយប្រយុទ្ធនៅលើសមរភូមិពីខ្មាំងសត្រូវសៀមឈ្លានពាន នៅតំបន់ជាំស្រង៉ាំ ហើយបានកើតជម្ងឺគាំងបេះដូង នៅឯព្រំដែននោះ ត្រូវបានជួយសង្គ្រោះ ដោយដឹកបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត ហើយបានបាត់បង់ជីវិត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ៕